ភ្នំពេញៈ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដែលត្រូវបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលសេសសល់នៅលើផ្ទៃដីឱ្យអស់។
លោក លី ធុជ បានលើកឡើងដែរថា មានផ្ទៃដីសរុប ១ ៨១៧ គីឡូម៉ែត្រក្រឡាដែលស្មើនឹង ១២ ០៧២ ចម្ការមីន/គ្រាប់, ផ្ទៃដីមានមីន ៥៣៨ គីឡូម៉ែត្រក្រឡាស្មើនឹង ៦ ៥៤៣ ចម្ការមីន, ផ្ទៃដីមានគ្រាប់បែកចង្កោម៦៩០ គីឡូម៉ែត្រក្រឡាស្មើនឹង ២ ៣៦៣ ចម្ការគ្រាប់និងផ្ទៃដីមានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន៥៩០ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣ ១៦៦ ចម្ការគ្រាប់។
លោក លី ធុជ បានថ្លែងដូចនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលការងារ បោសសម្អាតមីនកន្លងមក ដោយប្រើប្រាស់ថវិកាមូលនិធិសម្តេចតេជោ សម្រាប់ការងារបោសសម្អាតមីន កាលពីថ្ងៃទី១៨ ខែកក្កដា។
លោកបានបញ្ជាក់ដែរថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ ពី ២០២០-២០២២ កម្ពុជាបានរំដោះផ្ទៃដីមានមីនចំនួន ៤២០ គីឡូម៉ែត្រក្រឡា ស្មើនឹងពាក់កណ្តាលនៃការងារបោសសម្អាតមីនមនុស្សធម៌របស់រដ្ឋភាគីចំនួន ៣៣ ប្រទេសនៃអនុញ្ញាអូតាវ៉ា ដែលកំពុងតែប្រឈម និងប្រតិបត្តិការបោសសម្អាតមីន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹមដែលយកឆ្នាំ២០២៥ឱ្យក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ និងរបួស ហើយជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយសារគ្រាប់មីនរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។
ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចមានចំនួន២ ៧៩៥ គីឡូម៉ែត្រក្រឡា ដោយក្នុងនោះបានរកឃើញមីនប្រឆាំងមនុស្សចំនួន១ ១៦៧ ៧១៥គ្រាប់, មីនប្រឆាំងរថក្រោះចំនួន២៦ ២២២គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣ ០៧០ ៥២៦គ្រាប់។
លោក លី ធុជ ថ្លែងថា ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន១០០នាក់ក្នុង១ឆ្នាំជាមធ្យមរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
លោក ថ្លែងថា៖ «ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានទម្លាក់ថវិកាជាង៣០លានដុល្លារអាមេរិកសម្រាប់គម្រោងកម្ពុជាអស់មីន នៅឆ្នាំ២០២៥ ដែលក្នុងនោះយើងនឹងធ្វើការបោសសម្អាតដីដែលមានគ្រាប់មីនឱ្យអស់ប្រមាណជា១០ ៦៨០គីឡូម៉ែត្រក្រឡា»។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា ជនរងគ្រោះនីតិកាលទី៦ ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៣) មានចំនួន ២៧៥នាក់ តួលេខនេះមានការថយចុះ ៤៣% បើប្រៀបធៀបនីតិកាលទី៥ (ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៨) ដែលមានជនរងគ្រោះចំនួន ៤៨៣នាក់។
ប្រភពដដែលបានបន្តថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចសរុបចំនួន២១៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនបោសសម្អាតរួច មាន ១១៣គីឡូម៉ែត្រក្រឡា ដោយបានរកឃើញមីនប្រឆាំងមនុស្សចំនួន១២ ២៩៦គ្រាប់, មីនប្រឆាំងរថក្រោះចំនួន៨៧គ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣១ ៣០៧គ្រាប់។ ប្រជាពលរដ្ឋទទួលផលចំនួន១៥៣ ៧៥០គ្រួសារ ស្មើនឹង ៥៥២ ០០៧នាក់។
បើតាមអាជ្ញាធរមីនរាជធានី/ខេត្តអស់មីន សរុបចំនួន១២ ក្នុងនោះមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពត។
រីឯខេត្តដែលគ្រោងប្រកាសអស់មីន ក្នុងឆ្នាំ២០២៣ មានចំនួន ៦ខេត្ត ក្នុងនោះមានខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
លោក លី ធុជ ក៏បានបញ្ជាក់ដែរថា សម្រាប់ផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ មានផ្ទៃដីចំនួន ៣៥៨គីឡូម៉ែត្រការ៉េ ដែលត្រូវការថវិកាប្រមាណ ៧៨លានដុល្លារ៕