ព្រះវិហារៈ រដ្ឋបាលខេត្តព្រះវិហារប្រកាសបើកយុទ្ធនាការចុះវាស់វែងកាត់ឈ្វៀលដីទំហំ ៣៣៥ ហិកតា នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារជូនពលរដ្ឋ ក្រោយពីទទួលបានការសម្រេចពីរាជរដ្ឋាភិបាល។ នេះបើយោងតាមក្រសួងព័ត៌មាន។
ពិធីប្រកាសបើកយុទ្ធនាការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែកក្កដា ដោយលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្នុងទំហំផ្ទៃដីសរុប ៣៣៥ ហិកតានោះ ត្រូវបានចែកចេញជាប្រភេទក្បាលដី សម្រាប់ចែកជូនប្រជាពលរដ្ឋ និងក្បាលដីបម្រុងរបស់រដ្ឋ ដែលក្នុងនោះដីបម្រុងរបស់រដ្ឋមានទំហំ ៨៥ ហិកតាផងដែរ។
លោកអភិបាលបានថ្លែងក្នុងឱកាសនោះថា រដ្ឋបាលខេត្តបានទទួលសំណើពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភារកិច្ច ដើម្បីសុំឱ្យជួយវាស់វែង និងចេញប្លង់កម្មសិទ្ធិទៅលើដីធ្លីដែលស្ថិត ក្នុងតំបន់នោះ។
ក្រោយពីទទួលបានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈរូបលោកផ្ទាល់ ប្រមុខរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរដ្ឋបាលខេត្តព្រះវិហារ ចាត់ចែងក្រុមការងារ ដើម្បីវាស់វែងដីធ្លីដែលស្ថិតនៅក្នុងចំនុចតំបន់ខាងលើជូនដល់ប្រជាពលរដ្ឋទៅតាមសំណូមពរ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តក៏បានចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការយកចិត្តទុកដាក់គិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីវាស់វែង និងផ្តល់ជូននូវប្លង់កម្មសិទ្ធិដីធ្លីជូនដល់បងប្អូន។
លើសពីនោះ លោកក៏បានស្នើឱ្យពលរដ្ឋចុះកំណត់ព្រំដីរបស់បងប្អូនឱ្យបានច្បាស់លាស់ផងដែរ ដើម្បីងាយស្រួលក្នុងការវាស់វែង និងត្រូវចេះអនុគ្រោះ អត់ឱនរវាងគ្នានិងគ្នាដែល មានព្រំដីជាប់គ្នា។ នេះបើយោងតាមប្រភពដដែលនេះ៕