ស្ទឹងត្រែងៈ ប្រធានអង្គភាពអភិវឌ្ឍន៍សហគមន៍នៅក្រុមហ៊ុន Rising Phoenix លោក ម៉ក់ សុភាព បានឱ្យដឹងថា បច្ចុប្បន្នមានកសិករប្រហែល ១០០ គ្រួសារ កំពុងធ្វើស្រែនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ប៉ុន្តែប្រមាណ ៩០% ប៉ុណ្ណោះនៃចំនួនកសិករសរុប ដាំស្រូវសរីរាង្គ និងចូលរួមក្នុងកម្មវិធីស្រូវត្រយង។ឆ្នាំនេះ ក្រុមហ៊ុន Rising Phoenix កំពុងផ្តោតលើការជ្រើសរើសកសិករផ្សេងទៀតដែលមិនទាន់បានចូលរួម។
លោកបញ្ជាក់ថា៖«យើងក៏កំពុងធ្វើការដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍របស់កម្មវិធី ហើយយើងកំពុងទន្ទឹងរង់ចាំការចូលរួមបន្ថែមពីកសិករផ្សេងៗទៀតក្នុងកម្មវិធីស្រូវត្រយងនៅក្នុងដែនជម្រកផងដែរ»។
លោកបន្តថា ប្រជាជននៅទីនេះមានទំនោរជឿថា ពួកគេមិនមានដីគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយពួកគេអាចកាប់ឆ្ការដីព្រៃបាន។ ដើម្បីអាចចូលរួមក្នុងគម្រោងស្រូវត្រយងបាន កសិករទាំងអស់ត្រូវផ្តល់ព័ត៌មានអំពីការប្រើប្រាស់ដីរបស់ពួកគេមកឱ្យយើង ហើយពួកគេត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្សដោយប្តេជ្ញាថានឹងមិនធ្វើការទន្ទ្រានដី មិនបរបាញ់ មិនកាប់ឈើ ឬប្រើប្រាស់សារធាតុគីមីនៅក្នុងស្រែរបស់ពួកគេឡើយ។
លោកថ្លែងថា៖«ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ យើងបានគូសផែនទីដើម្បីកំណត់ផ្ទៃដីស្រែកសិករបានចំនួន ១៤០០ កន្លែងនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាង។ នៅក្នុងដែនជម្រកសត្វព្រៃ ក្រុមការងាររបស់យើងក៏កំពុងតាមដានការអនុលោមតាមការអភិរក្ស ដោយធ្វើការសិក្សា និងចងក្រងជាឯកសារនូវដីស្រែរបស់កសិករដើម្បីទប់ស្កាត់ការពង្រីកដីស្រែបន្ថែមនៅក្នុងដែនជម្រកសត្វព្រៃ»។
លោក ម៉ក់ សុភាព បានឱ្យដឹងទៀតថា សកម្មភាពរបស់មនុស្សអាចជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី ដែលអាចបង្រៀនកសិករឱ្យចេះរួមរស់ជាមួយសត្វព្រៃ។ ប៉ុន្ដែ បញ្ហាប្រឈមទីមួយ គឺសត្វឆ្កែរបស់កសិករ។ កសិករជាធម្មតាស្នាក់នៅក្បែរវាលស្រែរបស់ពួកគេក្នុងរដូវដាំដុះ ដែលមានរយៈពេល៦ខែ ដោយពួកគេរស់នៅជាមួយសត្វឆ្កែរបស់ពួកគេដើម្បីជួយការពារ និងជួយប្រមាញ់សត្វព្រៃ។
បញ្ហាទីពីរ គឺសត្វស្លាបដែលជិតផុតពូជដូចជាសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសចូលចិត្តមករកចំណីជុំវិញវាលស្រែ និងធ្វើសម្បុកនៅក្បែរនោះ។ នៅត្រង់នេះហើយ ដែលសកម្មភាពរបស់មនុស្សគឺជាអាវុធមុខពីរ ដោយសារវាលស្រែបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដែលទាក់ទាញសត្វស្លាបមកចាប់សត្វល្អិតជាចំណីនៅទីនោះ ប៉ុន្តែវាក៏ធ្វើឱ្យសត្វស្លាបងាយរងគ្រោះដោយសារមនុស្សផងដែរ។
លោកបន្តថា កសិករបានរស់នៅអាស្រ័យផលមុនពេលដែនជម្រកសត្វព្រៃនេះត្រូវបានបង្កើតឡើងទៅទៀត ដូច្នេះរាល់កិច្ចការអភិរក្សដែលមានប្រសិទ្ធភាព ចាំបាច់ត្រូវមានការចូលរួមពីសហគមន៍។ ប្រជាពលរដ្ឋ មានសក្ដានុពលក្នុងការចូលរួមក្នុងការអភិរក្ស ក្នុងការងារនៃវិស័យកសិកម្ម និងការអភិវឌ្ឍសហគមន៍នៅសៀមប៉ាង។ នៅពេលដែលប្រជាពលរដ្ឋមានជម្រើសចិញ្ចឹមជីវិតផ្សេងទៀត នោះពួកគាត់ប្រាកដជាកាត់បន្ថយការចូលព្រៃសម្រាប់របរចិញ្ចឹមជីវិត ដែលនឹងកាត់បន្ថយសម្ពាធលើធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃផងដែរ។
លោកបញ្ជាក់ថា៖«យើងក៏កំពុងបង្ហាញរដ្ឋាភិបាលឱ្យបានឃើញផងដែរថា វាមានការលំបាកខ្លាំងប៉ុនណា និងត្រូវមានការខិតខំ ក៏ដូចជាការចូលរួមខ្លាំងប៉ុនណាដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានប្រជាជនធ្វើស្រែចម្ការ និងប្រើប្រាស់ធនធានធម្មជាតិសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងនោះ»៕