ភ្នំពេញៈ ចាប់ពី​ខែសីហា​ខាងមុខនេះ​ទៅ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​ផ្តល់ប្រាក់​ឧបត្ថម្ភ​ពី ១ ៥២០ ០០០ រៀល ដល់ ២ ៧២០ ០០០ រៀល​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២ ឆ្នាំ ដើម្បី​លើកកម្ពស់​សុខុមាលភាព​មាតា និង​កុមារតូច និង​បន្ត​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។​

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម លោក​ចន ណារិទ្ធ​បាន​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​នឹង​ពង្រីក​កិច្ច​គាំពារ​សង្គម​បន្ថែម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២ ឆ្នាំ មកពី​ផ្នែក​ពាក់ព័ន្ធ ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​មាតា និង​កុមារ​តូច ព្រមទាំង​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ ចាប់ពី​ក្នុង​ផ្ទៃ រហូត​អាយុ ២ ឆ្នាំ និង​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា ទាំង​បញ្ញា​ស្មារតី​ក្នុង​រយៈពេល ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​។ នេះ​បើ​យោងតាម​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម។​

លោក​បាន​បន្តថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ជាប់​ជានិច្ច លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​ផែនការ​អភិវឌ្ឍ​ជាតិ ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី ឬ​របប​នានា​ដើម្បី​គាំពារ​ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ។ ក្នុងនោះ​រួមមាន​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​កម្មករ​និយោជិត​ជាស្ត្រី​នៅពេល​សម្រាលកូន និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​មាតុភាព​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី​សម្រាលកូន​ជាដើម។​

លោក​ច​ន ណា​រិ​ទ្ធ​បាន​បញ្ជាក់ថា ចាប់ពី​ដើមខែ​សីហា​ខាងមុខនេះ​ទៅ រាជរដ្ឋាភិបាល​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​ដែលជា​មន្ត្រីរាជការ មន្ត្រី​កិច្ចសន្យា មន្ត្រី​កម្មសិក្សា កម្មករ​និយោជិត​ជា​សមាជិក ប.ស.ស.និង​ស្ត្រី​មកពី​គ្រួសារ​ក្រីក្រ ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយពេល​សម្រាល រហូតដល់​កូន​មាន​អាយុ ២ ឆ្នាំ។ បើ​សរុប​ជា​សាច់ប្រាក់​មាន​ចំនួន​ប្រមាណ ១ ៥២០ ០០០ រហូតដល់ ២ ៧២០ ០០០​រៀល​ដោយ​នឹង​គិត​តាម​ចំនួន​កូន និង​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​ទៀត ដើម្បី​បន្ត​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​មូលធន​មនុស្ស​បន្ថែមទៀត​ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម។​

លោក​បាន​ពន្យល់​ពី​នីតិវិធី​នៃ​ការបើក​ផ្តល់​ថា ការបើក​ផ្តល់​ចែកចេញជា ៣ ដំណាក់កាល ដោយ​ដំណាក់កាល​ទី ១ ជា​ដំណាក់កាល​មក​ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ៤​លើក​។ ដំណាក់កាល​ទី ២ ពេល​សម្រាល និង ដំណាក់កាល​ទី ៣ ជា​ដំណាក់កាល​យក​កូន​មក​ពិនិត្យ​សុខភាព និង​ទទួល​វ៉ាក់សាំង​បង្ការ​បន្ទាប់ សរុប​ចំនួន ១០ ដង ដោយ​គោរព​តាម​លក្ខខណ្ឌ​ផ្សេងៗ​មួយចំនួន​ទៀត​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ៕