សៀមរាបៈ អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ រួមនឹងសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្ត។
បើយោងតាមអាជ្ញាធរជាតិអប្សរា ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។
លោក ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ព័ន្ធនៃខឿនព្រះវិហារបុរាណ។
រចនាប័ទ្មសន្លឹកសីមាអាចឱ្យយើងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សរ៍ទី ១៤ ដល់ទី ១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសាសនា គឺព្រះវិស្ណុ ឬព្រះនរាយណ៍។
លោកបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា «អង្គរតូច»។
កូនក្រុងនេះ មានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។
ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ យើងឃើញថា ទួលព្រះវិហារធ្វើនៅលើទួលដែលធ្លាប់ជាទួលផ្ទះមានមនុស្សរស់នៅតាំងពីសតវត្សរ៍ទី ១២ មកម្ល៉េះ។
ដូច្នេះហើយ អ្នកស្រាវជ្រាវចម្រុះស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះ អាចបន្សល់នូវភ័ស្តុតាងអ្វីខ្លះទាក់ទងជាមួយនឹងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ កើតមានតាំងពីជំនាន់ណា?
ក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា នៅបរិវេណនៃប្រាសាទអង្គរវត្ត គេឃើញមានស្លាកស្នាមខឿនព្រះវិហារនៃពុទ្ធសាសនាថេរវាទសម័យបុរាណចំនួន ២ គឺទី ១ នៅទិសនិរតី និងមួយទៀតនៅទិសពាយ័ព្យ ដែលបច្ចុប្បន្ននៅមានសំណង់បុស្បុកតម្កល់ព្រះពុទ្ធមួយអង្គ៕