ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មានតែការជ្រើសរើស ឬផ្លាស់ប្តូរមេដឹកនាំតាមរយៈយន្តការលទ្ធិប្រជាធិបតេយ្យដោយការបោះឆ្នោតប៉ុណ្ណោះទើបជាជម្រើសល្អ ខណៈការប្រើមធ្យោបាយហិង្សា ការកៀរគរប្រជាជនធ្វើបដិវត្តន៍ពណ៌ ឬប្រើកងកម្លាំងមិនអាចធានាបានសុខសន្តិភាពដល់សង្គមជាតិឡើយ។
យោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ បានថ្លែងឱ្យដឹងថា មានតែយន្តការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុត ក្នុងការផ្លាស់ប្តូររដ្ឋាភិបាលក្នុងចំណោមវិធីសាស្ត្រចំនួន ៣ ពោលគឺ ការបោះឆ្នោត, ការធ្វើរដ្ឋប្រហារដោយកម្លាំងប្រដាប់អាវុធ និងការបំផុសបំផុលប្រជាជនឱ្យធ្វើបដិវត្តន៍ពណ៌។
លោកថ្លែងថា៖ «ប្តូរតាមរយៈការដឹកនាំប្រជាពលរដ្ឋធ្វើការបដិវត្តន៍ នៅប្រទេសជាច្រើនកើតមាន ហើយប្តូរតាមរយៈការធ្វើរដ្ឋប្រហារ នៅស្រុកយើងធ្លាប់ហើយឆ្នាំ ៧០។ តាមការបោះឆ្នោត កុំឱ្យមានបាតុភាពកើតឡើង តាមរយៈការធ្វើសង្គ្រាម ដើម្បីប្លន់អំណាច ការធ្វើរដ្ឋប្រហារ ឬមួយការបំផុសប្រជាពលរដ្ឋ ឱ្យមកទម្លាក់រាជរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ឬបដិវត្តន៍ប្រជាជន»។
លោកបានបន្ថែមថា៖ «ការប្រកួតប្រជែងអំណាច ឬការផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈជម្រើសអំពើហិង្សាដោយកម្លាំងប្រដាប់អាវុធ និងជម្រើសធ្វើបដិវត្តន៍ពណ៌មិនធានាបានសន្តិភាព និងសន្តិសុខសង្គមឡើយ តែនឹងនាំប្រទេសអស្ថិរភាព បែកបាក់ផ្ទៃក្នុងជាតិ ជាក់ជាមិនខាន»។
លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការឡើងកាន់អំណាចរបស់មេដឹកនាំប្រទេសមួយតាមរយៈការបោះឆ្នោតជារឿងសំខាន់ដើម្បីធានាបានសន្តិភាពដែលជាអាទិភាពប្រទេស ខណៈក្នុងប្រវត្តិសាស្ត្រកម្ពុជាបង្ហាញពីការធ្លាក់ចុះសង្គមឈានដល់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ដោយការប្រជែងអំណាចដោយកម្លាំងប្រដាប់អាវុធចាប់តាំងពីឆ្នាំ ១៩៧០ មក។
លោកបានប្រាប់ថា៖ «មានតែការឡើងកាន់អំណាចដោយការបោះឆ្នោតទេដែលនាំមកនូវគុណសម្បត្តិនៃការអភិវឌ្ឍប្រទេសជាតិបាន។ បើការកាន់អំណាចដោយកម្លាំងប្រដាប់អាវុធ ដោយសង្គ្រាម ជាដើម ប្រទេសមានតែហិនហោច។ ការកាន់អំណាចដោយលទ្ធិប្រជាធិបតេយ្យជារឿងសំខាន់»។
លោក ស៊ឺន សម ថ្លែងថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញមួយបែបទៅហើយតាមរយៈរូបភាពនៃការបោះឆ្នោតរៀងរាល់ ៥ ឆ្នាំម្តងតាំងពីឆ្នាំ ១៩៩៣ ដែលមានសមាសភាពចូលរួមពីគណបក្សនយោបាយជាច្រើន។ ខណៈបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០២២ មាន ២០ គណបក្ស ចំណែកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ នេះមាន ១៨ គណបក្សចូលរួម។
លោក យ៉ង គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់ឱ្យដឹងដែរថា ការលើកឡើងរបស់លោកហ៊ុន ម៉ាណែត ជាការចង់បានរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលកំណត់ជោគវាសនាប្រទេសជាតិតាមរយៈសន្លឹកឆ្នោតក្នុងប្រព័ន្ធប្រជាធិបតេយ្យដើម្បីការប្រកួតប្រជែងអំណាចក្នុងរង្វង់អ្នកនយោបាយ។
លោក យ៉ង គិមអេង បានថ្លែងថា៖ «ប្រជាពលរដ្ឋមិនដែលចង់ឃើញការផ្លាស់ប្តូរអំណាចដោយបដិវត្តន៍ពណ៌ ឬដោយប្រើកម្លាំងប្រដាប់អាវុធនោះឡើយ ព្រោះប្រជាជនកម្ពុជាឆ្អែតឆ្អន់នឹងបទពិសោធន៍អស់ទាំងនេះរួចទៅហើយ»។
លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរតែងស្រមៃចង់ឃើញទីលានប្រកួតប្រជែងអំណាច ឬលម្ហនយោបាយមានបរិយាកាសអំណោយផលតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដោយមានតម្លាភាព សុចរិតភាព សម្រាប់គ្រប់គណបក្សនយោបាយ គ្រប់និន្នាការ ដើម្បីជាប្រយោជន៍សម្រាប់ជាតិមាតុភូមិ។
យោងតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់ថាយកកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់ជ្រើសរើសរដ្ឋាភិបាលកម្ពុជា នាអាណត្តិឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានសមាសភាពគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង៕