កំពង់ធំៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ ៦២៣ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកចំនួន ៣៣២ គ្រួសារ នាថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីឱ្យពលរដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ។ ក្នុងចំណោម៦២៣បណ្ណនោះរួមមានដីលំនៅឋាន ដីកសិកម្ម និងទ្រព្យវត្តជាដើម។ នេះបើយោងតាមក្រសួងព័ត៌មាននាថ្ងៃទី២១ខែកក្កដា។
លោករដ្ឋមន្ត្រីបានថ្លែងក្នុងឱកាសនោះថា ការផ្តល់បណ្ណកម្មសិទ្ធិនេះគឺកើតចេញពីការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលមកលើជីវភាពរស់នៅប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋមានឯកសារគតិយុត្ត និងសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់គាត់ពិតប្រាកដ។ បណ្ណកម្មសិទ្ធិនេះគឺជាឯកសារគតិយុត្តិត្រូវបានការពារដោយច្បាប់ ធានាខុសត្រូវដោយរដ្ឋ និងមិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ។ មិនតែប៉ុណ្ណោះវាជាវត្ថុមានតម្លៃដែលអាចយកទៅប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ដូចជា ធានាសម្រាប់ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញឬធ្វើអំណោយដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកថោង ខុនក៏បានលើកឡើងផងដែរថា ដីជាជីវិត ដែលត្រូវការពារ និងប្រើប្រាស់ឱ្យមាននិរន្តរភាពយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗ។ គ្រប់ភូមិដែលមានការចុះបញ្ជី គឺជាឱកាសល្អសម្រាប់ការរៀបចំភូមិរបស់ខ្លួន។ ក្នុងន័យនេះ គណ:កម្មការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពិនិត្យមើលទំហំផ្លូវដែលគ្រោងនឹងពង្រីកទៅអនាគត ត្រូវរក្សាទុក និងចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ ដូចជា ដីបឹងបួរ ត្រពាំង ប្រឡាយទឹកជាដើម។ ដីដែលជាទ្រព្យរបស់រដ្ឋ ដូចជា៖ សាលារៀន មណ្ឌលសុខភាព វត្តអារាម ត្រូវចុះបញ្ជី ឬត្រូវដោះស្រាយករណីមានការរំលោភឱ្យបានច្បាស់លាស់ ចៀសវាងមានការរំលោភបន្ថែម។
លោករដ្ឋមន្ត្រីក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមជាមួយមន្ត្រីជំនាញសុរិយោដី ក្នុងការចូលរួមវាស់វែងដីធ្លីឱ្យបានយ៉ាងសកម្មថែមទៀត ដើម្បីទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់នៅគ្រប់ភូមិដែលមានការចុះវាស់វែងជាប្រព័ន្ធ។ គ្រប់ក្បាលដីត្រូវបោះបង្គោលព្រំឱ្យបានមុនការចុះវាស់វែងរបស់ក្រុមការងារមកដល់។
លោកក៏បានណែនាំដល់អាជ្ញាធរត្រូវចូលរួម និងចលនាប្រជាពលរដ្ឋឱ្យសហការជាមួយក្រុមការងារចុះបញ្ជីឱ្យបានទាន់ពេលវេលា ចៀសវាងការមិនបានចូលរួម ដែលធ្វើឱ្យក្បាលដីហ្នឹងជាក្បាលដីគ្មានទិន្នន័យ។ លើសពីនោះ ត្រូវដោះស្រាយសម្របសម្រួលវិវាទដែលពាក់ព័ន្ធនឹងព្រំប្រទល់ឱ្យបានចប់មុនការវាស់វែងមកដល់។ នេះបើយោងតាមក្រសួងព័ត៌មានដដែលនេះ៕