ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំឭកពីសេចក្តីណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជាស្តីពីគោលការណ៍ និងនីតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោងសម្រាប់ការប្រើពេលយប់ចាប់ពីម៉ោង ៩:០០ យប់ ដល់ម៉ោង ៧:០០ ព្រឹក សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ក្នុងតំបន់ ផ្គត់ផ្គង់អគ្គិសនី ដែលទទួលប្រភពពីបណ្តាញជាតិ។
នីតិវិធីស្នើសុំថ្លៃអនុគ្រោះរួមមាន៖ទី១.ចំពោះទីតាំងប្រើប្រាស់ជាសហគមន៍៖ សហគមន៍ត្រូវចាត់បុគ្គលមួយរូបតំណាងសហគមន៍ ហើយបុគ្គលនោះ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ) តាមរយៈអាជ្ញាធរឃុំ/សង្កាត់។
ទី២. ចំពោះទីតាំងប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល៖ អ្នកស្នើសុំ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន) សូមបញ្ជាក់ថា ក្នុងករណីទីតាំងស្នើសុំនោះ ស្ថិតនៅក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជន អ្នកផ្គត់ផ្គង់ឯកជនត្រូវស្នើសុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ( ម.អ.ជ) របស់អគ្គិសនីកម្ពុជា ដើម្បីសុំការឯកភាព។
ក្រុមការងារចម្រុះ EAC-EDC សម្រាប់ពន្យល់ និងបំភ្លឺ ដែលមានទូរស័ព្ទទំនាក់ទំនង លេខ 077 222 012 /090 903 311 សម្រាប់ជួយពន្យល់ និងបំភ្លឺបន្ថែម អំពីគោលការណ៍ និងនិតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេសសម្រាប់វិស័យកសិកម្មនេះ៕