ភ្នំពេញៈ យ៉ាងហោចណាស់​មាន​គណ​​បក្សនយោបាយ​ធំៗ​ចំនួន​ ៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​ ២១ ខែកក្កដា​នេះ ដោយមាន​អ្នកចូលរួម​រហូត​ជាង​៣​ម៉ឺន​នាក់ ខណៈ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បានចាត់ទុក​ការបោះឆ្នោត​លើក​នេះ​ថា​ល្អ ក្នុងពេលដែល​ការឃោសនា​ពុំមាន​អំពើហិង្សា​ទាំង​កាយវិការ និង​ពាក្យសម្ដី​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ជួបជុំ​សមាជិក សមាជិកា​របស់ខ្លួន​នៅ​តំបន់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​ដង្ហែ​ក្បួន​ឃោ​​សនា​ដែលមាន​អ្នកចូលរួម ​៣០ ០០០ ​នាក់ នឹង​ចាប់​ហែ​ក្បួន​ពី​ម៉ោង​ ៧៖៣០​ នាទី​ព្រឹក​ទៅ​រហូត​បិទ​បញ្ចប់​។​

​ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​រៀបចំ​ជួបជុំ​សមាជិក សមាជិកា​របស់ខ្លួន​លើ​ចិញ្ចើម​មហាវិថី​សម្តេច​ ហ៊ុន សែន ​(​ផ្លូវ​ ៦០ ​ម៉ែត្រ​) ដោយមាន​អ្នកចូលរួម​ចំនួន ​២ ៥០០​ នាក់ ដោយ​ចាប់​ហែ​ក្បួន​ពី​ម៉ោង​ ៨ ​ព្រឹក​តទៅ​។ រីឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​រៀបចំ​ជួបជុំ​សមាជិក សមាជិកា​របស់ខ្លួន​ចំនួន​ ១ ២០០ ​នាក់ នៅលើ​ចិញ្ចើមផ្លូវ​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​ចាប់​ហែ​ក្បួន​ឃោសនា​ពី​ម៉ោង​ ២​ រសៀល​តទៅ​។​

​តាមរយៈ​សេចក្តីជូនដំណឹង​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​បិទ​យុទ្ធនាការ​នេះ អាចមាន​ចរាចរ​មមាញឹក​ជាខ្លាំង​ដោយ​សារ​មធ្យោបាយ​ធ្វើដំណើរ​របស់​សមាជិក​សមាជិកា​ដែល​បាន​ចូលរួម​។​

​លោក​ថា​៖ «​ដើម្បី​ចៀសវាង​ការកកស្ទះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​នៅតាម​ទីតាំង​ជួបជុំ​របស់​គណបក្ស​នីមួយៗ និង​តាមតម្រាយ​ផ្លូវ​នានា​ដែល​គណបក្សនយោបាយ​ហែ​ក្បួន​ឃោសនា នា​ថ្ងៃទី ​២១ ខែកក្កដា ចាប់ពី​ម៉ោង​៥​ព្រឹក រហូតដល់​ការ​ដង្ហែ​ក្បួន​បានបញ្ចប់​»​។​

​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិនមាន​កង្វល់​ពី​ការទិតៀន​ទេ តែ​បញ្ហា​ដែល​សំខាន់​គឺ​ប្រជាជន​ទៅ​បោះឆ្នោត​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​។​

​លោក​បានលើកឡើង​ដូចនេះ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ហុងកុង Phoenix TV ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ពីថ្ងៃ​ទី ​១៩ ខែកក្កដា ដោយ​លោក​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​មាន​ភា​ព​ចាស់ទុំ​ខាង​នយោបាយ​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​ដោយ​លោក​សង្ឃឹម​ផងដែរ​ថា​នឹងមាន​លទ្ធផល​ល្អ​។​

គណបក្សប្រជាជនកម្ពុជាពេលហែក្បួនឃោសនានៅភ្នំពេញកាលពីថ្ងៃទី ១ កក្កដា​​។ ហេង ជីវ័ន

​លោក​ ហ៊ុន សែន មានប្រសាសន៍ថា ៖ «​មកដល់ពេលនេះ យើង​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ការបោះឆ្នោត​នឹង​ចាប់ផ្តើម ហើយ​នេះ​ជាការ​បោះឆ្នោត​មួយ​ដ៏​ល្អ​ដែល​មកដល់ពេលនេះ​មិនទាន់​ឃើញ​មាន​ហិង្សា​ណាមួយ​កើតឡើង ទោះបីជា​ហិង្សា​កាយវិការ ឬ​ជា​ពាក្យសម្តី​»​។​

​លោក​បាន​បន្តថា​៖ «​ពិត​ហើយ​មាន​ប្រទេស​ខ្លះ​ឬ​ក្រុមខ្លះ​ធ្វើការ​ទិតៀន​ចំពោះ​យើងខ្ញុំ តែ​យើង​មិន​ខ្វល់​ទេ អ្វី​ដែលជា បញ្ហា​ធំ​របស់​យើង​គឺ​ប្រជាជន​ទៅ​បោះឆ្នោត​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់ខ្លួន គឺ​គ្រប់គ្រាន់ ហើយ​មិនចាំបាច់​ឱ្យ​ប្រទេស​នេះ ប្រទេស​នោះ ត្រូវ​ទទួលស្គាល់​ការបោះឆ្នោត​របស់​ប្រទេស​យើងខ្ញុំ​នោះទេ​»​។​

​លោក​ ហ៊ុន សែន បាន​បន្ថែមថា ការបោះ​ឆ្នោត​នៅក្នុង​ប្រទេស​ឯករាជ្យ​មួយ ប្រទេស​ដែលមាន​អធិបតេយ្យ​មួយ ត្រឹមតែ​ប្រជា​ជន​ទទួលស្គាល់ និង​ចូលរួម​ការបោះឆ្នោត​គឺ​គ្រប់គ្រាន់​ដើម្បី​កំណត់​ឈ្នះ​ហើយ​។​ទាក់ទង​នឹង​ការបោះឆ្នោត​នេះដែរ ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​បេសកកម្ម​សង្កេត​ការណ៍​បោះឆ្នោត ហ្រ្វង់​កូ​ហ្វូ​នី (MEF)​ នា​ថ្ងៃទី​ ១៩ ខែកក្កដា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ការបោះឆ្នោត​កន្លងមក ក៏មាន​ការចូលរួម​ឃ្លាំ​មើល​ពី​ក្រុម​អ្នក​សង្កេត​​ការណ៍​ជាតិ និង​អន្តរជាតិ និង​អ្នក​សារព័ត៌​មាន ហើយ​សម្រាប់​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​ ២០២៣ ​នេះ គិត​មកដល់​ថ្ងៃទី ​១៩ ខែកក្កដា ឆ្នាំ ​២០២៣ ស្ថានភាព​ទូទៅ​ក៏មាន​ភាពល្អប្រសើរ​ដែរ​។​

​លោ​ក ស ខេង បាន​ថ្លែង​ផងដែរ​ពី​ការត្រៀម​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ក្រសួងមហាផ្ទៃ​ក៏មាន​តួនាទី​ស្នូល​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឱ្យ​ដំណើរការ​បោះឆ្នោត​នេះ​។​

​តាមរយៈ​ក្រសួងមហាផ្ទៃ លោក Desire NYARUHIRIRA ទីប្រឹក្សា​ពិសេស​ទទួល​បន្ទុក​កិច្ចការ​នយោបាយ និង​ការទូត​នៃ​អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​បាន​លើកឡើងថា នៅពេល​ប្រទេស​សមាជិក​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​រៀបចំ​ការបោះឆ្នោត អង្គការ​អន្តរជាតិ ហ្រ្វង់​កូ​ហ្វូ​នី តែងតែបាន​ចាត់​បញ្ជូន​គណៈប្រតិភូ​ចូលរួម​សង្កេតការណ៍ និង​បាន​ជួប​ជាមួយ​បណ្ដា​តួអង្គ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​ទាំងនោះ ហើយ​បេសកកម្ម​នេះ​គឺ​ដើម្បី​ជួយ​ពង្រឹង​នីតិរដ្ឋ និង​សន្តិភាព​៕​