ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១០ ៩០០ មកពីរោងចក្រចំនួន ២៩ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី ៣ និងលើកទី ៤ ជូនបងប្អូនកម្មករនិយោជិត ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ដែរថា ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ជាង ១ ម៉ឺននាក់នេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ។ ក្នុងនោះចំនួន ថវិកាចំនួន ៨១ ០០០ រៀល (២០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ដល់ ១៤ ថ្ងៃ និងថវិកាចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។
បើតាមក្រសួងការងារ៖ «កម្មករនិយោជិតជាង ១ ម៉ឺននាក់ មកពីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ ស្តីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិត ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល»។
ក្រសួងក៏បានរំឭកដែរថា ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារ។ ហេតុនេះ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។
ក្នុងករណីបងប្អូនកម្មករ-និយោជិត ដែលបម្រើការងារនៅរោងចក្រទាំង ២៩ នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារវីង នោះទេ ក្រសួងសូមស្នើឱ្យបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្ររបស់ខ្លួន ខណៈក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ។ ជាថ្មីម្តងទៀត ក្រសួងការងារ ក៏បានប្រកាសសូមឱ្យកម្មករនិយោជិតជ្រាបជាព័ត៌មាន និងសូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះនៅតាមភ្នាក់ងារវីងនានាដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែកក្កដានេះថា ការព្យួរការងារនៅតាមបណ្តារោងចក្រនាពេលបច្ចុប្បន្ន គឺមានចំនួនច្រើនជាងការប្រកាសរបស់ក្រសួងទៅទៀត ព្រោះមានក្រុមហ៊ុនខ្លះគេចវេះមិនបានផ្តល់ព័ត៌មានមកកាន់ក្រសួងពីបញ្ហាព្យួរការងារនៅកន្លែងរបស់ខ្លួននោះឡើយ។ លោកក៏បានសំណូមពរឱ្យក្រុមអធិការកិច្ចចុះពិនិត្យនៅតាមក្រុមហ៊ុន រោងចក្រ ដែលមិនព្រមបញ្ជូនរបាយការណ៍មកកាន់ក្រសួង ឬចង់គេចវេះការបង់ប្រាក់ឧបត្ថម្ភដល់កម្មករ។
លោកថ្លែងថា៖ «ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនេះ គឺមានរយៈពេលខ្លីប៉ុណ្ណោះ ហេតុនេះអ្វីដែលខ្ញុំចង់ឃើញ គឺរដ្ឋគួររិះរកវិធីបង្កើតការងារ ឬការវិនិយោគឱ្យបានច្រើន ឬការរក្សា និងកិច្ចព្រមព្រៀងនានា ដើម្បីជំរុញ និងបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យបានច្រើន ដើម្បីធានានិរន្តរភាពការងារដល់ពួកគាត់»។
លោកក៏សុំឱ្យរដ្ឋាភិបាល គិតគូរប្រាក់ឧបត្ថម្ភដល់កម្មករដែលស្ថិតក្នុងវិស័យផ្សេងទៀត៕