កោះកុងៈ ការសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។
មានសក្តានុពលដោយសារតែផ្លូវនេះបានជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
ផ្លូវនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។ នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន។
បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពល តំបន់ទេសចរណ៍នៅក្នុង ខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង។
បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើមពី ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ទៅបញ្ចប់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤ ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ ៦៥,១៤ លានដុល្លារអាមេរិក៕