ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានចាត់ទុកការខិតខំប្រឹងប្រែងរបស់សហជីពថា បានរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី។
លោកបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកានៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) នាថ្ងៃទី ១៨ ខែកក្កដា ដែលមានអ្នកចូលរួមប្រមាណជា ១ ០០០ នាក់។
លោក ស ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហជីព នាពេលកន្លងមក ខណៈលោកថា សកម្មភាពនេះពិតជាបានរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ស្របតាមនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ស ខេង លើកឡើងថា ៖ «សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានរួមចំណែកពង្រឹង និងបង្កើនកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសពីក្នុងចំណោមកម្មករ កម្មការិនី និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបន្តបុព្វហេតុនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងនៅថ្ងៃទី ១៨ ខែកក្កដាថា បើពិនិត្យមើលទៅលើទិដ្ឋភាពច្បាប់ដូចជាច្បាប់ការងារ ច្បាប់រដ្ឋធម្មនុញ្ញ អនុសញ្ញាអន្តរជាតិ សុទ្ធតែបានផ្តល់ឱកាសឱ្យមានការបង្កើតសហជីព សមាគមន៍ និងអង្គការសង្គមស៊ីវិលផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិកម្មករ និងសិទ្ធិពលរដ្ឋទូទៅ។
លោកបន្តថា ប៉ុន្តែកន្លងមកឃើញថា នៅមានបញ្ហាជាច្រើននៅក្នុងវិស័យការងារ ព្រោះមានសហជីពជាច្រើនដែលធ្វើការលើកម្ពស់សិទ្ធិកម្មករ តែងទទួលរងបញ្ហាប្រឈមពីសំណាក់និយោជក អាជ្ញាធរ និងពេលខ្លះពីតុលាការជាដើម។
លោកថា៖ «ផ្ទុយទៅវិញមានសហជីពមួយចំនួនគាត់ធ្វើមិនត្រូវតាមគោលការណ៍ច្បាប់ទេ ពួកគាត់ស្ថិតនៅក្រោមឥទ្ធិពលនិយោជក ឥទ្ធិពលសាសនា និងគណបក្សផ្សេងៗ តែគាត់បែរជាធ្វើសកម្មភាពការងារបានងាយស្រួល»។
លោកបន្តថា៖ «ប៉ុន្តែជាក់ស្តែងពួកគាត់មិនសូវបានចូលរួមជួយកម្មករទេហើយមានរឿងជាច្រើនគាត់កាន់ជើងថៅកែ អ៊ីចឹងជាការស្នើសុំរបស់ខ្ញុំ ចង់ឱ្យមានការពិនិត្យមើលឡើងវិញពីសកម្មភាពរបស់សហជីពទាំងនោះ តើជាការជួយកម្មករបានពិតប្រាកដមែនឬទេ?»៕