ភ្នំពេញៈក្រសួងបរិស្ថានកំពុងរៀបចំបង្កើតទីតាំងកែច្នៃឫស្សីនៅសហគមន៍តំបន់ការពារធម្មជាតិ ២ បន្ថែមទៀត គឺនៅសហគមន៍តំបន់ការពារធម្មជាតិអន្លង់ស្វាយ និងសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនជីវភាពរស់នៅរបស់សហគមន៍។
កាលពីថ្ងៃទី១០-១១ ខែកក្កដា ក្រុមការងារគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» របស់ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំសំណើអនុគម្រោងបង្កើនជីវភាពរស់នៅរបស់សហគមន៍តាមរយៈបង្កើតទីតាំងកែច្នៃឫស្សីនេះ ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្ត ឧទ្យានរក្ស គណៈកម្មការ សមាជិក សហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរភូមិ ឃុំ ផងដែរ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាននាថ្ងៃទី១៥ ខែកក្កដា។
ក្រុមមន្ត្រីគម្រោងបានបង្ហាញព័ត៌មានសង្ខេបពីគម្រោង ទស្សនៈវិស័យផ្តោតលើសកម្មភាពទាក់ទងសហគមន៍ និងបានបង្ហាញគោលការណ៍បច្ចេកទេសទាក់ទងការគ្រប់គ្រង និងការដកហូតឫស្សីដើម្បីឱ្យមាននិរន្តរភាព។
ក្រុមមន្ត្រីគម្រោងក៏បានពិនិត្យឡើងវិញឯកសារយោងរបស់សហគមន៍ និងប្រមូលទិន្នន័យសម្រាប់ដាក់បញ្ចូលក្នុងគម្រោងសំណើ រួមមានលក្ខន្តិកៈសមាជិក រចនាសម្ព័ន្ធ ការទទួលស្គាល់ គណនីធនាគារ គណៈកម្មការលទ្ធកម្ម ហិរញ្ញវត្ថុ និងក្រុមអនុវត្ត។
ហ្វេសប៊ុកក្រសួងបញ្ជាក់ថា៖«ក្រុមការងារក៏បានចុះពិនិត្យទីតាំងកែច្នៃឫស្សី និងបានសិក្សាសុវត្ថិភាពបរិស្ថាននិងសង្គមផងដែរ ដើម្បីកត់ត្រាទិន្នន័យ ព័ត៌មាននានា ដើម្បីរៀបចំជាអនុគម្រោងសំណើ និងពិភាក្សាចុងក្រោយ មុនដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រច»៕