លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវជាថ្មីដល់បងប្អូនជនរួមជាតិ អញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលខ្លួនស្រឡាញ់ពេញចិត្ត។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា៖«សូមបងប្អូនបោះជូនគណបក្សណា ដែលបងប្អូនជឿជាក់ថា ពិតជាគណបក្សដែលដឹកនាំ ធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត»។
ក្នុងថ្ងៃដំណាលគ្នានេះដែរ សម្ព័ន្ធសហជីពជាតិ (NTUC) ក៏បានចេញលិខិតអំពាវនាវដល់បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ បានគ្រប់ៗគ្នាផងដែរ។
សម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិតយើង បានឈប់សម្រាកដើម្បីទៅបោះឆ្នោតចំនួន ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតយើងនៅដដែល។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់តាមរយៈលិខិតអំពាវនាវនេះដែរថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូន កម្មករ និយោជិត ឆ្នាំ២០២៤ ខាងមុខនេះ និងដើម្បីកែប្រែអនាគតរបស់យើង និងប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ តាមរយៈការបោះឆ្នោតនេះហើយ»។
លោកបានបន្តថា៖«គណបក្សនយោបាយចូលរួម មានចំនួន ១៨ ដែលមានក្នុងបញ្ជីបោះឆ្នោត ដូចនេះ សូមបងប្អូនទាំងអស់ សូមជ្រើសរើស និងគូសយកបានតែមួយគត់ ក្នុងចំណោម ១៨ គណបក្សឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយវត្តមាននៃការចូលរួមបោះឆ្នោតរបស់បងប្អូន គឺបានឆ្លុះបញ្ចាំង ពីមនសិការ ស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និងកិត្យានុភាពជាតិ»។
លើសពីនេះទៀត សម្ព័ន្ធសហជីពជាតិ ក៏បានបង្ហាញការជឿជាក់ថា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានជូនដំណឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧៖០០ ព្រឹក រហូតដល់ម៉ោង ៣៖០០ រសៀល។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)៕