ភ្នំពេញៈ របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​បង្ហាញថា ក្នុង​រយៈពេល​ ៦ ​ខែ ក្នុង​ឆ្នាំ ​២០២៣​ នេះ​មាន​កម្មករសំណង់​ប្រមាណ​ជាង ​៦០០ ​នាក់​បានមក​ចុះ​បញ្ជិកា​ដើម្បី​ទទួលបាន​បណ្ណ ប​.​ស​.​ស ដែល​ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ​ ២៣% ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ប្រាប់​ឱ្យដឹងថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ ២០២៣ ​នេះ មាន​សហ​គ្រាស​វិស័យ​សំណង់​ចំនួន ៤៣៦ និង​កម្មករសំណង់​សរុប​ចំនួន ២៨ ៣៣០​ នាក់ ក្នុងនោះ​ស្រី​ចំនួន ៥ ១៧២​ នាក់ បានមក​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម​។

លោក​បន្តថា ដោយឡែក​ក្នុង​រយៈពេល​ ៦ ​ខែ ចាប់ពី​ខែមករា រហូតដល់​ខែមិថុនា ក្នុង​ឆ្នាំ ​២០២៣ ​នេះ មាន​កម្មករ​វិស័យ​សំណង់​ចំនួន ៣៣ ​សហគ្រាស ស្មើនឹង ៦៧១ ​នាក់ ក្នុងនោះ​ស្រី​ចំនួន ១៤៥ ​នាក់ បានមក​ចុះ​បញ្ជិកា​ដើម្បី​ទទួល​បាន​បណ្ណ ប​.​ស​.​ស បើ​ប្រៀប​-​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ សហគ្រាស​មានការ​កើនឡើង ​៤៣% និង​កម្មករ​-​និយោជិត​ក្នុង​វិស័យនេះ​មាន​កើនឡើង ២៣% ប៉ុណ្ណោះ​។​

​លោក​ថ្លែងថា​៖ «​ករណីនេះ​បង្ហាញ​ពី​ភាពលំបាក​គ្រប់គ្រង ជាពិសេស​ការធ្វើ​ការមិន​ទៀង​ទាត់​នៃ​កម្មករនិយោជិត​វិស័យ​មួយ​នេះ​ដូច្នេះហើយ ប​.​ស​.​ស ក៏​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ចុះបញ្ជី​កម្មករ​-​និយោជិត​វិស័យ​សំណង់​នេះ​ផង​​ដែរ​ព្រោះ​កម្មករ​មាន​ចលនា​ចេញ​ចូលធ្វើ​ការមិនទៀង​ទាត់ និង​មិនមាន​អត្តសញ្ញាណប័ណ្ណ​ជាដើម​»​។​

​លោក​ ហេង សុផាន់​ណា​រិ​ទ្ធ ​បន្តថា ខណៈ​ដែលមាន​បញ្ហា​ប្រឈម​ទាំងនេះ​ជា​ដំណោះស្រាយ ប​.​ស​.​ស​ក៏បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​កម្មករនិយោជិត​ទាំងនោះ ឱ្យ​យល់​ពី​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ចៀសវាង​ការផ្លាស់ប្តូរ​ចេញ​-​ចូល មិន​ច្បាស់លាស់​»​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ក៏​សំណូមពរ​ទៅដល់​ម្ចាស់​ក្រុម​ហ៊ុន​សំណង់ អ្នកម៉ៅការ​ត្រូវមាន​ឆន្ទៈ មក​ចុះបញ្ជី រាយការណ៍​ចំនួន​កម្មករ​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​បង់​ភាគទាន​ជូន​កម្មករ ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ ប្រកបដោយ​ស្មារតី​ទទួលខុស​​ត្រូវ​ខ្ពស់ ព្រោះនេះ​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់បំផុត និង​ជា​គុណធម៌​ក្នុងនាម​ជា​និ​យោ​​ជក​មិន​ថា ក្រុមហ៊ុន​ ឬ​អ្នកម៉ៅការ​នោះទេ​។

​លោក យ៉ាន់ ធី អគ្គលេខា​ធិ​ការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC)​ ថ្លែងថា យោងតាម​របាយការណ៍​របស់​ក្រសួង​ដែនដី បានបង្ហាញ​កន្លងមក​ថា ចំនួន​កម្មករសំណង់​សរុប​ក្នុងប្រទេស​​កម្ពុ​ជាមាន​ចន្លោះ​ពី ២០ ​ម៉ឺន ទៅ​ ២៥ ​ម៉ឺន​នាក់​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​បម្រើ​ការងារ​មិនជា​ប់​លាប់​មិនមាន​ការកំណត់​ប្រាក់​ឈ្នួល​ពេលខ្លះ​ត្រូវបាន​អ្នក​ម៉ៅ​​ការរត់​ចោល​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ក៏មាន​។

​លោក​បន្តថា ប៉ុន្តែ​សម្រាប់​កម្ម​​ករ​សំណង់​ដែលជា​សមាជិក​របស់​ស​ហ័​ន្ធ BWTUC មកដល់​ពេល​នេះ​គឺ​បាន​កត់ត្រា​មាន​ចំនួន​សរុប ១១ ៣៦៤​ នាក់ ហើយ​ក្នុងនោះ​មានតែ​សមាជិក ៨ ១១៧​ នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​និយោជក ចុះបញ្ជី​ពួកគាត់​ក្នុងការ​ទទួល​បណ្ណ​ប​.​ស​.​ស​។​

​ហេតុនេះហើយ លោក យ៉ាន់ ធី ថា ចំនួន​កម្មករសំណង់​ទាំង​​នេះ នៅមាន​តិចតួច​ខ្លាំងណាស់​ដែល​ទទួលបាន​បណ្ណ ប​.​ស​.​ស ខណៈដែល​ពួកគាត់​បច្ចុប្បន្ននេះ កំពុង​ប្រឈម​នឹង​បញ្ហា​ដូចជា​ពេល​មាន​គ្រោះថ្នាក់​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ការ​ព្យា​បាល​ហើយក៏​អាច​នឹង​ប៉ះពាល់​ដល់​ការចំណាយ​ផ្សេងៗ​ទៀត​នៅក្នុង​គ្រួសារ​ពិសេស​ពួកគាត់​អាច​នឹង​ងាយ​ធ្លាក់​ចូលក្នុង​ស្ថាន​ភាពក្រីក្រ​បើ​មាន​ករណី​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ចំពោះ​ពួកគាត់​។​

​លោក ​យ៉ាន់ ធី បាន​លើកឡើងថា​៖ «​ចំពោះ​ឧបសគ្គ​ដែល​រារាំង​កម្មករសំណង់ មិនអាច​ទទួល​បាន​បណ្ណ ប​.​ស​.​ស ហ្នឹង គឺ​កើតឡើង​ដោយសារ​តែមាន​ក្រុមហ៊ុន ឬ​ការដ្ឋាន​សំណង់​មួយចំនួន នៅ​មិនទាន់បាន​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស នៅឡើយ​ទេ ហើយ​ក៏មាន​ក្រុមហ៊ុន​មួយចំនួនទៀត​បាន​ចុះបញ្ជី​តែ​បង់​ភាគទាន​សម្រាប់តែ​បុគ្គលិក​ធំៗ​ប៉ុណ្ណោះ​»​។​

​លោក​បន្ថែមទៀតថា ក្រៅពីនេះ​ក្នុង​វិស័យ​សំណង់​ក៏មាន​អ្នក​ម៉ៅ​ការបន្ត​ច្រើនពេក ដែលជា​បញ្ហា​ពិបាក​ក្នុង​ការរក​អ្នកទទួល​ខុសត្រូវ​លើ​បញ្ហា​របស់​កម្មករ ហើយ​ក្រុម​អ្នកម៉ៅការ​ទាំងនោះ​ភាគច្រើន​មិនបាន​ចុះបញ្ជី​អា​ជី​វ​កម្ម​របស់ខ្លួន​ឡើយ​។​យោងតាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ នៅ​ទូទាំង​ពិភពលោក មាន​កម្មករនិយោជិត​ប្រមាណ​ជាង ៣​ លាន​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​ទាក់ទង​នឹង​វិជ្ជាជីវៈ និង​កម្មករ​-​និយោជិត​ចំនួន ៣៧៤​ លាន​នាក់​បន្ថែមទៀត ទទួលរង​ពី​គ្រោះថ្នាក់​ការងារ​របស់​ពួកគេ ប៉ុន្តែ​មិន​បណ្តាលឱ្យ​បាត់បង់​ជីវិត​ទេ​៕