កំពង់ធំៈ អង្គការជីវិតធម្មជាតិនៅកម្ពុជាចាប់ផ្តើមគម្រោងកំចាត់ប្រភេទរុក្ខជាតិទន្ទ្រានឈ្មោះបន្លាអួយយ៉ាស នៅតំបន់រ៉ាមសារស្ទឹងសែន ក្នុងខណៈដែលពពួកទន្ទ្រានប្រភេទនេះកំពុងតែជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ជីវចម្រុះនៅកម្ពុជា។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងកាលពីថ្ងៃទី២០ខែកក្កដានេះថា បន្លាអួយយ៉ាស (Mimosa pigra) ជាប្រភេទពពួកទន្ទ្រានមានបន្លា ដែលមានដើមកំណើតក្នុងតំបន់ត្រូពិចខាងត្បូង និងទ្វីបអាមេរិកកណ្ដាល ហើយវាកំពុងរាតត្បាតក្នុងបណ្ដាប្រទេសជាច្រើនក្នុងតំបន់ត្រូពិច។
បន្លាអួយយ៉ាសនេះអាចដុះលើប្រភេទដីមានជីវជាតិទាប ស្ទើរគ្រប់សណ្ឋានដី ដែលតែងដុះជាគុម្ព និងអាចមានកម្ពស់រហូតដល់៦ម៉ែត្រ ហើយកំពុងមានវត្ដមានច្រើនតាមតំបន់ទំនាប តំបន់ដីសើម ដងប្រឡាយ ព្រែក និងបឹងបួរជាច្រើនទៀត ក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ថា៖«កំណើននៃពពួកទន្ទ្រានប្រភេទនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើជីវចម្រុះ ទីជម្រក និងជីវភាពប្រជាជនផងដែរ។ ជាក់ស្ដែង វត្ដមានបន្លាយួន ឬបន្លាអួយយ៉ាសធ្វើឱ្យប៉ះពាល់ដល់ទីជម្រកនិងសម្បុកពងកូនរបស់មច្ឆជាតិ និងរំខានដល់ការរកចំណីប្រភេទសត្វស្លាបទឹកផងដែរ»។
តំបន់រ៉ាមសារស្ទឹងសែន ដែលជាតំបន់ស្នូលនៃតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ក៏កំពុងទទួលរងឥទ្ធិពលនៃការដុះរីករាលដាលនៃប្រភេទបន្លាយួន ឬបន្លាអួយយ៉ាសនេះដែរ។ ថ្មីៗនេះ ក្រោមថវិកាគាំទ្រពីមូលនិធិ Nagao Wetland Fundនៃអនុសញ្ញារាំ់មសារ អង្គការជីវិតធម្មជាតិនៅកម្ពុជាបាននឹងកំពុងអនុវត្ដគម្រោងសិក្សាសាកល្បងលើវិធីសាស្ដ្រកម្ចាត់បន្លាអួយយ៉ាសកាប់ពន្លិចទឹក ដែលជាវិធីសាស្ដ្រជោគជ័យមួយដែលបានធ្លាប់អនុវត្ដក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្ដតាកែវ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីផលប៉ះពាល់ និងវិធីសាស្ដ្រកំចាត់ពពួកទន្ទ្រាន ដោយមានការចូលរួមពីមន្ដ្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ប្រជាពលរដ្ឋក្នុងឃុំផាត់សណ្ដាយ និងក្រុមអេកូក្លឹបនៃអនុវិទ្យាល័យផាត់សណ្ដាយ សរុបចំនួន៤៤រូបផងដែរ។ ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមទាំងអស់នឹងចូលរួមអនុវត្ដវិធីសាស្ដ្រ និងអង្កេតតាមដាននៅលើទំហំផ្ទៃដីចំនួន៥០ហិកតា នៅដើមខែសីហាខាងមុខនេះ នៅពេលទឹកចាប់ផ្ដើមឡើង។ នេះបើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា៕