សៀមរាបៈ សាលាបារាំងចុងបូព៌ា (EFEO) នាថ្ងៃទី ២០ ខែកក្កដា បានប្រគល់វត្ថុបុរាណចំនួន ៣១ កេស បដិមាព្រះពុទ្ធចំនួន ១ និងបំណែកសន្លឹកសីមាចំនួន ១ ជូនអាជ្ញាធរជាតិអប្សរា (ANA) ដើម្បីរក្សាទុកដែលវត្ថុបុរាណទាំងអស់នេះបានមកពីការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវនៅក្នុងរមណីយដ្ឋានអង្គរ។ សាលា EFEO គឺជាដៃគូកិច្ចសហប្រតិបត្តិការជាមួយ ANA ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយរបស់ ANA ថ្លែងថា វត្ថុបុរាណទាំងអស់នេះត្រូវបានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។
វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន ២៧ កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន ២ កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន ២ កេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤ បដិមាព្រះពុទ្ធចំនួន ១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន ១ មកពីប្រាសាទព្រៃមន្ទីរ។ នេះជាលើកទី ៣ នៃការប្រគល់បុរាណវត្ថុ៕