ភ្នំពេញៈ លោកនាយរកដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៨ ខែកក្កដា បានចេញសេចក្តីសម្រេចដោយកំណត់យកថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី ១៩ ខែកក្កដា បានឱ្យដឹងថា ការងារនេះគឺជាកិច្ចការរបស់លោកនាយករដ្ឋមន្ត្រីក្នុងការកំណត់កាលបរិច្ឆេទលើការរៀបចំការបោះឆ្នោតសកល និងអសកលហើយក៏មិនមានអ្វីជាការលំបាកសម្រាប់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតនេះដែរ។
លោកថា៖«ការបោះឆ្នោតនេះ មិនមានភាពទូលំទូលាយ ដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ ព្រោះការបោះឆ្នោតនេះ មានតែក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាក្រុង ស្រុក ជាដើមជាអ្នកបោះឆ្នោត ខណៈប្រជាពលរដ្ឋធម្មតាទូទៅផ្សេងទៀត មិនចូលរួមនោះទេ ជាពិសេសការបោះឆ្នោតនេះ ក៏មិនមានគណបក្សនយោបាយចូលរួមច្រើនដែរ»។
ចំណែក លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនៅថ្ងៃទី១៩ ខែកក្កដា ថា នៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់ក្រសួងមហាផ្ទៃក្នុងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោត។
លោកបន្តថា ក្រោយទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កំណត់កាលបរិច្ឆេទជាក់លាក់អគ្គលេខាធិការដ្ឋាននៃគជប នឹងរៀបចំផែនការមេប្រតិទិន សម្រាប់ការបោះឆ្នោត សម្ភារបរិក្ខារបោះឆ្នោតព្រមទាំងថវិកា សម្រាប់ដំណើ រ ការបោះឆ្នោតមួយនេះផងដែរ។
លោក សោម សូរីដា សង្កត់ធ្ងន់ថា៖ «នៅក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ នេះ គ.ជ.ប នឹងមានកិច្ចការសំខាន់ចំនួន២បន្ថែម សម្រាប់ដំណើរការបោះឆ្នោត ដោយក្នុងនោះការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការរៀបចំពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំរបស់ខ្លួន»។
បើតាមលោក សោម សូរីដា បើទោះបីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ មិនទាន់បានបោះក្តី តែ គ.ជ.ប មិនមានការព្រួយបារម្ភទេ ព្រោះ គ.ជ.ប មានបទពិសោធន៍រួចហើយលើកិច្ចការងារបោះឆ្នោតនេះ។
លោកថ្លែងថា៖«តាមពិត គ. ជ.ប បានត្រៀម ១ ជំហានរួចហើយ លើការបោះឆ្នោតនេះយើងរង់ចាំតែកាលបរិច្ឆេទជាក់លាក់ដែលរាជរដ្ឋាភិបាលបានប្រកាសនោះទេ។ កិច្ចការងារបោះឆ្នោតនេះមិនមានលំបាកអ្វីទេ ព្រោះវាជាការងារ និងវិជ្ជាជីវៈរបស់គ.ជ.ប»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិកថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាតួនាទីរបស់នាយករដ្ឋមន្ត្រី ក្នុងការប្រកាសកំណត់ថ្ងៃក្នុងការបោះឆ្នោតដែលមានអាណត្តិ ៦ ឆ្នាំបោះឆ្នោតម្តង។
លោកថា ការបោះឆ្នោតនេះទៀតសោត គឺមានលក្ខណៈខុសគ្នាពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដូចដែលគ.ជ.ប បាននិងកំពុងរៀបចំធ្វើនាពេលបច្ចុប្បន្ន ព្រោះការបោះឆ្នោតសមាជិកព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកលដែលមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រ នៅក្នុងតំណែងជាអ្នកបោះឆ្នោត ខណៈប្រជាពលរដ្ឋធម្មតា មិនមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតនេះទេ។
លោកបានថ្លែងថា៖ «ការបោះឆ្នោតនេះ មិនមានអ្វីជាការលំបាកដល់ គ.ជ.ប រៀបចំទេ ព្រោះចំនួនមានកំណត់ហើយក៏គេ (គណបក្សនយោបាយ) ដឹងមុនហើយស្រេច ព្រោះអ្នកដែលទៅបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រជាដើម»៕