ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យភាគីអាល្លឺម៉ង់ ជឿទុកចិត្ត និងជឿជាក់កម្ពុជាលើការងារជំរុញការចងក្រងសហគមន៍កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាប្រឈមនានា លើផលិតកម្ម ខ្សែចង្វាក់នៃការផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
ជាមួយគ្នានោះ លោកក៏បានលើកឡើងពីបញ្ហាគម្របដី និងការទន្ទ្រានដី ដែលការងារនេះក្រសួងកំពុងយកចិត្តទុកដាក់គិតគូរ និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ លោករដ្ឋមន្ត្រីកសិកម្ម បានថ្លែងបែបនេះ ក្នុងពេលជួបជាមួយ លោក Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួងកសិកម្មកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។
ជាមួយគ្នានេះលោក ឌិត ទីណា ក៏បានលើកឡើងផងដែរថា មូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយកម្ពុជាក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមរបស់គណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍន៍ទាំងអស់ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដែលបានបង្កឡើងដោយក្រុមជ្រុលនិយមនៃរបបប៉ុល ពត ឬខ្មែរក្រហមបានបង្កវិនាសកម្ម និងផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់ នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា វិស័យកសិកម្មរវាងកម្ពុជា និងអាល្លឺម៉ង់មិនទាន់មានអ្វីលេចធ្លោនៅឡើយទេ ហើយវិនិយោគិនអាល្លឺម៉ង់ហាក់បីដូចជាមិនសូវមានផងដែរ។ យ៉ាងណាក៏ដោយ កន្លងមកមានការនាំចូលសម្ភាររថយន្តពីខាងភាគីអាល្លឺម៉ង់មកកាន់កម្ពុជាប៉ុន្តែ ការនាំស្រូវអង្ករឬសម្លៀកបំពាក់ទៅលក់គឺប្រើប្រព័ន្ធអនុគ្រោះពន្ធដែលសហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា។ លោកបានលើកឡើងថា ការទាក់ទាញវិនិយោគិនអាល្លឺម៉ង់គឺជារឿងសំខាន់ក្នុងការជំរុញវិស័យកសិកម្មកម្ពុជា។
អាល្លឺម៉ង់មានវិនិយោគិនដែលមានសក្ដានុពលខ្លាំងក្លា ក្នុងវិស័យកិសកម្ម ក៏ដូចជាក្នុងវិស័យផ្សេងៗទៀត ហេតុនេះកម្ពុជា អាចបង្កើតភាពទាក់ទាញធ្វើយ៉ាងណា ឱ្យមានការវិនិយោគ ក្នុងវិស័យកសិកម្ម សំដៅធ្វើការនាំចេញផលិតផលកសិកម្មណា ១ ទៅអាល្លឺម៉ង់។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា បើសិនណាយើងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រវាងកម្ពុជា និងអាល្លឺម៉ង់ ខ្ញុំគិតថា ជាកិច្ចការមួយល្អប្រសើរ ដ្បិតអាល្លឺម៉ង់មិនមានកិច្ចសហប្រតិបត្តិការទ្វេភាគីពាណិជ្ជកម្មឱ្យខ្លាំងក្លា ប៉ុន្តែការជួយលើនីតិរដ្ឋ វិស័យអប់រំ និងកិច្ចការបច្ចេកទេសជាច្រើនក្នុងវិស័យរដ្ឋបាល ក៏ដូចជាទំនាក់ទំនងការបរទេសជាដើម គឺអាល្លឺម៉ង់បានជួយមកកម្ពុជាច្រើន»។
លោកបន្ថែមថា ប្រទេសកម្ពុជានៅមានសក្ដានុពលច្រើនទាំងការដាំដុះ និងចិញ្ចឹមសត្វ ដោយមានផ្ទៃដីធំទូលាយ មានប្រព័ន្ធបឹងបួធំៗ ទន្លេ សមុទ្រ ដែលសុទ្ធតែជាទីកន្លែងសម្រាប់ចិញ្ចឹម ក៏ដូចជាការដាំដុះ។ ជាពិសេសកម្ពុជាមានអំណោយផលផ្នែកភូមិសាស្ត្រសម្រាប់ការធ្វើកសិកម្ម ដែលមិនងាយរងគ្រោះដោយករណីគ្រោះធម្មជាតិធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ការវិនិយោគនោះទេ ដែលចំណុចទាំងនេះសុទ្ធតែអាចទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។
លោកថ្លែងថា៖ «យើងមានកំពង់ផែល្អនៅសមុទ្រ យើងមានផ្លូវល្អស្អាត យើងនៅតែអាចទាក់ទាញវិនិយោគិន លើវិស័យកសិកម្មបាន ហើយស្របពេលកម្ពុជាយើងមានអំណោយផលតាំងពីអាកាសធាតុ តាំងពីដីមានជីជាតិប្រព័ន្ធធារាសាស្ត្រធំៗ អ៊ីចឹងខ្ញុំគិតថា យើងអាចទាក់ទាញពួកគាត់»។
លោក ហុង វណ្ណៈមើលឃើញថា កន្លងមកវិស័យសិកម្មកម្ពុជាមានសម្ទុះខ្លាំងក្លាពី ១ ឆ្នាំទៅ ១ ឆ្នាំព្រមទាំងមានវិនិយោគិនបរទេសច្រើនផងដែរ ដូចជាជប៉ុនដែលបានដាំស្វាយចន្ទី ក្រុមហ៊ុននូវែលសេឡង់ដែលមកចិញ្ចឹមគោ មានក្រុមហ៊ុនស៊ីភី របស់ថៃមកចិញ្ចឹមជ្រូក និងមានក្រុមហ៊ុនជាច្រើនទៀតមកចិញ្ចឹមត្រី។ ជាមួយគ្នានោះ ក៏មានការធ្វើកសិកម្មសម្រាប់ក្រុមហ៊ុនធំៗដូចជា កៅស៊ូ ម្រេច និងចេកអំបូងលឿងនាំចេញទៅប្រទេសចិនជាដើម៕