ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបោះជំហានជាបន្តបន្ទាប់ក្នុងកិច្ចការពារសុខុមាលភាពសិទ្ធិមនុស្ស ពិសេសស្ត្រី និងកុមារ ក្នុងទិសដៅធានាឱ្យបានបរិយាកាសប្រកបដោយកិច្ចគាំទ្រ និងលូតលាស់សម្រាប់ទាំងអស់គ្នា។ យោងតាមសេចក្តីថ្លែងការណ៍ នាថ្ងៃទី ១៧ ខែកក្កដា ស្តីពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស ត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់ស្ថានបេសកកម្មអចិន្រៃ្តយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ។
សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា អំឡុងកិច្ចប្រជុំរយៈពេល ៤ សប្តាហ៍ (ពីថ្ងៃទី ១៩ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣) ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍សរុបចំនួន ២០ ដោយផ្តោតសំខាន់លើវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ពីទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ។
ប្រភពដដែលបានបញ្ជាក់ថា តាមរយៈបទអន្តរាគមន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានអត្រាអ្នកមានការងារធ្វើខ្ពស់ នៃកម្លាំងពលកម្មសរុប ខណៈភាពជោគជ័យនៃការបង្កើតទីផ្សារការងារនេះ គឺផ្តោតលើការពង្រឹងសុខុមាលភាពរបស់កម្មករនិយោជិតនៃប្រព័ន្ធសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។
ជាក់ស្តែងគិតត្រឹមឆ្នាំ ២០២២ ជនមានពិការភាពបំពេញការងារក្នុងស្ថាប័នរដ្ឋមានចំនួន ៣៧ បានកើនឡើង ២% បើធៀបនឹងឆ្នាំ ២០២០ ខណៈដែលសហគ្រាសឯកជនចំនួនជាង ២០០ បានផ្ដល់ការងារដល់ជនមានពិការភាព។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា បានបញ្ជាក់ថា៖ «ក្នុងនាមជារដ្ឋភាគីទៅនឹងអនុសញ្ញាស្ដីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងស្ត្រី និងកុមារី ហើយរាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានជាបន្តបន្ទាប់ក្នុងកិច្ចការពារសុខុមាលភាពសិទ្ធិស្ត្រី និងកុមារ ក្នុងទិសដៅធានាឱ្យបានបរិយាកាសប្រកបដោយកិច្ចគាំទ្រ និងលូតលាស់សម្រាប់ទាំងអស់គ្នា»។
លើសពីនេះទៀត សេចក្តីថ្លែងការណ៍ក៏បានអះអាងដែរថា កម្ពុជាជាប្រទេសជយលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ និងជារដ្ឋភាគីទៅនឹងពិធីសារស្តីពីការបង្ការ បង្ក្រាប និងដាក់ទណ្ឌកម្មអំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ កម្ពុជាខិតខំដោះស្រាយករណីជួញដូរមនុស្សដោយផ្តោតលើសសរស្ដម្ភ «បង្ការ និងប្រយុទ្ធប្រឆាំង គាំពារ និងការផ្តល់ជំនួយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ»។
ដោយឡែក ពាក់ព័ន្ធនឹងលម្ហពលរដ្ឋ និងនយោបាយនៅកម្ពុជាមានភាពសេរី និងបើកចំហស្ថានបេសកកម្មអចិន្រៃ្តយ៍ ក៏បានបញ្ជាក់ពីតួនាទីដ៏រស់រវើកនៃអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ ០០០ និងអង្គភាពព័ត៌មានជាង ២ ០០០ ប្រតិបត្តិការដោយសេរី ដោយគ្មានការត្រួតពិនិត្យឬរឹតត្បិត ដែលបានរួមចំណែកក្នុងការលើកកម្ពស់និងកិច្ចការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ។
ជាងនេះទៅទៀត គណបក្សនយោបាយចំនួន ១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលនេះជាសក្ខីភាពយ៉ាងជាក់ច្បាស់នៃបរិយាកាសពហុបក្ស និងប្រជាធិបតេយ្យ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី ១៧ ខែកក្កដា ថ្លែងថា ក្នុងនាមជាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស គឺលោកមិនបដិសេធទេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើសិទ្ធិមនុស្សទូទៅ។
លោកបន្តថា ប៉ុន្តែបើមើលទៅលម្ហសេរីភាពសិទ្ធិមនុស្ស,លម្ហសេរីភាពអង្គការសង្គមស៊ីវិល សហគមន៍ និងសហជីព,លម្ហសេរីភាពនយោបាយ, លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមានកម្រិត និងនៅមានស្ថានភាពធ្លាក់ចុះនៅឡើយ ដែលទាមទារឱ្យមានការគិតគូរបន្ថែម។
លោក អំ សំអាត ថ្លែងថា៖ «ខ្ញុំយល់ថា កម្ពុជាគួរតែពិនិត្យមើលចំណុចខ្វះខាតបន្ថែម ជុំវិញអនុសាសន៍នានាពីមជ្ឈដ្ឋានអន្តរជាតិលើបញ្ហាប្រឈមនានា ដើម្បីជំរុញកម្ពុជាឱ្យទទួលបានផលចំណេញច្រើន កែលម្អពីបញ្ហាសិទ្ធិមនុស្ស និងលើកកម្ពស់ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរឡើង»។
បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា ក្នុងអំឡុងសម័យប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសគាំទ្រសេចក្តីថ្លែងការណ៍រួមចំនួន ១៣ ដែលស្នើដោយអាស៊ាន ក្រុមមិត្តការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រទេសនៃក្រុមដែលមានគំនិតដូចគ្នា លើប្រធានបទ គ្រួសារ និងសិទ្ធិមនុស្ស សិទ្ធិស្ត្រី ការកាត់បន្ថយភាពក្រីក្រ ថាមពលស្អាតស្អំ ការប្រែប្រួលអាកាសធាតុ សាមគ្គីភាពអន្តរជាតិ និងជំនួយបច្ចេកទេស និងការកសាងសមត្ថភាពផងដែរ៕