“វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨” ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា-បារាំង សម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ ព្រមទាំងភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។
នាពិធីនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការសម្ពោធ “វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨” គឺចំថ្ងៃនៃបុណ្យជាតិរបស់ប្រទេសបារាំង ដែលនេះគឺរឿងដ៏សាទរមួយរបស់ប្រទេសបារាំង។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំលើដំណើរការសាងសង់ ខណៈវិមាននេះ ត្រូវបានសាងសង់ឡើងវិញដោយរក្សាតាមលំនាំដើមទាំងស្រុង ដើម្បីអភិរក្សសំណង់បេតិកភណ្ឌ ប្រវត្តិសាស្ត្រនេះឱ្យបានល្អប្រសើរ។
លោកបន្តថា៖ «ការសម្ពោធវិមានរវាងកម្ពុជា-បារាំង គឺជាការដាក់ឱ្យស្គាល់ពីតម្លៃនៃសន្តិភាពដល់មនុស្សជំនាន់ក្រោយឱ្យស្ថិតស្ថេរយូរអង្វែងតរៀងទៅ ដើម្បីរួមគ្នាថែរក្សា និងរួមសាមគី្គភាពពិសេសជួយពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង កាន់រឹងមាំស៊ីជម្រៅថែមទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាស និងប្រគល់សមិទ្ធផលថ្មីនេះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង់ និងថែរក្សាចាប់ពេលនេះតទៅ ហើយលោកក៏បានប្រគល់ជូនស្ថានទូតបារាំង ដើម្បីរៀបចំពិធីរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ និងពិធីអនុស្សាវរីយ៍នានាផងដែរ។
លោកហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ការសម្ពោធនៅវិមាននេះ ខ្ញុំរំពឹងថា នឹងជួយលើកកម្ពស់ទេសភាពនគរូបនីយកម្មក្រុងភ្នំពេញឱ្យកាន់តែមានសោភ័ណភាព បង្កើតទីកន្លែងលម្ហែកម្សាន្ត ទាក់ទាញទេសចរណ៍ និងធ្វើឱ្យរាជធានីភ្នំពេញទទួលបានត្រឡប់មកវិញនូវផ្នែកមួយនៃប្រវត្តិសាស្ត្រដែលជាទស្សនីយភាពថ្មីមួយនៃសិល្បៈដ៏ល្អត្រកាលពីអតីតកាលឱ្យរស់ឡើងវិញ»។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងដែរថា វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ នេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលនៅឆ្នាំ ១៩៧៥។ លោកបញ្ជាក់បន្តថា វិមាននេះ ត្រូវបានស្ថាបនាឡើងវិញជានិម្មិតរូបនៃមិត្តភាពកម្ពុជា-បារាំង និងជាពិសេសរំឭកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងទទួលបានជ័យជម្នះក្នុងសង្គ្រាមលោកលើកទី ១ នាពេលនោះ។
លោក ហ្សាក់ ប៉ឺឡេ បានអះអាងដែរថា៖ «តាមរយៈវិមាននេះ នឹងក្លាយជាកន្លែងរំឭកដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនកម្ពុជា និងបារាំង ដែលបានទទួលមរណភាពក្នុងបុព្វហេតុនៃប្រទេសបារាំង ដែលភាពក្លាហាន និងការលះបង់របស់ពួកគេ បានធ្វើឱ្យមានជ័យជម្នះនៅឆ្នាំ ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-បារាំងថែមទៀតផង»។
វិមាននេះ បានប្រើពេលសាងសង់ ១៦៣ ថ្ងៃ និង មានកម្ពស់សរុប ១២,៣ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ ម៉ែត្រ, ខឿនតម្កល់កម្ពស់ ៣,២០ ម៉ែត្រ,តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំងកម្ពស់ ២,៨ ម៉ែត្រ។
ការសាងសង់វិមាននេះដែរ គឺក្រុមការងារបានយកបំណែកលោហធាតុដែលនៅសេសសល់ពីការបែកបាក់ ផ្គុំគ្នាជាមួយនឹងរូបដែលធ្វើបំពេញថ្មី ដើម្បីរក្សាបាននូវតម្លៃអភិរក្ស និងភាពជាប្រវត្តិសាស្ត្រ៕