ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីបំភ្លឺ​ជុំវិញ​ករណីវិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ​និង​កីឡា​លុបឈ្មោះ​គរុ​និស្សិត​ចំនួន​ ១២ នាក់ កាលពី​ឆ្នាំ​ ២០២១ ក្រោយ​ពី​មាន​គរុ​និស្សិត​មួយ​ចំនួនបាន​បន្ត​ការតវ៉ា និង​បង្ហោះ​សារ​ជា​វីដេអូ​នៅក្នុង​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់ ដើម្បី​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នៃ​ការ​លុបឈ្មោះ​នេះ​។​

​សេចក្តីបំភ្លឺ​របស់​ក្រសួង​ចុះ​ថ្ងៃ ​១៨ កក្កដា ឆ្នាំ​២០២៣ បាន ឱ្យ​ដឹងថា កាលពី​ថ្ងៃទី ​១៧ ខែកក្កដា មាន​គណនី ​១ ឈ្មោះ កែវ សុវណ្ណ​ឫទ្ធិ បាន​បង្ហោះ​សារ​ជា​វីដេអូ​នៅក្នុង​បណ្ដាញ​សង្គម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អំពី​ការស្នើសុំ​ក្រសួង​ពាក់ព័ន្ធ​ចូលធ្វើ​អន្តរា​គមន៍ ដើម្បី​ដោះ ស្រាយ​បញ្ហា​នៃ​ការ​លុប​ឈ្មោះ​របស់​បេក្ខ​ជន​រូបនេះ​។

​ក្រោយ​ទទួលបាន​ការស្នើ​នេះ ក្រសួង​អប់រំ បាន​បំភ្លឺថា នៅមុន​ការប្រឡង ក្រសួង​បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្តីពី​លក្ខខណ្ឌ​ជ្រើសរើស ដោយបាន​កំណត់​ពី​កម្រិតវប្បធម៌​, អាយុ​, នៅ​លីវ​រហូតដល់​បញ្ចប់​ការសិក្សា​, កម្ពស់ (​នារី ចាប់ពី ១,៥៥​ម ឡើង​ទៅ បុរស ចាប់ពី ១,៦៥​ម ឡើងទៅ​) និង​បាន​បញ្ជាក់ថា ករណី​បេក្ខជន​ក្លែងបន្លំ​ឯកសារ ឬ​ល្មើ​សនឹង លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ណាមួយ​ដូច​បញ្ជាក់​ខាងលើ ត្រូវ​កំណត់ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ និង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី ឈ្មោះ​ប្រឡង​ជាប់​ជា​ស្ថាពរ ករណី​រក ឃើញ​ក្រោយពេល​ប្រឡង​។​

​ក្រសួងបាន​អះអាងថា​៖ «​ការដាក់​ពាក្យ​ប្រឡង និង​ការប្រឡង គឺ​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អន​ឡាញ​។ ក្រោយពី​ប្រកាស​លទ្ធផល​ប្រឡង បេក្ខជន ដែល​ប្រឡង​ជាប់​ត្រូវ​មក​ដាក់ពាក្យ​ចូលរៀន​ដោយផ្ទាល់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ដោយ​គ្រប់​បេក្ខជន​ទាំងអស់​ត្រូវ​ទៅ​ពិនិត្យ​កាយសម្បទា​ដោយផ្ទាល់​នៅ​នាយកដ្ឋាន​សុខភាព​សិក្សា និង​ត្រូវបាន​វាស់កម្ពស់​ជាក់ស្ដែង​ដោយ​គណៈកម្មការ​»​។​

​ជា​លទ្ធផលគណៈកម្មការបាន​ពិនិត្យ​និង​រកឃើញថា គរុ​សិស្ស គរុ​និស្សិត​ចំនួន ១២ ​នាក់ ខុស​នឹង​លក្ខខណ្ឌ​នៃ​ការប្រឡង​នៃ​ការជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ឯកទេស​អប់រំ​កាយ និង​កីឡា ហើយ​ក្នុងចំណោម​នោះ​មានឈ្មោះ កែវ សុវណ្ណ​ឫទ្ធិ ដែល​បានជ្រើសរើស ប៉ុស្តិ៍​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ហ៊ុន សែន​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែលមាន​កម្ពស់​ជាក់ស្ដែង​គឺ ១,៦២​ម ខុស​នឹង​កម្ពស់​ដែល​បេក្ខជន បាន​បំពេញ​ក្នុង​ពាក្យស្នើសុំ​ប្រឡង​គឺ ១,៦៥​ម​។​

​ក្រសួង​​បន្ត​ថា ដោយ​ពិនិត្យឃើញ​កម្ពស់​ដែល​បាន​បំពេញ​នៅក្នុង​ឯកសារ និង​កម្ពស់​វាស់​ជាក់ស្តែង​ខុសគ្នា ផ្ទុយ​ពី​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ​កាយ និង​កីឡា ផ្អែក​តាម​គោលការណ៍ ដែល​បានកំណត់ ក្រសួង​បានសម្រេច​លុបឈ្មោះ​ចេញពី​បញ្ជីរាយនាម​គរុ​សិស្ស គរុ​និស្សិត​ថ្នាក់​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា​។​

​ចំពោះ​ករណី​គរុ​និស្សិត​ឈ្មោះ ឌី បញ្ញា ដែល​បាន​ប្រឡង​ជាប់​តាម​ប្រព័ន្ធ​អន​ឡាញ ក្រសួង ក៏បាន​សម្រេច​លុបឈ្មោះ ចេញ​ពី​បញ្ជីរាយនាម​គរុ​សិស្ស គរុ​និស្សិត​ថ្នាក់​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ផងដែរ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ ២០២២ ក្រោយពី​គរុ​និស្សិត​នេះ​ មិន​បានមក​បង្ហាញខ្លួន​ដោយផ្ទាល់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។

​លិខិត​បំភ្លឺ​នោះ បាន​បញ្ជាក់ថា​៖ «​ក្រសួង​បាន​បំភ្លឺ​ជូន​មាតាបិតា និង​អាណាព្យាបាល​របស់​បេក្ខជន និង​បេក្ខជន តាមរយៈ​ការប្រជុំ​ដោយ​ផ្ទាល់​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២២»​។​

​យ៉ាងណាក្តី​​ក្រោយ​ទទួលបាន​ការបំភ្លឺ​នេះ យុវជន កែវ សុវណ្ណ​ឫទ្ធិ បាន​លើកឡើងថា ការសម្រេច​របស់​ក្រសួង គឺ​នៅតែ​មិន​ត្រឹមត្រូវ​។ យុវជន​រូបនេះបាន​អះអាងថា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ក្នុង​ពេលនេះ គឺមាន​គរុ​សិស្ស និង​គរុ​និស្សិត ដែល​ខុស​លក្ខខណ្ឌ​ជាច្រើន ដូច​ទៅនឹង​ពួកខ្លួន​ដែរ ប៉ុន្តែ​មិនត្រូវ​បាន​លុបឈ្មោះ ឬ​បញ្ឈប់​នោះទេ​។ ​ជាមួយគ្នានេះ​យុវជន កែវ សុវណ្ណ​ឫទ្ធិ នៅតែ​អះ​អាងថា ខ្លួន​នឹង​បន្ត​ការតវ៉ា​ចំពោះ​ការសម្រេច​នេះ និង​ស្នើឱ្យ​ផ្តល់​ភាពយុត្តិធម៌​ដល់​ខ្លួន និង​ដោះស្រាយ​បញ្ហា​ដែល​មាន​ភាពមិនប្រក្រតី​នេះ​។​

​យុវជន កែវ សុវណ្ណ​ឫទ្ធិ បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២០ កក្កដា​ថា​៖«​ក្រោយ​ប្រឡង​ជាប់ គឺ​ខ្ញុំ​​បាន​សិក្សា​នៅ​សាលា​អស់​រយៈពេល​១​ខែ​រួចមកហើយ រួមទាំង​បាន​ចូលរួមហ្វឹក​ហាត់ និង​សម្តែង​ក្នុង​ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​ជោគជ័យ​ផងដែរ​។ ប៉ុន្តែ​ក្រោយមក បែរ​ទទួលបាន​ដំណឹង​ពី​វិទ្យាស្ថាន​ថា ពួក​ខ្ញុំ គឺ​ត្រូវ​លុបឈ្មោះ ដោយ​មិន​មាន​មូល​ហេតុ​​ ហើយ​ពួក​យើង​ក៏បាន​តវ៉ា​មករ​ហូត​»​។​

​​តាម​លិខិតតវ៉ា​របស់​ក្រុម​គរុ​សិស្ស និង​គរុ​និស្សិត បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​​២៨ ខែធ្នូ ​ឆ្នាំ​២០២១ មក​រហូតមកដល់​ឆ្នាំ ២០២៣​នេះ គឺ​ពួកគេបាន​តវ៉ា​ចំនួន​៥លើក​រួចមកហើយ ហើយ​ករណី​ឆ្លើយតប​នេះ គឺធ្វើ​ឡើង​ក្រោយពី​​យុវជន កែវ សុវណ្ណ​ឫទ្ធិ បាន​បង្ហោះ​សារ​ជា​វីដេអូ​ចុង​ក្រោយ នៅក្នុង​បណ្ដាញ​សង្គម​របស់​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​៕