ភ្នំពេញៈរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៣ ខែកក្កដា ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ(អ.ស.ប) រួមមានសិទ្ធិស្វ័យសម្រេចអធិបតេយ្យ បូរណភាពទឹកដី និងមិនគាំទ្រការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងឬការប្រើប្រាស់កម្លាំង។
ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី នៅទីក្រុងហ្សាការតា(Jakarta) ប្រទេសឥណ្ឌូនេស៊ី។ លោកSergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។
ភាគីទាំង២បានរំឭកឡើងវិញពីសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាននិងប្រមុខរដ្ឋរុស្ស៊ីស្តីពីភាពជាដៃគូរីកចម្រើន និងគ្រប់ជ្រុងជ្រោយដែលបានអនុម័តក្នុងឆ្នាំ២០០៥ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៣ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដែលបានអនុម័តក្នុងឆ្នាំ ២០១៨ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ស្តីពីការកសាងតំបន់សន្តិភាព ស្ថិរភាព និងនិរន្តរភាពដែលបានអនុម័តនៅឆ្នាំ២០២១ ដែលបានដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនានៅឯអ.ស.ប. និងទីភ្នាក់ងារឯកទេសនានារបស់អ.ស.ប. ក្នុងគោលបំណងរក្សាគោលការណ៍ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអ.ស.ប.។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «យើងសូមឯកភាពធានានូវសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ និងពាណិជ្ជកម្មគ្មានការរារាំង និងជំរុញភាពអត់ធ្មត់ ការមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអ.ស.ប.អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងបទដ្ឋានពាក់ព័ន្ធនិងការអនុវត្តអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងលិខិតូបករណ៍ និងអនុសញ្ញាពាក់ព័ន្ធរបស់អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ(IMO)»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ីបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃគោលបំណង និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអ.ស.ប. ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីគោលការណ៍សម្រាប់ទំនាក់ទំនងផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជា គោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «យើងសូមទទួលស្គាល់នូវសារៈសំខាន់នៃមជ្ឈភាព និងឯកភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្អែកលើយន្តការដឹកនាំដោយអាស៊ាន ដែលមានអាស៊ានជាកម្លាំងជំរុញ និងផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍បើកចំហ តម្លាភាព បរិយាប័ន្ន ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី សមភាព ទំនុកចិត្ត និងផលប្រយោជន៍ទៅវិញទៅមក»។
ភាគីទាំង២បានបញ្ជាក់អំពីសារៈសំខាន់នៃផ្នែកនៃកិច្ចសហប្រតិបត្តិការក្រោមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលមានគោលបំណងដើម្បីណែនាំកិច្ចសហប្រតិបត្តិការរបស់អាស៊ាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា បង្កើតសម្ទុះសម្រាប់កិច្ចសហប្រតិបត្តិការការឈ្នះ-ឈ្នះ និងពង្រឹងយន្តការដែលមានស្រាប់ដែលដឹកនាំដោយអាស៊ាន ដោយមិនបង្កើតយន្តការថ្មី ឬជំនួសយន្តការដែលមានស្រាប់។
សេចក្តីថ្លែងការណ៍រួមនេះបន្តថា៖ «យើងបានពិនិត្យឡើងវិញពីសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ីដែលបានធ្វើឡើងក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយបានកត់សម្គាល់ពីការរួមចំណែកយ៉ាងសំខាន់នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ីចំពោះសមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ានដោយឈរលើសសរស្តម្ភទាំង៣ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធការប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិរវាងអាស៊ាននិងរុស្ស៊ីនេះហាក់ដូចជាបញ្ច្រាសពីតថភាពជាក់ស្ដែង ពីព្រោះករណីដែលរុស្ស៊ីវាយប្រហារលុកលុយនៅប្រទេសអ៊ុយក្រែនគឺបានបំពានច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.ប.និងបានរំលោភដែនអធិបតេយ្យរបស់អ៊ុយក្រែន។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៣ ខែកក្កដា ថា៖ «អ៊ីចឹងខ្ញុំវាយតម្លៃថា សេចក្តីថ្លែងការណ៍រួមនេះគឺហាក់ដូចជាបញ្ច្រាសពីការពិតនៅចំណុចនេះ។អ៊ីចឹងខ្ញុំអាចនិយាយបានត្រឹមតែប៉ុណ្ណឹង ហើយមិនដឹងថា តើថ្នាក់ដឹកនាំអាស៊ានមើលឃើញយ៉ាងដូចម្តេចទេនូវចំណុចនេះហើយចេញសេចក្តីថ្លែងការណ៍រួមបែបនេះ»៕