ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានបញ្ជាក់ជាថ្មីថា ស្ថានការណ៍វិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម បន្តស្ងប់ស្ងាត់ជាធម្មតា ដោយកងកម្លាំងនៅមិនទាន់ប្រទះឃើញដ្រូនស៊ើបការណ៍ណាមួយ ឬបច្ចាមិត្ត ដែលប៉ុនប៉ងធ្វើភេរវកម្មលើទឹកដីកម្ពុជា ឡើយ។ ទោះជាយ៉ាងណា ផ្នែកជំនាញនៅតែបន្តដាក់ពង្រាយកម្លាំងយោធាមួយចំនួនតូចឱ្យប្រចាំការដើម្បីឃ្លាំមើលសភាពការណ៍ជាក់ស្តែងក្នុងករណីកើតឡើងជាយថាហេតុ។
លោកបានថ្លែងឱ្យដឹងបែបនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយលោកបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលមានការយល់ច្រឡំទៅនឹងដំណឹងថាមានដ្រូន ឬយន្តហោះគ្មានមនុស្សបើក គ្មានប្រភពក្នុងបុព្វហេតុធ្វើភេរវកម្មនៅទឹកដីកម្ពុជា។
ទោះជាយ៉ាងណា លោក ទៀ បាញ់ អះអាងថា ផ្នែកជំនាញសម្រេចនៅបន្តពង្រាយកងកម្លាំងមួយចំនួន ជាមួយអាវុធយុទ្ធភណ្ឌខ្លះនៅតាមគោលដៅនៃបណ្តោយព្រំដែនកម្ពុជា-វៀតណាមដដែល ទោះបីស្ថានការណ៍បន្តស្ងប់ស្ងាត់ក្តី ដើម្បីតាមដានសភាពការណ៍ និងត្រៀមខ្លួនក្នុងករណីកើតមានភាពអសន្តិសុខណាមួយជាយថាហេតុ។
លោក ទៀ បាញ់ បានគូសបញ្ជាក់ដូច្នេះថា៖«ការពង្រាយកងកម្លាំង អាវុធយុទ្ធភណ្ឌដ៏ធំធេងនោះ យើងមានការកែសម្រួលខ្លះ ទុកតែសម្រាប់ពេលចាំបាច់ ឬក៏អាចមានបញ្ហាពិតប្រាកដកើតឡើង គឺយើងអាចប្រតិបត្តិការបានភ្លាមៗ»។លោកសង្កត់ធ្ងន់ថា ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានសភាពល្អប្រសើរ ដែលមិនមានអ្វីជាកង្វល់ឡើយ ដែលកងម្លាំងជាតិបានត្រៀមខ្លួនដោះស្រាយគ្រប់ពេលវេលាដើម្បីសន្តិសុខជាតិ។
ចំពោះការលើកឡើងថា ការចល័តកងកម្លាំងប្រដាប់អាវុធទៅបណ្តោយព្រំដែនកន្លងទៅ និងការដាក់ពង្រាយកងកម្លាំងនោះថា ជាការបង្ហាញសាច់ដុំ និងឥទ្ធិពលយោធាកម្ពុជា របស់រដ្ឋាភិបាលមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ត្រូវបានលោក ទៀ បាញ់ ច្រានចោលជុំវិញមតិទាំងនេះ។
ទន្ទឹមនេះលោកបំភ្លឺថា រដ្ឋាភិបាលមិនមានចេតនាបង្ហាញឥទ្ធិពលយោធាខ្លួនឡើយ ដែលប្រតិបត្តិការកន្លងទៅនេះ ជាការប្រុងប្រៀបរបស់កងទ័ពក្នុងបុព្វការពារសន្តិសុខជាតិប៉ុណ្ណោះ ទោះបីដំណឹងលេចឮណាមួយអាចពិត ឬមិនពិតក្តី ប៉ុន្តែកងទ័ពត្រូវតែមានការត្រៀមខ្លួនជានិច្ច។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា លោក ទៀ បាញ់ បញ្ជាក់ផងដែរថា តាមរយៈការដាក់ពង្រាយកងកម្លាំងជិត ១សប្តាហ៍មិនបានប្រទះឃើញដ្រូនស៊ើបការណ៍ណាមួយឡើយ ដោយកងទ័ពកម្ពុជាបានបំពាក់ប្រព័ន្ធរ៉ាដា និងឧបករណ៍ទំនើបដើម្បីឃ្លាំមើលសភាពការណ៍ក្តី ហើយនៅថ្ងៃទី៣ ខែកក្កដា បញ្ជាការដ្ឋានកងអង្គរក្សក៏បានដកកងម្លាំងរបស់ខ្លួនខ្លះវិលចូលបន្ទាយវិញដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រការបន្តដាក់ពង្រាយកងកម្លាំងកម្ពុជា និងសព្វាវុធនៅតាមបណ្តោយព្រំដែននោះ ដើម្បីឃ្លាំមើលបន្ត និងអាចឆ្លើយតបបានភ្លាមៗបើមានបញ្ហាកើតឡើង ខណៈកម្ពុជាមិនទាន់បានកំណត់ព័ត៌មានជាក់លាក់ពីការលេចឮដំណឹងដ្រូនគ្មានប្រភពកន្លងទៅនោះទេ។
លោកថា៖«កម្ពុជា ចាំបាច់ត្រូវតែមានការរៀបចំខ្លួនបានត្រឹមត្រូវ សម្រាប់ការពារបូរណភាពទឹកដី អធិបតេយ្យ របស់ខ្លួន។ យើងមិនទាន់បានបាញ់ទម្លាក់ដ្រូនណាមួយ មិនដឹងប្រភព ហើយយើងមិនដឹងទេថា ក្រុមប្រឆាំងនៅវៀតណាមអាចមកសម្ងំលាក់ខ្លួននៅទឹកដីកម្ពុជាដែរឬយ៉ាងណានោះដែរ»។ទោះជាយ៉ាងណា លោកសង្កេតឃើញថា ទាំងភាគីកម្ពុជានិងវៀតណាមបានបង្ហាញសុឆន្ទៈរវាងគ្នា និងគ្នាជុំវិញការសហការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនប្រទេសទាំង២។
គួរជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យកងកម្លាំង និងស្ថាប័នសន្តិសុខជាតិកំពូលៗ ពិសេសបានបញ្ជាឱ្យអង្គភាពបញ្ជាការដ្ឋានកងអង្គរក្សក្រោមបង្គាប់លោកមេបញ្ជាការ ហ៊ីង ប៊ុនហៀង ដឹកនាំកងកម្លាំង និងអាវុធសម្រាប់ប្រតិបត្តិការបាញ់ទម្លាក់ ដ្រូន ដែលត្រូវបានគេបង្ហោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេសនៅមូលដ្ឋានខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ក្រោយលេចឮថា មានដ្រូនមួយចំនួនហោះចូលដែនអាកាសកម្ពុជាដោយគ្មានប្រភព ខណៈភាគីវៀតណាមបញ្ជាក់ថា មិនមែនជារបស់ខ្លួន ស្របពេលមានដំណឹងពីការបង្ក្រាបក្រុមអ្នកបះបោរប្រឆាំងរដ្ឋាភិបាលវៀតណាមនៅជាប់ជាយដែនកម្ពុជា៕