ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មានថា លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែរក្សាបានភាពល្អប្រសើរ និងត្រូវបានធានាការពារដោយច្បាប់ស្ដីពីរបបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដោយគ្មានការរឹតត្បិតដូចការលើកឡើងរបស់ក្រុមអង្គការមួយចំនួនឡើយ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់នៅថ្ងៃទី ១៩ ខែកក្កដាថា វិស័យសារព័ត៌មាននៅកម្ពុជានៅតែរក្សាបាននូវភាពចម្រុះគ្រប់ទស្សនៈ គ្រប់និន្នាការ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដើម្បីផ្សព្វផ្សាយព័ត៌មានយ៉ាងសម្បូរបែប និងទូលំទូលាយពីគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី និងតាមប្រព័ន្ធអ៊ីនធឺណិត ដែលអាចឱ្យសាធារណជន ទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ការលើកឡើងបែបនេះ បន្ទាប់ពីស្ថាប័នក្នុងស្រុក និងថ្នាក់តំបន់ចំនួន ៧ កាលពីថ្ងៃទី ១៨ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីរដ្ឋាភិបាលបង្កើនការរឹតត្បិតលើគេហទំព័រសារព័ត៌មានសំខាន់ៗមុនការបោះឆ្នោតថ្នាក់ជាតិ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «យើងខ្ញុំ មានការព្រួយបារម្ភជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់គេហទំព័រព័ត៌មានមួយចំនួននៅមុនការបោះឆ្នោតជាតិ ដែលជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ»។
សេចក្តីថ្លែងការណ៍បន្តថា កាលពីសប្តាហ៍មុន ក្រសួងព័ត៌មានបានបញ្ជាឱ្យនិយតករទូរគមនាគមន៍កម្ពុជាបិទគេហទំព័រ ទំព័របណ្តាញសង្គមរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងគេហទំព័រទិន្នន័យសាធារណៈដែលទើបដាក់ឱ្យដំណើរការដោយនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ ការសម្រេចចិត្តនេះ ជាការប៉ុនប៉ង រារាំងពលរដ្ឋមិនឱ្យចូលមើលព័ត៌មាន ពីគេហទំព័រ និងទំព័របណ្ដាញសង្គម ដែលផ្សាយពីការរិះគន់រដ្ឋាភិបាល។
ទាក់ទងនឹងសេចក្តីថ្លែងការណ៍នេះ លោក មាស សុភ័ណ្ឌ បានថ្លែងថា៖ «ការសម្តែងការព្រួយបារម្ភ ឬចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនេះ គឺគ្រាន់តែចង់ជួយបិទបាំងកំហុសរបស់សារព័ត៌មានដែលបំពានទាំងច្បាប់ ផ្សាយដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង បំពានទាំងវិជ្ជាជីវៈដោយផ្សាយព័ត៌មានគ្មានតុល្យភាព បំផ្លើសបំភ្លៃ បំពានក្រមសីលធម៌ ប្រមាថចោទប្រកាន់ដោយគ្មានមូលដ្ឋាន តាមតែអំពើចិត្តរបស់ពួកគេមកលើថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល...»។
លោកបន្តថា សម្រាប់សារព័ត៌មានគ្មានក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវៈមិនគោរពច្បាប់ ដែលលើកឡើងដោយលម្អៀងរបស់ក្រុមអង្គការទាំងនោះ គឺគ្មានតម្លៃទាល់តែសោះ មករិះគន់លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកអះអាងថា៖ «នៅកម្ពុជាគ្មានការរឹតត្បិតលម្ហសេរីភាពសារព័ត៌មាននោះទេ គឺមានតែសារព័ត៌មានដែលបំពានច្បាប់ គ្មានក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវៈប៉ុណ្ណោះដែលចោទថាលម្ហសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត»។
លោក អ៊ិត សូធឿត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមថា៖ «ព័ត៌មានមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង។ ការរាំងខ្ទប់គេហទំព័រទាំងនោះនឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មាន ដែលត្រូវបានធានាដោយច្បាប់។ វាក៏បានបង្កផលប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មានដែលខិតខំធ្វើឱ្យអ្នករាល់គ្នាទទួលបានព័ត៌មានផងដែរ»។
ចំណែកលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ក៏បានថ្លែងដែរថា៖ «ព័ត៌មានគឺកាន់តែមានសារៈសំខាន់ក្នុង អំឡុងពេល និងមុនពេលបោះឆ្នោតខាងមុខនេះ»។ លោកបន្តថា ការហាមឃាត់ការទទួលបានព័ត៌មានចម្រុះអាចជះឥទ្ធិពលដល់សុចរិតភាពនៃការបោះឆ្នោត និងសិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការទទួលបានព័ត៌មាន។
ស្ថាប័នក្នុងស្រុក និងថ្នាក់តំបន់ទាំង ៧ នោះរួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា, មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ,សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ,សហជីពជាតិអ្នកសារព័ត៌មាននៃប្រទេសហ្វីលីពីន,Overseas Press Club of Cambodia, សមាគមអ្នកសារព័ត៌មានទីម័រ និងសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យឥណ្ឌូនេស៊ី។
លោក មាស សុភ័ណ្ឌ បានអំពាវនាវដល់ស្ថាប័នទាំងនោះ កុំយកលេសពីដំណើរការបោះឆ្នោតជាតិនៅកម្ពុជាមកទម្លាក់កំហុសលើរាជរដ្ឋាភិបាល ដើម្បីគ្រាន់តែចង់បិទបាំងកំហុស និងចេតនាទុច្ចរិតរបស់ខ្លួន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានលើកឡើងដែរថា បើពិនិត្យមើលតាមទិដ្ឋភាពផ្លូវច្បាប់ សំខាន់ឱ្យស្ថាប័នសារព័ត៌មានទាំងនោះ ត្រូវផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ គោរពតាមគោលការណ៍ច្បាប់ គោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ នោះមិនមានការរឹតត្បិតសេរីភាពសារព័ត៌មាន ឬបិទស្ថាប័នណាមួយឡើយ។
លោកថ្លែងថា៖ «ដូច្នេះហើយកុំឱ្យតែមានការផ្សាយញុះញង់ បំផុសបំផុល និងបង្កចលាចលក្នុងសង្គមដែលខុសពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន អាហ្នឹងទើបប្រឈមមុខតាមផ្លូវច្បាប់ អ៊ីចឹងវាអត់មានការរឹតត្បិតអីទេ»៕