កំពង់ធំៈ កូនឈើជាច្រើនប្រភេទ មានរាំង ផ្ទោល ច្រកែង ភ្នំភ្នែង និងកូនឈើប្រស់ដែលជាប្រភេទឈើព្រៃលិចទឹកចំនួន ៥ ៤០០ ដើម ត្រូវបានសង្កាត់រដ្ឋបាលជលផលខេត្ត និងមន្ត្រីបរិស្ថានខេត្តកំពង់ធំ សហការជាមួយសហគមន៍នេសាទពៅវើយសែនជ័យ យកទៅដាំនៅចំណុច ព្រែកខ្វែងទោង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំប្រាប់នៅថ្ងៃទី ១៦ កក្កដាថា កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំបានធ្វើពិធីដាំស្តារកូនឈើនៅតំបន់ព្រៃលិចទឹកឡើងវិញ។ ការដាំកូនឈើនេះក៏មានការចូលរួមពីមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ និងសហគមន៍នេសាទវើយសែនជ័យ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការអភិរក្សអន្តរជាតិកម្ពុជាស៊ីអាយ Conservation International Cambodia (CI)។
ចំពោះកូនឈើដែលបានដាំនៅតំបន់ព្រៃលិចទឹក ខ្វែងទោង ក្នុងឃុំពាមបាងនោះជាប្រភេទកូនឈើរាំងកូនឈើភ្នំភ្នែង រួមទាំងកូនឈើផ្សេងទៀតចំនួន ៥ ៤០០ ដើម។ កូនឈើដែលដាំនោះក៏ជាប្រភេទដើមឈើដែលដុះបាននៅក្នុងទឹក ពិសេសជាប្រភេទកូនឈើដែលមានដុះនៅក្នុងតំបន់ព្រៃលិចទឹកនោះឯង។ កូនឈើទាំង ៥ ៤០០ ដើមនេះ បានដាំនៅលើផ្ទៃដីចំនួន ១០ ហិកតា។
បើតាមលោក ស៊ីថា ចលនានៃការដាំកូនឈើលិចទឹក សម្រាប់ខេត្តកំពង់ធំនេះ គឺអនុវត្តតាំងពីមានបទបញ្ជារបស់រាជរដ្ឋាភិបាលមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ក្រុមការងារដាំបានលើផ្ទៃដីជាង ២០០ ហិកតាមកហើយ។ ព្រៃឈើដែលហិនហោចនេះ គឺដោយសារភ្លើងឆេះព្រៃកន្លងទៅ។ លោកថ្លែងថា៖ «ការដាំនេះគឺដើម្បីស្តារជម្រកត្រីឡើងវិញ ព្រោះព្រៃដែលជាជម្រកនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់មច្ឆជាតិយើង។ វាត្រូវមានជម្រករបស់វានឹងផ្តល់ពងកូន»។
ពាក់ព័ន្ធនឹងការដាំកូនឈើនេះដែរ ត្រូវបានលោកម៉ម សុវណ្ណ ប្រធានសហគមន៍នេសាទពៅវើយសែនជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ កក្កដាថា កូនឈើដែលលោកប្រគល់ជូនខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំយកទៅដាំនោះ គឺក្រុមការងាររបស់លោក បានដើរដកពន្លកចេញពីផ្លែនៅតំបន់ព្រៃលិចទឹក រួចយកមកបន្សាំដាក់ក្នុងថង់ខ្មៅ។ ក្រោយផ្សាំបានរយៈពេល ៤ ខែទើបយកទៅដាំបាន ហើយការចំណាយទៅលើការផ្សាំកូនឈើនេះលោកទទួលការឧបត្ថម្ភជាថវិកាពីអង្គការ (CI)។ លោកឱ្យដឹងថា អង្គការ (CI) តែងជួយឧបត្ថម្ភដូចជាម៉ាស៊ីនបាញ់ស្រោចទឹកកូនឈើ ឧបករណ៍ជាប៊ីដុងសម្រាប់ច្រកទឹកពន្លត់ភ្លើងព្រៃ។
ចំពោះកន្លែងដែលលោកដាំកូនឈើវិញគឺសហគមន៍របស់លោកតែងជ្រើសរើសកន្លែងណាដែលនៅដីវាលមិនសូវមានកូនឈើព្រៃធម្មជាតិដុះច្រើន ឬក៏ដីវាលដែលត្រូវភ្លើងឆេះកាលពី ៤-៥ ឆ្នាំមុន។ ការដាំកូនឈើព្រៃលិចទឹកនេះសហគមន៍របស់លោកសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំចាប់ផ្តើមដាំតាំងពីឆ្នាំ ២០២១ មកម្ល៉េះហើយបើគិតមកដល់បច្ចុប្បន្ននេះកូនឈើដែលដាំបានមានចំនួន ១២ ០០០ ដើមហើយ។
លោកបញ្ជាក់ថា៖ «មូលហេតុខ្ញុំមើលឃើញថា ព្រៃលិចទឹកពី ១ ឆ្នាំទៅ ១ ឆ្នាំកាន់តែរេចរិលបណ្តាលមកពីភ្លើងឆេះព្រៃ។ យើងមានគំនិតថាដាំទៅដើម្បីទុកបន្តដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ ណាមួយវាផ្តល់ការការពាររារាំងបាតុភូតខ្យល់កន្ត្រាក់ និងបានជាជម្រកដល់មច្ឆជាតិចម្រុះបានរស់នៅក្នុងព្រៃនោះទៀតផង»។
លោកឱ្យដឹងថា ជាទូទៅចាប់ពីពាក់កណ្តាលខែកក្កដាទៅ គឺមានទឹកឡើងបន្តិចម្តងៗហើយតែពេលនេះនៅមិនទាន់ឃើញទេ។ ចំពោះការវិនាសហិនហោចរបស់ព្រៃលិចទឹកគឺដោយសារភ្លើងឆេះព្រៃច្រើនជាងមនុស្សកាប់បំផ្លាញទៅទៀត។ បើនៅខែប្រាំងគឺក្រុមការងាររបស់លោកតាមសង្កេតមើលតែក្នុងទូរស័ព្ទតាមផ្កាយរណប ព្រោះបើមានភ្លើងឆេះកន្លែងណា គឺលោកទទួលសញ្ញាពីផ្កាយរណបដឹងភ្លាម។ ក្រុមការងារនៅក្នុងសហគមន៍ គឺមាននាទីមើលថែការពារព្រៃលិចទឹកកុំឱ្យភ្លើងឆេះ និងបណ្តុះកូនឈើ ដែលបច្ចុប្បន្ននេះមានផ្ទៃដីចំនួន ៤ ០៧២ ហិកតា៕