ភ្នំពេញៈ គម្រោង​ USAID Cambodia Green Future​ បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​និយាយ​ពី​ការ​ទុកដាក់​សំរាម ដើម្បី​ការពារ​បរិស្ថាន សុខភាព និង​សោភ័ណភាព​កម្ពុជា ខណៈពេលដែល​សំរាម​ជាង ​៤០​ ភាគរយ​ហោះហើរ​រាយប៉ាយ​ពាសវាល​ពាសកាល​។​

​គម្រោង​USAID Cambodia Green Future​បានលើកឡើង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ថា ខណៈពេល​សំរាម​កាន់តែ​កើនឡើង​នោះ មានការ​កត់សម្គាល់ឃើញ​ថា ការគ្រប់គ្រង​សំរាម​នៅមានកម្រិត ដែលជា​ហេតុ​ធ្វើឱ្យ​សំរាម​ជាង​៤០​ភាគរយ​បាន​ហោះហើរ​រាយប៉ាយ​ពាសវាល​ពាសកាល​។

USAID Cambodia Green Future​បាន​បន្ត​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា សំរាម​មួយចំនួន​ត្រូវបាន​ទុកចោល​នៅតាម​ដងផ្លូវ ខ្លះ​ត្រូវបាន​បោះ​ចូលក្នុង​ប្រភពទឹក និង​មួយផ្នែក​ទៀត​ត្រូវបាន​ដុត​ឬ​កប់​ចោល​ដែល​នេះ​បង្ក​ជា​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព​សាធារណៈ និង​សោភ័ណភាព​ប្រទេស​។​

​គម្រោង​នេះ​បាន​អំពាវនាវ​ដូច្នេះ​ថា​៖ "​ចូលរួម​និយាយ​ពី​ការ​ទុកដាក់​សំរាម​ទាំងអស់គ្នា ដើម្បី​ការពារ​បរិស្ថាន សុខភាព​យើង និង​សោភ័ណភាព​កម្ពុជា​។ រួមគ្នា​និយាយ​ដើម្បី​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ​»​។​

​នា​សប្តាហ៍​មុន​ផងដែរ ក្រុមការងារ​គម្រោង​ក៏បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកមាន​ប្រជាប្រិយភាព​លើ​បណ្តាញ​សង្គម​(Social Media Influencer)​ក្រោម​ប្រធានបទ​«​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ​»​។

​យោងតាម​USAID Cambodia Green Future​បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បង្កើន​ការយល់ដឹង អំពី​ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង​សំណល់​និង​សំរាម​នៅ​កម្ពុជា គោលនយោបាយ​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដែល​ពាក់ព័ន្ធ ផលប៉ះពាល់​នៃ​ការ​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ ផ្តល់​បច្ចុប្បន្នភាព​នៃ​យុទ្ធនាការ និង​ការប្រើប្រាស់​ស​ម្ហារ​ទំនាក់ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​(SBCC Toolkit)​របស់​គម្រោង ជាពិសេស​គឺ ការពិភាក្សាគ្នា​អំពី​កិច្ចសហការ​រវាង​គម្រោង​និង​អ្នកមាន​ប្រជាប្រិយភាព​លើ​បណ្តាញ​សង្គម ក្នុងការ​ផ្សព្វផ្សាយ សារ​នៃ​យុទ្ធនាការ​ទំនាក់ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ដល់​សាធារណជន ឱ្យ​ចូលរួម​ដើម្បី​«​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ​»៕