ភ្នំពេញៈ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា លោក គង់ ភោគ បញ្ជាក់ថា កម្ពុជានៅបន្តរក្សាគោលជំហរជួយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបិទបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ខណៈអាស៊ានកំពុងខិតខំដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ និងស្មុគស្មាញជាង ៣ ឆ្នាំមួយនេះ ជាពិសេសការស្នើឱ្យមីយ៉ាន់ម៉ាខ្លួនឯង ត្រូវមានឆន្ទៈចូលរួមតុចរចាដើម្បីឈានទៅបញ្ចប់ជម្លោះ។
លោកគង់ ភោគ បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា នាទីស្តីការក្រសួងការបរទេស ស្តីពីលទ្ធផលនៃការចូលរួមរបស់ប្រមុខការទូតកម្ពុជាលោកប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី។
លោកគង់ ភោគ ថ្លែងថា វិបត្តិនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាស្មុគស្មាញនៅក្នុងជំនួបអាស៊ានម្តងៗ ហើយប្រទេសជាសមាជិកអាស៊ាន តែងប្តេជ្ញាដោះស្រាយវិបត្តិនេះ តាមតែអាចធ្វើបាន ជាពិសេសអំពាវនាវឱ្យមីយ៉ាន់ម៉ាខ្លួនឯងត្រូវប្តេជ្ញាចិត្តដោះស្រាយជម្លោះនេះ ខណៈមកទល់បច្ចុប្បន្ន ភាគីកងកម្លាំងប្រឆាំងរដ្ឋាភិបាល និងភាគីរដ្ឋាភិបាលយោធាទីក្រុងណៃពិដោ នៅបន្តប៉ះទង្គិចគ្នាជារឿយៗ។
លោកសង្កត់ធ្ងន់ថា៖ «បញ្ហាមីយ៉ាន់ម៉ា គឺជាបញ្ហាស្មុគស្មាញនិងលំបាក មានន័យថា គ្មាននរណាអាចដោះស្រាយបញ្ហាហ្នឹងរយៈពេល ១ឆ្នាំនោះទេ ទោះ ២ឆ្នាំ ឬ ៣ឆ្នាំក្តី។ ខ្ញុំសង្ឃឹមថា យើងអាចដោះស្រាយបញ្ហាហ្នឹងចប់មុនកម្ពុជាយើងធ្វើជាប្រធានអាស៊ានម្តងទៀត»។
លោកបន្តថា ៖ «គ្រប់គ្នាទទួលស្គាល់ការពិតថា បញ្ហាមីយ៉ាន់ម៉ា គឺត្រូវការពេលវេលា ខណៈកម្ពុជាធ្លាប់ធ្វើដើម្បីបង្កើតបរិយាកាសអំណោយផលដល់កិច្ចចរចា។ ប្រទេសដទៃទៀត អាចយកទៅប្រើប្រាស់ដើម្បីជាមូលដ្ឋានសម្រាប់បង្កើតការរីកចម្រើនថ្មីបន្តទៀត»។
កម្ពុជាបានសម្រេចនូវគំនិតផ្តួចផ្តើមធំៗមួយចំនួន ដើម្បីត្រួសត្រាយផ្លូវដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលអាស៊ានអាចនៅបន្តប្រើប្រាស់ដូចជា ការពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច របស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ឯកសារមួយចំនួនក្នុងសេចក្តីថ្លែងការណ៍រួមបានកើតចេញគ្រាដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសយន្តការ Troika អាស៊ានក្នុងជម្លោះនេះ។
យន្តការ Troika អាស៊ាន គ្រាកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំមុននោះ សំដៅថា ប្រធានអាស៊ានមុន ប្រធានបច្ចុប្បន្ន និងប្រធានបន្ទាប់ ត្រូវចូលរួមដឹកនាំសកម្មភាពរបស់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលគោលដៅចម្បងរបស់កិច្ចព្រមព្រៀងនោះ គឺជួយមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ កម្ពុជាយល់ច្បាស់ថា បញ្ហាមីយ៉ាន់ម៉ា ត្រូវការពេលរាប់ឆ្នាំដើម្បីបញ្ចប់។ នេះជាការបញ្ជាក់បន្ថែមពីលោកគង់ ភោគ។
ទោះជាយ៉ាងណា លោកគង់ ភោគ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសលើកទី៥៦ នេះសមាជិកអាស៊ាននៅតែបន្តប្តេជ្ញារក្សាធម្មនុញ្ញអាស៊ាន លើការពិភាក្សាមុនធ្វើសេចក្តីសម្រេចនានា ដោយអនុលោមទៅតាមគោលការណ៍កុងសង់ស៊ីស។
ពាក់ព័ន្ធរឿងនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា មូលហេតុដែលកម្ពុជាប្រកាន់ជំហរគាំទ្រឱ្យមានសមាសភាគគ្រប់ភាគីចូលតុចរចាព្រោះកម្ពុជាធ្លាប់មានដានប្រវត្តិសាស្រ្តស្រដៀងគ្នានេះរួចទៅហើយព្រមទាំងមានរូបមន្តបញ្ចប់ជម្លោះ។
ពោលគឺសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរបស់ខ្លួនជាង ៣ទសវត្សរ៍រហូតមុនទទួលបានសន្តិភាពពេញលេញ កម្ពុជាធ្លាប់មានភាគីជម្លោះដល់ទៅ៤ ពោលគឺក្រុមខ្មែរក្រហម រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកហេង សំរិន ក្រុមលោកតាសឺន សាន និងក្រុមរាជានិយមហ្វ៊ុនស៊ិនប៉ិចនៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលទាមទារគ្រប់ភាគីចូលរួមតុចរចា។
លោក គិន ភា សង្កត់ធ្ងន់ថា៖ «កម្ពុជាមានជំហរសម្របសម្រួលគ្រប់ភាគី មិនអាចផាត់ចោលភាគីណាមួយបានឡើយ ជាពិសេសភាគីយោធាដែលកំពុងគ្រប់គ្រងអំណាចស្ទើរ ៩០% បើសិនជាភាគីយោធាមិនព្រមលើផ្នែកណាមួយ ទោះបីដាក់ទណ្ឌកម្មអ្វីក៏ដោយ ក៏មិនអាចបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ានោះដែរ»។
លោកយល់ថា យន្តការឯកភាពកុងសង់ស៊ីសរបស់អាស៊ាន នៅតែដើរតួនាទីសំខាន់ក្នុងអង្គការតំបន់មួយនេះ ខណៈប្រទេសជាសមាជិកមានចក្ខុវិស័យនិងមានទំនោរខុសៗគ្នានៅក្នុងលម្ហភូមិសាស្រ្តនយោបាយ ដែលទទួលឥទ្ធិពលពីការប្រជែងឥទ្ធិពលរបស់មហាអំណាច សូម្បីនៅក្នុងសំណុំរឿងមីយ៉ាន់ម៉ានេះក្តី។
ជាមួយគ្នានេះ លោកក៏បានប្រមើលមើលឃើញស្រដៀងការលើកឡើងរបស់លោកគង់ ភោគ ដែរ ដែលលោកថា សំណុំរឿងជម្លោះមីយ៉ាន់ម៉ានេះ នឹងត្រូវអូសបន្លាយពេលរាប់ឆ្នាំទៅមុខទៀត ទម្រាំអាចរកច្រកបញ្ចប់បាន ខណៈផ្ទៃក្នុងអាស៊ាន ក៏មិនទាន់អាចរកចំណុចរួមបាន ដោយក្រុមប្រទេសអាស៊ានដីកោះខ្លះ ចង់ប្រើវិធានការក្តៅ ចំណែកក្រុមអាស៊ានដីគោករួមមានកម្ពុជា បន្តប្រើវិធានការត្រជាក់ នៅចំពោះមុខធម្មនុញ្ញអាស៊ានដែលចែងហាមឃាត់មិនអាចឱ្យសមាជិកលូកលាន់កិច្ចការផ្ទៃក្នុងសមាជិកផងគ្នា។
សម្រាប់លោកសេង វណ្ណលី សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់វិញ លើកឡើងថា មកដល់ពេលនេះ ក្នុងជម្លោះមីយ៉ាន់ម៉ា អាស៊ានមិនទាន់រកចំណុចរួមក្នុងការដោះស្រាយនៅឡើយទេ ខណៈសមាជិកខ្លះចង់ឱ្យភាគីយោធាលោកមីន អ៊ុងឡាំង ប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ឯកច្ឆន្ទ ៥ចំណុចដែលអាស៊ានដាក់ចេញ ចំណែកសមាជិកខ្លះប្រកាន់ឥរិយាបថទន់ភ្លន់ដើម្បីឱ្យគ្រប់ភាគីចូលតុចរចា។
លោកសេង វណ្ណលី ថ្លែងថា៖ «បញ្ហាមីយ៉ាន់ម៉ាអាចដោះស្រាយបាន លុះត្រាអាស៊ានមានជំហររួមគ្នាមួយ។ ខ្ញុំជឿជាក់ថា បើអាស៊ានមានជំហររួមមួយ ដែលមិនតឹងតែងពេក ឬបន្ធូរបន្ថយពេក នោះរបបសឹកអាចគ្មានជម្រើសក្នុងការងាកចេញមិនចូលរួមជាមួយអាស៊ានបានទេ។ បញ្ហានេះអាចកើតឡើងបានទាល់តែអាស៊ានសុំឱ្យមហាអំណាចដូចជាចិន និងសហរដ្ឋអាមេរិកជួយទាំងវោហារសាស្រ្តការទូត និងសកម្មភាពជាក់ស្តែង»។
លោកសេង វណ្ណលី បន្ថែមថា អាស៊ានត្រូវរកច្រកចេញឱ្យបានលឿនក្នុងការបញ្ចប់ជម្លោះនេះ ហើយហាមឃាត់ការលូកដៃរបស់មហាអំណាច មុនវារីករាលដាលទៅជាសង្គ្រាមប្រល័យពូជសាសន៍ ដែលអាចជះឥទ្ធិពលអាក្រក់ដល់អាស៊ានខ្លួនឯង។
សូមរំឭកថា វិបត្តិមីយ៉ាន់ម៉ាបានអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំមកហើយ ចាប់តាំងពីក្រុមយោធាដឹកនាំដោយលោកមីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន សូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ខណៈវិបត្តិនេះក្លាយទៅជាសង្គ្រាមរវាងក្រុមរបបយោធា និងក្រុមប្រឆាំង រហូតកើតមានសោកនាដកម្មស្លាប់ និងរបួសមនុស្សជាច្រើនរយនាក់ រួមមានជនស៊ីវិលផង និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសផង៕