ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃចំនួន ៤៣០ គ្រឿង និងបានប្រាប់ពីចំណតត្រៀមចេញដំណើរចាប់ពីម៉ោង ៥និង ៣០ នាទីព្រឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋនៅភ្នំពេញបានជិះទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ឱ្យបានគ្រប់គ្នា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលថ្ងៃទី១៩ ខែកក្កដា ថា ដើម្បីជំរុញឱ្យការងារដឹកជញ្ជូនកម្មករ និងបងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ឱ្យទទួលបានជោគជ័យទៅតាមប្រសាសន៍របស់លោកនាយករដ្ឋមន្តី្រ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន៤៣០គ្រឿងក្នុងនោះសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញចំនួន៨០គ្រឿង។ ដោយឡែកសម្រាប់សេវាដឹកជញ្ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តចំនួន៣៥០គ្រឿង។
លោកបានបន្តថា៖«ការដឹកជញ្ជូនសាធារណៈនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋទៅស្រុកកំណើតនៅថ្ងៃបោះឆ្នោតនិងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ»។
ជាមួយនេះដែររដ្ឋបាលរាជធានីភ្នំពេញក៏បានប្រកាសប្រាប់អ្នកធ្វើដំណើរពីទីតាំងនៃចំណតនីមួយៗរបស់រថយន្តក្រុងទាំង៣៥០គ្រឿងនេះផងដែរដែលនឹងចេញដំណើរពីម៉ោង៥:៣០នាទីព្រឹកពីទីតាំងរាជធានីភ្នំពេញ ទៅបណ្តាខេត្តទាំង២៤នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ គឺមានគោលដៅសំខាន់ៗចំនួន១០ទីតាំង។
ទីតាំងទាំងនោះរួមមានចំណតមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញមានរថយន្តចំនួន១៨គ្រឿង ចំណតសួនឧស្សាហកម្មវឌ្ឍនៈចំនួន៣៧គ្រឿង ចំណតសួនឧស្សាហកម្មកាណាឌីយ៉ាចំនួន១០១គ្រឿង។ ចំណតផែស្ងួតសូងួនចំនួន៤៩គ្រឿង,ចំណតមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន២៨គ្រឿង,បណ្តោយផ្លូវជាតិលេខ៤មុខរោងចក្រហេនសឺវេនចំនួន១៦គ្រឿង,ចំណតផ្លូវ៦០ម៉ែត្រ(អតីតស្តុបក្រុមហ៊ុនមែរសឺដេស)ចំនួន ២៥គ្រឿ, ចំណតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់ចំនួន២៥គ្រឿង, ចំណតរង្វង់មូលនាងមច្ឆា(ជ្រោយចង្វារ) ចំនួន៣៨គ្រឿង និងចំណតរថយន្តក្រុងសួនច្បារឫស្សីកែវចំនួន១៣គ្រឿង។ ដោយឡែកសម្រាប់ទីតាំងចេញដំណើរត្រឡប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញ គឺនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ។
ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំដំឡើងថ្លៃក្នុងឱកាសបោះឆ្នោតខាងមុខផងដែរ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ នេះមិនមែនជាលើកទី១នោះទេដែលបានរៀបចំរថយន្តក្រុងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា ពោលគឺរាជរដ្ឋាភិបាលតែងតែឱ្យរៀបចំដូច្នេះរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។
ពាក់ព័ន្ធនឹងរឿងនេះ លោកហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានគាំទ្រចំពោះអាជ្ញាធរក្រុងដែលបានគិតគូរដល់ពលរដ្ឋអំឡុងពេលដ៏សំខាន់នេះ ដោយលោកបន្ថែមថា ការសម្រួលមួយនេះនឹងជួយសន្សំសំចៃដល់ថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកថា៖«ការជួយសម្រួលបែបនេះវាមានប្រយោជន៍ក្នុងការជួយសន្សំថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយប្រសិនបើមិនមានការគាំទ្របែបនេះទេថ្លៃដឹកជញ្ជូនតាមរយៈរថយន្តឈ្នូលអាចខ្ពស់ជាងធម្មតា ហើយការជួយនេះក៏នឹងធ្វើឱ្យអ្នកដែលធ្វើចំណាកស្រុកពីខេត្តមកធ្វើការ ឬរៀននៅភ្នំពេញនឹងសប្បាយចិត្តថែមទៀត»។
កាលពីថ្ងៃទី១១ ខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងសាធារណៈចន្លោះពី៣០០ទៅ៣៥០គ្រឿងដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕