បន្ទាយមានជ័យៈ មន្ត្រី​បាន​ឱ្យ​ដឹង​ថា មីន​តោន ១ គ្រាប់ បាន​ផ្ទុះ​កាល​ពី​ថ្ងៃទី​១៤ ខែ​កក្កដា បណ្តាល​ឱ្យ​អ្នក​បើកបរ​រឡូកិន​ដី​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​កំពុង​ធ្វើផ្លូវ នៅ​ចំណុច​ភូមិ​បន្ទាយថ្មី ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយជ័យ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅថា ស៊ីម៉ាក់ (CMAC) បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៤ ខែ​កក្កដា ថា៖ «ធ្វើ​ផ្លូវ​ផ្ទុះ​គ្រាប់​មីន​តោន​កប់​ក្នុង​ដី​ដែល​ជា​សំណល់​សង្គ្រាម​បង្ក​ឱ្យ​អ្នក​បើកបរ​រឡូកិន​ដី​រងរបួស​ធ្ងន់ និង​ខូចខាត​រឡូកិនដី»។

លោក​សរសេរ​ថា នេះ​ជា​មរតក​នៃ​សង្គ្រាម ហើយ​លោក​អំពាវនាវ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​គ្រាប់មីន និង សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ជាមុន ដើម្បី​ធានា​សុខ​សុវត្ថិភាព​ការងារ​សាងសង់៕