ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងពីគោលនយោបាយវិស័យសុខាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងពង្រឹង និងពង្រីកវិស័យនេះ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជារស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល បានឱ្យដឹងថា គោលនយោបាយវិស័យសុខាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅធំៗចំនួន ២។
លោកស្រីថ្លែងបែបនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប្រធានបទទី៤ គោលនយោបាយលើវិស័យសុខាភិបាល» របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣។
ថ្លែងក្នុងកម្មវិធីតុមូលនេះ លោកស្រី យក់ សម្បត្តិ បានលើកឡើងដែរថា គោលដៅទី១ គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ ១៩ ឬជំងឺឆ្លងកាចសាហាវផ្សេងទៀត ឬគ្រោះអាសន្នសុខភាពសាធារណៈដែលអាចលេចឡើងជាយថាហេតុនៅក្នុងពេលខាងមុខ។
ចំណែកគោលដៅទី ២ គឺលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដូចជា ស្ដ្រី កុមារ វ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាពជាដើម តាមរយៈការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការពង្រឹងការគាំពារសុខភាពសង្គម ដើម្បីឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលសម្រាប់ទាំងអស់គ្នានៅកម្ពុជានាដំណាច់ឆ្នាំ ២០៣០។
លោកស្រីបន្តថា គណបក្សប្រជាជនកម្ពុជា ក៏មានអាទិភាពសំខាន់ៗចំនួន ៩ ចំណុចក្នុងវិស័យសុខាភិបាលផងដែរ ដូចជា ការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩, ផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាពប្រសិទ្ធភាព និងសមធម៌ ទាំងសេវាបង្ការ សេវាព្យាបាល សេវាស្ដារនី តិសម្បទា និងសេវាសង្គ្រោះបឋម ហើយជាពិសេសផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃជាដើម។
ទន្ទឹមនឹងនេះ ក្រសួងក៏បន្តលើកកម្ពស់សុខភាពបន្តពូជ និងកាត់បន្ថយអត្រាមរណៈមាតា និងទារក កែលម្អកង្វះអាហារូបត្ថម្ភ កាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្ដាលមកពីជំងឺឆ្លងចម្បងៗដូចជា ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ហើយនិងជំងឺមិនឆ្លងផ្សេងៗដែលរួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺសុខភាពផ្លូវចិត្ត និងព្រមទាំងកាត់បន្ថយហានិភ័យសុខភាពសាធារណៈចម្បងៗផ្សេងៗទៀត រួមនឹងអាទិភាពមួយចំនួនទៀត។
ជាមួយគ្នានេះដែរ តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក នៀម លាងឈីម ប្រធាននាយកដ្ឋានសុខភាព និងសង្គ្រោះបឋមបានថ្លែងថា ការពង្រឹងមន្ទីរពេទ្យថ្នាក់ខេត្តឱ្យមានកម្រិត និងមានសមត្ថភាពដូចមន្ទីរពេទ្យថ្នាក់ជាតិ គឺជាការចាំបាច់ដែលគណបក្សលោកត្រូវដាក់ជាអាទិភាព។
លោកបានថ្លែងថា៖ «យើងក៏មានគោលការណ៍ក្នុងការរៀបចំមន្ទីរពេទ្យរដ្ឋណាមួយជាគោលក្នុងការព្យាបាលជំងឺទៅដល់ជនចាស់ជរា និងមនុស្សពេញវ័យដោយមិនគិតថ្លៃដែលមានស្តង់ដាការព្យាបាលដូចនឹងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។
លោក នៀម លាងឈីម ថ្លែងថា នៅតាមមណ្ឌលសុខភាពនីមួយៗក៏ត្រូវមានពេទ្យជំនាញប្រចាំការ, មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដល់កូនក្មេង និងទារក, គ្រប់មណ្ឌលសុខភាពត្រូវមានឡានសង្គ្រោះបន្ទាន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា, គាំទ្រឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱសថបុរាណ និងការវាយតម្លៃអាជីវកម្មឱសថបុរាណ និងមានគោលការណ៍អាទិភាពសំខាន់ៗមួយចំនួនទៀត។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងពីគោលនយោបាយរបស់ខ្លួនលើវិស័យសុខាភិបាលនេះផងដែរថា កម្ពុជាពិតជាត្រូវការប្រព័ន្ធសុខាភិបាលមួយដែលមានគុណភាព និងប្រសិទ្ធភាពដើម្បីបំពេញតួនាទី ផ្តល់សេវាថែទាំសុខភាពជាមូលដ្ឋានដល់ប្រជាពលរដ្ឋគ្រប់រូប៕