ភ្នំពេញៈ កម្ពុជា-អាល្លឺម៉ង់ តាមរយៈក្រសួងសុខាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានប្តេជ្ញារួមគ្នាក្នុងការអនុវត្តលើគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល និងគម្រោងសុខភាពតែមួយ (One health) ដែលនឹងត្រូវអនុវត្តនៅឆ្នាំក្រោយនេះ។
ការប្តេជ្ញារួមគ្នានេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសុខភាពតែមួយ រវាងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល និងលោកស្រី Andrea Godonនាយកគម្រោងនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) កាលពីថ្ងៃទី១៩ ខែកក្កដា នាទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះ។
នាឱកាសនោះ លោកស្រី យក់ សម្បត្តិ បានសម្តែងនូវការស្វាមគន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មរបស់លោកស្រី Andrea Godon និងបានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់មកកម្ពុជាផងដែរ។
លោកស្រីបញ្ជាក់ថា ៖ «ការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជានេះ ខាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានជួយមកកម្ពុជាតាំងពីឆ្នាំ២០០៦មកម្ល៉េះ លើគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល កម្មវិធីគាំពារសុខភាពសង្គម និងកម្មវិធីអាហារូបត្ថម្ភ»។
លោកស្រី យក់ សម្បត្តិ បានលើកឡើងដោយបានប្រាប់ភាគីអាល្លឺម៉ង់ផងដែរពីវឌ្ឍនភាពនៃការរៀបចំគម្រោងសុខភាពតែមួយ និងបានស្នើសុំអនុវត្តការសិក្សាលទ្ធភាពគម្រោងឱ្យបានលឿន ព្រមទាំងត្រូវមានលក្ខណៈ ងាយស្រួល ជាក់លាក់ និងអាចអនុវត្តបាន។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល លោកស្រី Andrea Godon បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល និងគាំទ្រធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល និងគម្រោងសុខភាពតែមួយ (One health)។
ក្នុងជំនួបនោះដែរ លោកស្រី បានកោតសរសើរចំពោះការរៀបចំគម្រោងសុខភាពតែមួយប្រកបដោយបុរេសកម្ម និងបានឯកភាពក្នុងការជំរុញការអនុវត្តការសិក្សាលទ្ធភាពគម្រោងឱ្យបានលឿនដែលមានលក្ខណៈងាយស្រួល ជាក់លាក់ និងអាចអនុវត្តបាន។
លោកស្រី Andrea Godon ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងសុខភាពតែមួយ ដែលនឹងអាចចាប់ផ្តើមអនុវត្តនាពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខផងដែរ៕