លោក គួច ចំរើន អភិបាលព្រះខេត្តព្រះសីហនុ បានចេញវីដេអូ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដោយបានអំពាវនាវដល់សាធារណជន ជាពិសេស ប្រជានេសាទ ត្រូវផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន ក្រោយពីក្រសួងធនធានទឹក និង ឧតុនិយម បានព្យាករណ៍ថា កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់ព្យុះ អាចមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
លោក គួច ចំរើន បានអំពាវនាវដូច្នេះថា៖ «ដោយសារតែក្រសួងធនធានទឹក បានព្យាករណ៍ថា ចាប់ពីព្រឹកថ្ងៃសៅរ៍នេះទៅ អាកាសាធាតុមិនអំណោយផលនោះទេ គឺមានភ្លៀងខ្យល់ខ្លាំង មានរលកធំៗ ដែលអាចបង្កហានិភ័យ ដល់អ្នកធ្វើដំណើរតាមផ្លូវទឹក ដូច្នេះ យើងខ្ញុំក៏សម្រេចចិត្តសូមឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹក ជាបណ្តោះអាសន្ន រង់ចាំដល់ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ»។
លោកក៏បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធ សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន រៀបចំការផ្អាកនេះឱ្យបានល្អប្រសើរ និងត្រូវទំនាក់ទំនងទៅកាន់ប្រជានេសាទ ដើម្បីផ្តល់ព័ត៌មាននេះ និងត្រូវរិះរកមធ្យោបាយទាក់ទងទៅកាន់ប្រជានេសាទ ដែលបាននិងកំពុងនេសាទនៅលើសមុទ្រ ហើយផ្តល់ព័ត៌មាននេះដល់គាត់ ឱ្យរកកោះក្បែរនោះ ដើម្បីស្នាក់នៅបណ្តោះអាសន្នសិន ទម្រាំអាកាសធាតុអំណោយផលឡើងវិញ។
លោកបន្តថា៖ «សូមកងកម្លាំងទាំងអស់ ខិតខំប្រមូលស្ថិតិប្រជានេសាទ ដែលបានចេញទូកទៅហើយ ដើម្បីមានលទ្ធភាពគ្រប់គ្រងនិងត្រៀមក្នុងការដោះស្រាយ ក្នុងករណីដែលមានហានិភ័យកើតឡើង និងត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលាមកកាន់អាជ្ញាធរក្នុងករណីដែលមានបញ្ហាកើតឡើងជាយថាហេតុ»។
គួររំឭកថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែកក្កដា បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣។ នោះគឺក្នុងមហាសមុទ្រភាគខាងជើងប្រទេស ហ្វីលីពីន សម្ពាធទាបសកម្មមួយ កំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ ដែលនឹងអាចក្លាយទៅជាព្យុះទី៤។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប ( សណ្ដូកពីទិសពាយ័ព្យ ទៅទិសអាគ្នេយ៍ រហូតដល់ព្រំដែនវៀតណាម ពោលគឺតំបន់ទំនាបជុំវិញបឹងទន្លេសាប និងទំនាបទន្លេបួនមុខ ស្ថិតនៅអមសងខាងទន្លេទាំងបួន ) នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ដោយឡែក នៅតំបន់ខ្ពង់រាប (លាតសន្ធឹងនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ) ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ចំណែកនៅតំបន់មាត់សមុទ្រ ដែលស្ថិតនៅប៉ែកនិរតីនៃប្រទស គឺខេត្តកោះកុង ព្រះសីហនុ ខេត្តកែប និងខេត្តកំពត ចាប់ពីថ្ងៃទី ១៦-២០ ខែកក្កដា ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
ក្នុងសេចក្តីជូនដំណឹងបន្ថែមនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕