ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារនយោបាយនៅលើបណ្ដាញតេឡេក្រាមរបស់លោក នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយបានអះអាងថា ការបោះឆ្នោតសកលឆ្នាំ ២០២៣ ក្រៅពីការប្រកួតប្រជែងក្នុងចំណោមគណបក្សនយោបាយទាំង ១៨ គណបក្ស ទន្ទឹមគ្នានោះក៏មានការប្រកួតប្រជែងជាមួយកម្លាំងគណបក្សដែលព្យាយាមបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យផងដែរ។
យោងតាមសាររបស់លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ «តើថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា»។
សាររបស់លោក ហ៊ុន សែន បានឱ្យដឹងទៀតថា៖ «ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត»។
លោកអះអាងទៀតថា៖ «ការបោះឆ្នោតសកលឆ្នាំ ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ គណបក្សដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ យើងនៅមានការប្រកួតប្រជែងរវាង ១៨ គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានបង្ហាញពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងលោកសម រង្ស៊ី ដែលត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (PEC) សម្រេចពិន័យជាប្រាក់ចំនួន ២០ លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល ២៥ ឆ្នាំ ខណៈជនល្មើសចំនួន ១៦ រូបផ្សេងទៀត ក៏ត្រូវបានផាកពិន័យជាប្រាក់ ពី ១០ ទៅ ២០ លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ពី ២០ ទៅ ២៥ ឆ្នាំ។
លោក ជិន ម៉ាលីន បានលើកឡើងកាលពីថ្ងៃទី ១៨ ខែកក្កដាថា ផ្អែកតាមមាត្រា ១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោត បំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវចាត់ទុកជាបទល្មើស ដែលត្រូវរងទោសផងដែរ។
លោកបញ្ជាក់ទៀតថា អ្នកដែលប្រព្រឹត្តអំពើល្មើសនេះ ក៏អាចនឹងទទួលខុសត្រូវព្រហ្មទណ្ឌផ្សេងៗទៀតផងដែរ ទៅតាមបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌដែលមានជាធរមាន។
លោក ជិន ម៉ាលីន ថ្លែងថា៖ «ជាទិដ្ឋភាពច្បាប់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេសការសម្រេចដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺមានអានុភាពជាស្ថាពរ ហើយពុំមានយន្តការច្បាប់ណាមួយដែលអនុញ្ញាតឱ្យមានការលើកលែងទោសបាននោះឡើយ ដែលខុសពី ការផ្តន្ទាទោសដោយសេចក្តីសម្រេចរបស់តុលាការ ដែលអាចស្នើសុំឱ្យមានការលើកលែងទោសបាន តាមរយៈព្រះរាជក្រឹត្យលើកលែងទោស ឬដោយយន្តការផ្សេង»។
សូមរំឭកដែរថា លោក សម រង្ស៊ី កាលពីថ្ងៃទី ១៧ ខែកក្កដា ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (PEC) សម្រេចពិន័យជាប្រាក់ចំនួន ២០ លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល ២៥ ឆ្នាំ។
ចំណែក មនុស្ស ១៦ រូបផ្សេងទៀត ក៏ត្រូវបានផាកពិន័យជាប្រាក់ ពី ១០ ទៅ ២០ លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ពី ២០-២៥ ឆ្នាំ។ ការសម្រេចផ្ទន្តាទោសនេះ កើតឡើងបន្ទាប់ពីជនល្មើសទាំង ១៧ រូបនេះ បានធ្វើការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោត ដែលនេះជាអំពើល្មើស ទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌផ្សេងៗទៀត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ១៩ ខែកក្កដា បានឱ្យដឹងដែរថា លោកសម រង្ស៊ី និងបក្ខពួករបស់ខ្លួនបានបំពានទៅលើព្រះរាជសារអំពាវនាវរបស់ព្រះមហាក្សត្រដែលអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិទៅបោះឆ្នោតតាមឆន្ទៈជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់។
លោកថ្លែងថា ក្រុមនេះក៏បានបំភ្លៃព័ត៌មាន ដោយបង្កើតឱ្យមានចលនាសង្គមព្រមទាំងឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលដែលនេះគឺជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «ការសម្រេចពិន័យលោកសម រង្ស៊ី ជាប្រាក់ចំនួន ២០ លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល ២៥ ឆ្នាំនេះធ្វើទៅតាមច្បាប់មិនច្រើននោះទេព្រោះបុគ្គលនេះបានញុះញង់ឱ្យពលរដ្ឋមានការភាន់ច្រឡំចំពោះសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត និងបង្កឱ្យមានចលាចលនៅក្នុងសង្គមជាច្រើនផងដែរ»៕