ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា ក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើកម្មករជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងសម័យបច្ចេកវិទ្យា ដោយក្នុង ១ ឆ្នាំៗមានពលកម្មជំនាញបានចេញទៅទីផ្សារការងារប្រមាណ ៥ ទៅ ៦ ម៉ឺននាក់ ។
តាមរយៈកិច្ចសម្ភាសន៍ស្តីពីការីកចម្រើន ៥ ឆ្នាំចុងក្រោយ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយសារព័ត៌មាន BTV នាយប់ថ្ងៃទី ១៣ ខែកក្កដា លោក អ៊ិត សំហេង ថ្លែងថា បញ្ហាធនធានមនុស្ស ជាភារកិច្ចសំខាន់មួយទៀតរបស់ក្រសួងការងារ គឺការអភិវឌ្ឍទៅលើកម្លាំងពលកម្មដែលមានជំនាញសម្រាប់បំពេញឱ្យតម្រូវការនៃទីផ្សារការងារ។
ក្រសួងក៏បានខិតខំអភិវឌ្ឍវិស័យនេះឱ្យកាន់តែល្អប្រសើរ និងបានចាត់ទុកវិស័យនេះជាអាទិភាពមួយនៅក្នុងចំណោមអាទិភាព ៥ របស់ក្រសួងការងារ។
លោក អ៊ិត សំហេង បញ្ជាក់ថា៖ «ក្នុងនីតិកាលទី ៦ នេះ គឺជាកម្មវិធីទំនើបកម្ម នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះនៅក្នុងដំណាក់កាលថ្មីនេះវាលេចឡើងនូវបច្ចេកវិទ្យាថ្មី ក្នុងនោះបដិវត្តន៍ឧហ្សាហកម្ម ៤.០ ការអភិវឌ្ឍថ្មីៗនៃប្រព័ន្ធឌីជីថលការផ្សារភ្ជាប់ឌីជីថលជាមួយមេកានិក ទៅជាបច្ចេកវិទ្យាថ្មីៗមួយចំនួនដែលពីមុនមកក្នុងកម្មវិធីសិក្សា ក្នុងការអនុវត្តជំនាញបច្ចេកទេសតាមសហគ្រាសគ្រឹះស្ថាន អត់ទាន់មានទេ »។
លោកបន្ថែមថា៖ «ដូច្នេះស្របពេលដែលសម័យបច្ចេកវិទ្យាចូលមកដល់ថ្មី ទាមទារឱ្យយើងត្រូវចាប់យកវា និងធ្វើការបង្កើតកម្មវិធីបណ្តុះបណ្តាល តាមរយៈការធ្វើទំនើបកម្ម ការធ្វើការងារជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនដែលជាតួអង្គសំខាន់ៗទាក់ទងទៅនឹងការអភិវឌ្ឍជំនាញ»។
បើតាមលោក អ៊ិត សំហេង ក្នុង ១ ឆ្នាំៗ កម្លាំងពលកម្មដែលចេញទៅទីផ្សារការងារមានចន្លោះពី ២០ ទៅ ៣០ ម៉ឺនដោយក្នុងនោះកម្មករជំនាញមានប្រមាណ ៥ ទៅ ៦ ម៉ឺននាក់។
លោកថា៖ «ក្នុងនោះការបណ្តុះបណ្តាលជំនាញមុនចូលទីផ្សារការងារក្នុង ១ ឆ្នាំៗមានការកើនឡើង ដោយឆ្នាំ ២០១៨ បណ្តុះបណ្តាលបានជាង ៥២ ០០០ នាក់ ឆ្នាំ ២០១៩ បាន ៦២ ០០០ នាក់, ឆ្នាំ ២០២០ ជាង ៥១ ០០០ នាក់, ឆ្នាំ ២០២១ ជាង ៥ ម៉ឺន និងឆ្នាំ ២០២២ បានជាង ៥ ម៉ឺននាក់»។
លោក សួ ឆ្លូញ មន្ត្រីទំនាក់ទំនងនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានប្រាប់ឱ្យដឹងថា ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញជារឿងល្អមួយ ប៉ុន្តែលោកស្នើដល់ស្ថាប័នក៏ដូចជាក្រសួងការងារបង្កើនការផ្សព្វផ្សាយរបស់ខ្លួនឱ្យដល់កម្មករដែលចង់ចូលរួមវគ្គបណ្តុះបណ្តាលទាំងនោះ។
លោកថា៖ «កម្ពុជានៅមិនទាន់មានកម្មករជំនាញសម្បូរបែបនៅឡើយទេ ជាពិសេសកម្មករសំណង់ ទោះបីគាត់ជាជាង ប៉ុន្តែអត់មានសញ្ញាបត្រទទួលស្គាល់ជំនាញវិជ្ជាជីវៈរបស់គាត់ទេ ប៉ុន្តែសួរគាត់ថា ធ្វើបានទេ គឺធ្វើបាន នេះជាបញ្ហាមួយដែលគាត់ពិបាកក្នុងការទទួលបានថ្លៃឈ្នួលខ្ពស់»។
ក្នុងន័យនេះលោកចង់ជំរុញបន្ថែមទៅក្រសួង និងស្ថាប័នមួយចំនួន ដែលព្យាយាមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់កម្មករ ឬប្រជាពលរដ្ឋ សូមបង្កើនការផ្សព្វផ្សាយ ឬបង្កលក្ខណៈងាយស្រួលដល់ពួកគាត់។
លោកថា៖ «ប៉ុន្តែខ្ញុំសង្កេតឃើញថា កម្លាំងពលកម្មជំនាញអត់សូវដើរទៅមុខខ្លាំងទេ អាចមកពីខ្វះការផ្សព្វផ្សាយ ឬខ្វះការចូលរួមពីកម្មករ និងកង្វះព័ត៌មាន»។
បើតាមលោក អ៊ិត សំហេង ជារួមការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញនេះ ក្រៅពីក្រសួងឬសាលា ក៏មានការចូលរួមពីដៃគូដែលជាវិស័យឯកជនដែលបានបណ្តុះបណ្តាលរយៈពេលខ្លីទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
លោកថា៖ «យើងក៏បានធ្វើការជាដៃគូជាមួយវិស័យឯកជនបណ្តុះបណ្តាលរយៈពេលខ្លី ហើយអាចចេញធ្វើការបាន ហើយវិស័យឯកជននេះ មានកម្មវិធីហ្វឹកហ្វឺនកូនជាង អ៊ីចឹង! ក្នុង ១ ឆ្នាំៗសហគ្រាសនីមួយៗមានកម្មវិធីហ្វឹកហ្វឺន កម្មករ ដើម្បីលើកកម្ពស់ជំនាញ និងសមត្ថភាព និងកម្រិតជំនាញបច្ចេកទេស»។
ក្នុងន័យនេះក្រសួងការងារមិនមែនធ្វើតែលើកិច្ចការងារទៅលើរោងចក្រ ពលករ ឬកម្មករនោះទេ ប៉ុន្តែក៏ផ្តោតទៅលើការបណ្តុះបណ្តាលធនធានកម្លាំងពលកម្មជំនាញផ្សេងៗ ដើម្បីទៅបំពេញទីផ្សារការងារ។ លោក អ៊ិត សំហេង បានឱ្យដឹងដែរថា សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រសួងការងារ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការងារលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ឱ្យបានជោគជ័យ។
លោកថ្លែងថា៖ «វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈជារឿងសំខាន់ ហើយកន្លងទៅរាជរដ្ឋាភិបាល បានប្រកាសគោលនយោបាយសម្រាប់ការ-បណ្តុះបណ្តាលជំនាញ ១ លាន ៥ សែន ដែលនឹងដោះស្រាយបញ្ហាបានច្រើនណាស់»។
មហិច្ឆតារបស់រាជរដ្ឋាភិបាល អាណត្តិទី៧ បើសិនគម្រោងនោះបានជោគជ័យនឹងដោះស្រាយបានកង្វល់ទាក់ទងបញ្ហាធនធានមនុស្ស ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បំពេញតម្រូវការនៃការវិនិយោគ និងទីផ្សារការងារ និងដោះស្រាយបានបញ្ហារបស់យុវជន-យុវនារី នៅតាមគ្រួសារក្រីក្រមួយចំនួន។ នេះបើតាមលោក អ៊ិត សំហេង៕