ប៉ៃលិនៈ​ ក្រុមការងារ​ជីវភាព​សហគមន៍​រប​ស់​អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា បានធ្វើ​ការ​សិក្សា​​ស្រាវជ្រាវ​ ទៅលើ​លទ្ធភាព​សេដ្ឋ​កិច្ច និង​​​បរិស្ថាន​ពី​ការដាំដុះ និង​លក់​ក្រវាញ​របស់​សហគមន៍ ដែ​ល​រស់នៅ​ក្នុងភូមិ​គោលដៅ​គម្រោ​ង​រ៉េដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តា​ល​​​។

អង្គការ​អភិរក្ស​អន្តរ​ជាតិ​កម្ពុ​ជា ឱ្យ​ដឹង​ថា ថ្មីៗនេះ ក្រុមការ​ងារ បាន​ចុះ​ជួប​សមាជិក​សហ​គមន៍ និង​អាជីវករ​នៅក្នុង​ខេត្ត​ប៉ៃ​លិន ពោធិ៍សាត់ និង​កោះកុង ដើម្បី​ស្វែ​ង​យល់​អំពី​បរិបទ និង​ស្ថាន​ភាព​ដំណាំ​ក្រវាញ​នៅ​ប្រទេស​កម្ពុជា​។ ទន្ទឹមនេះ​ ក្រុមការងារ ក៏បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តច័ន្ទ​ប៊ុរី (Chathaburi) ប្រទេ​សថៃ ដើម្បី​ពិភាក្សា​ជាមួយ​កសិករ មន្ត្រី​រដ្ឋា​ភិបាល និង​អ្នកសិក្សា​ស្រាវជ្រាវ ក្នុងការ​ស្វែងយល់​អំពី​របៀប​ ដែល​ពួកគេ​ប្រើប្រាស់​ដំណាំ​ក្រវាញ​។​

អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់ថា​៖«​ក្រវាញ​ជា​ដំណាំ​កេរដំណែល​១​ ដ៏​សំខាន់ ​សម្រាប់​សហគមន៍​ជន​ជាតិដើម​ភាគតិច​ជាច្រើន ដែល​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​ជួរ​ភ្នំក្រវាញ​។ ដំណាំ​ក្រវាញ​មិនអាច​ដាំ​ដុះ​ដោ​យ​គ្មាន​ម្លប់​បានទេ ហើយ​ផ្នែក​ជា​ច្រើន​នៃ​ក្រវាញ​នេះ​អាច​លក់​បា​ន​​ផងដែរ​»។ លើស​ពីនេះ​ទៅ​ទៀត ស្លឹក និង​ដើម​របស់​ក្រវាញ អាច​ប្រើប្រាស់​ជា​អាហារ និង​ភេសជ្ជៈ ដូចជា​ស៊ុប​មាន់​ ជាមួយនឹង​ដើម​ក្រវាញ​។ គ្រាប់​របស់​ក្រវាញ​អាច​ប្រើ ឬ​កែច្នៃ​ជា​គ្រឿងសម្អាង និង​ជា​​ឱសថ​បុរាណ ហើយ​កូន​ក្រវា​ញ​អាច​លក់​ទៅឱ្យ​កសិករ​សម្រា​ប់​ធ្វើ​ការដាំ​ដុះ​បន្ត​។​

ក្រៅ​ពី​ការសិក្សា អង្គការអភិរក្ស​អន្តរជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្រុមការងារ​កំពុង​បន្ត​វិភា​គ​លទ្ធផល​ដែល​ពួកគេ​បាន​រកឃើញ​​តាមរយៈ​ការ​សិក្សា​​ស្រាវ​ជ្រាវ​នេះ ដើម្បី​ជា​ផ្នែក​មួយ​ នៃ​ការបង្កើត​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ជីវភាព​សហ​គមន៍​រប​ស់​គម្រោង​រេ​៉ដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល​។​

លោក អ៊ុំ សូ​នី នាយក​ប្រចាំ​ប្រទេស​អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា បាន​និយាយ​ថា ជាមួយ​នឹង​ការសិក្សា​នេះ នៅ​អំឡុង​ខែ​មករា ដល់មីនា ឆ្នាំ​២០២៣ ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RU​PP) ក៏​បាន​សហការ​ជាមួយ​អង្គ​ការ​អភិរក្ស​អន្តរជាតិកម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ កោះកុ​ង និង​ពោធិ៍សាត់ ដើម្បី​ធ្វើការ​វាយ​តម្លៃ​សេដ្ឋ​កិច្ចសង្គម​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តា​ល​​​។

​លោក បាន​បញ្ជាក់ថា​៖«​ក្រុមការងារ​បាន​ប្រើប្រាស់​ឧបករណ៍​ដូចជាការវាយតម្លៃ​សង្គម​សម្រា​ប់​​តំបន់​អភិរក្ស និង​តំបន់​ការពារ (SAPA) និង​ការវាយ​តម្លៃ​កម្រិ​ត​តំបន់​ទៅលើ​អភិបាលកិច្ច និង​សម​ធម៌ (SAGE) ដើម្បី​ប្រមូល​ទិន្ន​ន័យ​មូលដ្ឋាន​ស្តីពី​សុខុមា​លភាព​របស់​សហ​គម​ន៍​មូលដ្ឋាន អភិ​បាលកិច្ចនិង​សមធម៌នៅ​​ក្នុ​ង​​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញកណ្តា​ល​​»។ ជា​លទ្ធផល ក្រុម​​ការងារ​បានធ្វើកា​រ​ស្ទង់​មតិ​ប្រជា​ពលរដ្ឋ​ចំនួន ៤៧៩ គ្រួសារ​ និង​រៀប​ចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​មួយ​សមាជិក​សហគម​ន៍​ជាច្រើន​នៅក្នុង​ភូមិ​ចំនួន ២៤ នៃ​ខេត្ត​ទាំង​៣​។​

តាម​របាយការណ៍​រយៈ​ពេល​ ៣ ​ខែនៅ​ដើម ឆ្នាំ​២០២៣​ នេះ អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា បានធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​​ក្រសួងបរិស្ថាន ដើម្បី​គាំទ្រ​លើ​សកម្មភាព​អនុវត្តន៍​ច្បាប់​ទៅ​ដល់​មន្ទីរ​បរិស្ថាន​ទាំង​៣ រួមមាន ខេត្ត​កោះកុង ខេត្ត​ពោធិ៍​សាត់ និង​ខេត្ត​កំពង់​ស្ពឺ​។

របាយការណ៍ បាន​បន្តថា មន្ត្រីឧ​ទ្យា​នុ​រក្ស​ចំនួន​ ៤២​ នាក់(​ស្ត្រី​ ១​​ នាក់​)បានធ្វើ​ការចុះ​ល្បា​ត​​បាន​រយៈ​ចម្ងាយ ១២,​៦៥១​ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​លើ​មធ្យោបាយ ​ដើម្បី​ល្បាត​មាន​ដូច​ជា រថយន្ត​បាន​ចំនួន ២,២៣០​ គីឡូ​ម៉ែត្រ ថ្មើរជើងបាន ១, ០​៧​៥​ គីឡូម៉ែត្រ ទូកម៉ាស៊ីន​បាន​ ១៤​០ ​​គីឡូម៉ែត្រ និង​ម៉ូតូ​ចំនួន ៩,​២០​៦ ​គីឡូម៉ែត្រ នៅ​ក្នុង​​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល និង​របៀង​អភិ​​រក្ស​ជីវចម្រុះ​។

ជា​លទ្ធផល​នៅក្នុងពេល​ល្បា​ត និង​ចុះ​ធ្វើការ​អនុវត្ត​ច្បាប់​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​អប់រំ​ជន​ល្មើ​ស​ចំនួន ២ ​នាក់ ដែល​បាន​ចូលក្នុង​តំបន់​ការពារ​ដោយ​គ្មាន​ការ​អនុ​​ញ្ញាត និង​បានធ្វើ​ការពិន័យ​អន្តរការណ៍​ចំនួន ​១​ ករណី ពីបទ​ដឹកជញ្ជូន​អនុផល​ឈើ​​ព្រៃ​ដោ​យ​​គ្មាន​ការអនុញ្ញាត និង​បាន​ឃា​ត់​ខ្លួន​ជនសង្ស័យ​ចំនួន ​២ ​នាក់​ក្នុង​ករណី​កាប់ គាស់ រុករាន​ដីព្រៃ ឆ្ការ​ដុត ដើម្បី​​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ​​​ខុសច្បាប់ (​ម្នាក់​ត្រូវបាន​ដោះ​លែង​វិញ​ ដោយ​ការសម្រេច​រប​ស់ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍​សាត់​) និ​ង​ធ្វើ​កិច្ចសន្យា​ចំនួន ​១​ នាក់​។ នេះ​បើតាម​របាយ​ការណ៍​ដដែល​៕