ភ្នំពេញៈ កម្ពុជា និងអាស៊ាន ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងលើការអភិវឌ្ឍទីក្រុងឆ្លាតប្រកបដោយនិរន្តរភាពដែលការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) នៅខេត្តបាលី ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ១២ ខែកក្កដា ដែលក្រសួងមហាផ្ទៃឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះ។
តំណាងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានទូទាំងតំបន់បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំនេះ។ សម្រាប់ភាគីកម្ពុជា លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ជាតិនៃបណ្ដាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានអាស៊ាននាថ្ងៃទី ១២ ខែកក្កដា បានឱ្យដឹងថា៖ «បណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) [នឹង] បង្កើនកិច្ចខិតខំប្រឹងប្រែងលើការលើកកម្ពស់ទីក្រុងឆ្លាតដែលមាននិរន្តរភាព»។
លោក Muhammad Tito Karnavian រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌូនេស៊ីបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះថា រដ្ឋាភិបាលត្រូវបន្តជំរុញការអនុវត្តទីក្រុងឆ្លាតតាមរយៈការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនគរូបនីយកម្ម ការអភិវឌ្ឍដែលអាចជួបបញ្ហាប្រឈម និងឧបសគ្គផ្សេងៗស្របតាមសក្ដានុពលនៃការផ្លាស់ប្តូរជាសកល និងការកសាងសមត្ថភាពដែលមានអាចសម្របខ្លួនក្នុងភាពស្មុគស្មាញ និងបដិវត្តន៍ឧស្សាហកម្ម។
ថ្លែងក្នុងកិច្ចប្រជុំនេះតាមរយៈវីដេអូដែលបានថតទុក លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍទីក្រុងឆ្លាតប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ឯកឧត្តមបណ្ឌិត [កៅ គឹមហួន] បានលើកឡើងពីចំណុចសំខាន់ៗចំនួន ៣ ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់អាស៊ាន ក្នុងការលើកកម្ពស់ទីក្រុងឆ្លាត និងមាននិរន្តរភាព រួមមាន ការរៀនសូត្រ និងការចែករំលែកចំណេះដឹងរវាងទីក្រុង និងរដ្ឋាភិបាលថ្នាក់ជាតិ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការ និងការគ្រប់គ្រងទីក្រុងផ្អែកលើភ័ស្តុតាង ដើម្បីសម្រេចបានបរិយាកាសទីក្រុងដែលអាចរស់នៅបានជាងមុននៅក្នុងតំបន់អាស៊ាន និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជននិងប្រជាជនបន្ថែមទៀត ដើម្បីចាប់យកឱកាសទីក្រុងឆ្លាត។
លោក Safrizal ZA អគ្គនាយករដ្ឋបាលតំបន់នៃក្រសួងមហាផ្ទៃឥណ្ឌូនេស៊ីដែលធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ បានថ្លែងថា ការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូខាងក្រៅអាចរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង និងជោគជ័យនៃកម្មវិធីដ៏មានសក្តានុពលនានានាពេលអនាគត។
លោកថ្លែងថា៖ «កិច្ចសហការនៅក្នុងបណ្តាញ ASCN អាចដោះស្រាយបញ្ហាប្រឈមធំៗដែលទីក្រុងរបស់យើងជួបប្រទះ និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព»។
អ្នកចូលរួមក្នុងកិច្ចប្រជុំនេះបានពិភាក្សាអំពីការអនុវត្តគម្រោងទីក្រុងឆ្លាតរបស់បណ្តាញ ASCN ការអភិវឌ្ឍកម្មវិធីវិនិយោគទីក្រុងឆ្លាតអាស៊ាន និងការពង្រីកសមាជិករបស់បណ្តាញ ASCN។
តំណាងមកពីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េខាងត្បូង និងសាកលវិទ្យាល័យជាតិសេអ៊ូល បានចូលរួមកិច្ចប្រជុំនេះដើម្បីផ្លាស់ប្តូរទស្សនៈអំពីវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានភាពជាដៃគូថ្មី។
កាលពីថ្ងៃទី ២៦ ខែមិថុនា លោក ងី ច័ន្ទផល បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃ ASCN នេះ។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតរបស់កម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត ជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូដើម្បីស្វែងរកធាតុចូលត្រៀមលក្ខណៈសម្រាប់ចូលរួមកិច្ចប្រជុំ ASCN នេះ។
កាលពីឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាតដែលមានសមាសភាពមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៩ ហើយបានកំណត់យករាជធានី ខេត្តគោលដៅចំនួន ៣ ដើម្បីចូលរួមក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ASCN រួមមាន រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង៕