គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ ២០២៦ ដោយហេតុថា សម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ។
ការរំពឹងទុករបស់ភាគីកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបនារវាងលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបលោក ណាអូតូ សាកាហ្គុជិ ( Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មកពីប្រទេសជប៉ុនរួមទាំងសហការីចំនួន ៧ រូប ដើម្បីសម្ដែងការគួរសម និងស្វែងយល់ពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣។ ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅអស់រយៈពេលជាង ២ ម៉ោង។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីជំនួបនោះ បានឱ្យដឹងថា លោក ណាអូតូ សាកាហ្គុជិ បានរំឭកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមក នាសម័យកាលអ៊ុនតាក់ និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួន ២ អាណត្តិ។
លោកបានបញ្ជាក់ថា៖ «ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេស ជប៉ុននៅពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែនរដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះ លោកចង់ស្វែងយល់ និងមានសំណួរមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ នេះ»។
ជាការឆ្លើយតបលោក ហង្ស ពុទ្ធ បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។
លោកបន្តថា ហើយនៅឆ្នាំ ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល និងអសកល ចំនួន ១៦ លើករួច មកហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា៖ «ឯកឧត្តម ហង្ស ពុទ្ធា បានសង្ឃឹមថា តាមរយៈអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលមានលោក ណាអូតូ សាកាហ្គូជិ នឹងជួយជម្រាបអំពីតម្រូវការរបស់ គ.ជ.ប ជូនរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ ២០២៦។ ដោយហេតុថា សម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ»។
គ.ជ.ប ឱ្យដឹងទៀតថា ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានលើកឡើងនូវសំណួរមួយចំនួនដូចជា ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានសម្រេចបដិសេធចំនួន ២ គណបក្ស សកម្មភាពឃោសនាបោះឆ្នោត ជាដើម។
ក្នុងនោះដែរក្រុមអ្នកនាំពាក្យ គ.ជ.ប បានឆ្លើយតបម្ដងមួយសំណួរៗ ដោយបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមកមានចំនួនជាង ៥០០ នាក់តែប៉ុណ្ណោះ។
ចំពោះហេតុផលដែលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី។
រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ថ្ងៃទី ២០ កក្កដា មានរយៈពេល ២១ ថ្ងៃហើយ។
បន្ថែមពីនេះប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងមក៕