​ភ្នំពេញៈ​​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​កំណត់​គោល​នយោបាយ​ការ​បរទេស​នៅ​អាណត្តិ​បន្ទាប់ ​ដោយ​យក​ប្រយោជន៍​ជាតិ​ជាធំ និង​សន្តិភាព​និយម ​ហើយ​ប្រើ​ឥរិយា​បថ​ទន់​ភ្លន់​តែ​ម៉ឺង​ម៉ាត់​ដែល​បត់​បែន​ក្នុង​លម្ហ​ទំនាក់​ទំនង​អន្តរ​ជាតិ ដោយ​ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ ​ធម្មនុញ្ញ​អង្គការ​សហប្រជា​ជាតិ​និង​អាស៊ាន​។​

​លោក​គង់ ភោគ ​រដ្ឋ​លេខាធិ​ការ​ក្រសួង​ការប​រទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ ​តំណាង​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​គណ​បក្ស​នេះលើ​ប្រធាន​បទ «​គោល​នយោ​បាយ​ការ​បរទេស​» សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកា​ល​ទី​៧ ឆ្នាំ​២០២៣ ​កាល​ពី​ថ្ងៃទី​១៨ ខែ​កក្កដា​ឆ្នាំ​២០២៣​។​

​លោក​គង់ ​ភោគ បាន​ថ្លែង​ថា ដោយ​មើល​ឃើញ​ពី​គ្រោះ​ថ្នាក់​នៃ​កា​រប្រកួត​ប្រជែង​ឥទ្ធិពល​របស់​មហា​អំណាច ​និង​ការប្រែ​ប្រួល​ភូមិ​សាស្ត្រ​នយោ​បាយ​ពិបាក​ស្មាន​ សម្រាប់​អាណត្តិ​ទី​៧ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​បន្ត​ប្រកាន់​យក​ប្រយោ​ជន៍​ស្នូល​របស់​កម្ពុជា​ដោយ​គោរព​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ​ជាតិ ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី និង​ឯក​រាជ្យ​ជាតិ​ ដោយ​មាន​ជំហរ​មិន​ចូល​បក្ស​សម្ព័ន្ធយក​សន្តិភាព​ជា​ធំ​។​

​លោក​ថា៖«​កម្ពុជា​នឹង​មិន​យក​អធិប​តេយ្យ​កម្ពុជា​ទៅ​ដោះ​ដូរ​នឹង​ប្រយោជន៍​ពាណិជ្ជ​កម្ម​ឬ​ជំនួយ​ណា​មួយ​ឡើយ​»​។​

​សម្រាប់​បញ្ហា​បន្ទាត់​ព្រំដែន ​កម្ពុជា​នឹង​គោរព​ច្បាប់​អន្តរ​ជាតិ​ មាន​ជំហរ​កែ​ប្រែ​ខ្សែប​ន្ទាត់​ព្រំដែន​ជាមួយ​ប្រទេ​ស​ជិត​ខាង​ជា​ព្រំដែន​សន្តិ​ភាព មិត្ត​ភាព សហ​ប្រតិ​បត្តិ​ការ និង​អភិវឌ្ឍន៍​។ សម្រាប់​ទំនាក់​ទំនង​នឹង​ប្រទេស​នានា ​កម្ពុជា​នឹង​បន្ត​នយោ​បាយ​ឯករាជ្យ​ ស្រ​បតាម​ច្បាប់​អន្ត​រជាតិ ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​អាស៊ាន​។ នេះ​បើតាម​ការ​លើក​ឡើង​បន្ថែម​របស់​លោក ​គង់ ភោគ​។​

​លោក​បាន​បញ្ជាក់​ថា ៖ «​កម្ពុ​ជា​នៅ​បន្ត​រក្សា​គោលកា​រណ៍ ៧​មិន ​គឺមិន​គាំទ្រ​ការប្រើ​ប្រាស់​កម្លាំង​, មិន​គាំទ្រ​ការ​ឈ្លាន​ពាន​រដ្ឋ​ឯករា​ជ្យ​, មិន​គាំទ្រ​ដល់​ចលនា​បំបែក​រដ្ឋ​, មិន​គាំទ្រ​ដល់​ការ​កាត់​យក​ដី​ពី​រដ្ឋ​អធិប​តេយ្យ​, មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​,​មិន​ឱ្យមាន​មូល​ដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា និង​មិន​ចូល​រួម​ជា​មួយ​ប្រទេស​ណា​មូ​យ ឬ​ក្រុម​ណា​មួយ​ប្រឆាំង​ប្រទេស ​ឬ​ក្រុម​ណា​មួយ​»​។​

​លោក​គង់​ ភោគ​ សង្កត់​ធ្ងន់ថា​៖ «​ធ្វើការ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់​ទំន​ងជា​ប្រពៃណី​ជាមួយ​ប្រទេស​មិត្ត​ចាស់​ និង​កសាង​មិត្ត​ភាព ​សហប្រ​តិបត្តិការ​ជាមួយ​មិត្ត​ថ្មី និង​ថែ​ទាំ ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជាមួ​យ​មិត្ត​ជិត​ខាង​និង​ក្នុង​តំបន់​»​។​

​លោក​បាន​បញ្ជាក់​ដែរ​ថា រដ្ឋា​ភិបាល​គណ​បក្ស​នេះ​នឹង​ស្វែងរក​កា​រពង្រឹង​តួនាទី​កម្ពុជា​លើ​ឆាក​ និង​វេទិកា​អន្តរ​ជាតិ តាម​រយៈ​ពង្រឹង​យន្ត​ការ​ពហុ​ភាគី​និយមនិង​ប្រើប្រាស់​សមិ​ទ្ធផល​ពី​ជោគ​ជ័យ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​អា​ស៊ាន​ឆ្នាំ​២០២២ ​ការធ្វើជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដើម្បី​ស្មើ​មុខ​ស្មើមាត់​នឹង​ប្រទេស​នានា​ក្នុង​សកល​លោក​។​

​សម្រាប់​ការ​ទូត​សេដ្ឋកិច្ច​ កម្ពុជា​នឹង​ខិតខំ​ជំរុញ​ការ​ទាក់​ទាញ​វិនិយោគ ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិត​ផល​ គាំទ្រ​ឧស្សា​ហ​កម្ម​នាំ​ចេញ ជា​មួយ​ការ​លើក​ស្ទួយ​វប្បធម៌​ និង​ទេសច​រណ៍​ជាតិ​។ កម្ពុជា​នឹង​យក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ ទ្វេ​ភាគី និង​ពហុ​ភាគី​ដើម្បី​គាំទ្រ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​។​

​លោក​បាន​លើកឡើ​ង​ដែរ​ថា សម្រាប់​ធនធាន​មនុស្ស​ផ្នែក​ការទូត ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្តេជ្ញា​បណ្តុះ​និង​អភិវឌ្ឍ​សមត្ថ​ភាព​មន្ត្រី​ការ​ទូត​ជាតិប្រក​បដោយ​វិជ្ជា​ជីវៈ ស្នេហា​ជាតិ ដែល​មាន​សក្តានុ​ពល ​ព្រម​ទាំង​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ផ្ទៃក្នុង​ផ្នែក​ការ​ទូត​ដើម្បី​ទទួល​បាន​កាលានុ​វត្ត​ភាព​ ពិសេស​ពង្រីក​ដែន​ទំនាក់​ទំនង​ការ​ទូត​តាម​រយៈ​ការ​បន្ថែម​ស្ថាន​អគ្គ​រាជ​ទូត​ទៅ​តាម​តំបន់​សំខាន់ៗ​ក្នុង​លោក​។​

​ជុំវិញ​នយោ​បាយ​ការ​បរទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះលោក​គិ​ន ភា ប្រធាន​វិទ្យាស្ថា​ន​ទំនាក់ទំ​នង​អន្ត​រជាតិ​នៃ​រាជបណ្ឌិ​ត្យ​សភាកម្ពុ​ជា​បាន​ថ្លែង​ថា ការកំ​ណត់​នេះ​ស្រ​បតាម​​រដ្ឋ​ធម្មនុញ្ញ​ក​ម្ពុ​ជា​នៅ​ឆ្នាំ​១៩៩៣​ ត្រង់​មាត្រា​៥៣ ​ពាក់​ព័ន្ធ​នយោ​បាយ​ការប​រទេស​ដែល​លើក​ឡើង​ថា ​កម្ពុជា​ជា​ប្រទេស​អ​ព្យា​ក្រឹត​អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ និង​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជ​មាន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភព​លោក​។

​លោក​បាន​ចាប់​អា​រម្ម​ណ៍​ត្រង់​ការ​ប្រើ​ពា​ក្យពេចន៍​​ការប​រទេស​តួយ៉ាង ​នយោ​បាយ​ការប​រទេស​ឯករាជ្យ​ផ្អែកលើ​ច្បាប់​និង​គោល​ការណ៍«៧​មិន​» ដែល​លោក​ថា ជាការ​ឆ្លើយ​តប​សម​ស្រប​ដល់​បរិបទ​ប្រណាំង​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ ហើយ​មាន​ការ​ប្រែ​ប្រួល​រហ័ស​ពិបាក​ប៉ាន់​ស្មាន​។​

​លោ​កគិ​ន ភា ថ្លែងថា​​៖ «​កម្ពុជា​ជា​ប្រទេស​តូច យើង​ត្រូវ​តែ​ផ្អែក​លើ​ច្បាប់ ​ហើយ​ឈរលើ​គោល​ការណ៍​ពហុ​ភាគី​និយម​ ហើយ​ត្រូវតែ​ធានា​បាន​នូវ​ឯករាជ​ភាព​របស់​កម្ពុជា​។ កន្លង​មក​យើង​ឃើញ​ហើយ​ថា ​សម្តេច​ហ៊ុន សែន តែង​លើក​ឡើង​ថា កម្ពុជា​មិន​លក់​អធិប​តេយ្យ​ខ្លួន​ជា​ថ្នូរ​នឹង​ប្រយោ​ជន៍​ពាណិជ្ជក​ម្ម​ណា​មួយ​ទេ​»​។​

​លោក​បន្ថែម​ថា កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​តូច ​ត្រូវតែ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ពហុ​ភាគី​និយម​នៅ​ចន្លោះ​ការ​ប្រណាំង​ប្រជែង​ឥទ្ធិពល​មហា​អំណាច​២ ហើយ​ចូល​រួម​ពង្រឹង​តួនាទី​របស់​អាស៊ាន​ព្រោះ​អង្គការ​តំបន់​នេះ​ជា​ច្រក​កា​រទូត​ដ៏​សំខាន់​និង​ច្រក​សេដ្ឋ​កិច្ច​-​ពាណិជ្ជ​កម្ម​ធំ​របស់​កម្ពុជា​ផង​ដែរ​៕