ភ្នំពេញៈ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មិនទាន់មានពាក្យបណ្តឹង ដាក់មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ពាក់ព័ន្ធនឹងការបោះឆ្នោត លទ្ធផលនៃការបោះឆ្នោត និងភាពមិនប្រក្រតីនៃការិយាល័យបោះឆ្នោតទេ ប៉ុន្តែ មន្ត្រី គជប និងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកល្មើសច្បាប់បោះឆ្នោត ២នាក់ដែលគូសសន្លឹកឆ្នោតចោល និងមិនដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដាថា ចាប់ពីម៉ោង៧ ព្រឹករហូតដល់បិទបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គជប មិនទទួលបានពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងការបោះឆ្នោត លទ្ធផលបោះឆ្នោត និងភាពមិនប្រក្រតីនៃការបោះឆ្នោតនោះទេ ប៉ុន្តែ ប្រសិនបើមានអ្នកប្តឹងអាចប្តឹងយ៉ាងយូរត្រឹមម៉ោង១១ និង ៣០ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា។
លោកបានឱ្យដឹងទៀតថា ជនធ្វើឱ្យខូចសន្លឹកឆ្នោតទាំង២នាក់នោះទី១ គឺនៅការិយាល័យបោះឆ្នោតក្នុងសង្កាត់អូឡាំពិកប្រព្រឹត្តដោយឈ្មោះ យ៉ុម ធារ៉ា។ តាមការសាកសួររបស់មន្ត្រី គជប បញ្ជាក់ថា បុគ្គលនេះបានចូលទៅបោះឆ្នោត នៅវេលាម៉ោង៧ និង៣០ នាទី ព្រឹក។ នៅពេលបានសន្លឹកឆ្នោត ជននេះបានថតសន្លឹកឆ្នោត រួចយកទុកក្នុងហោប៉ៅខោ ហើយបានដើរចេញបម្រុងទៅជ្រលក់ដៃ ប៉ុន្តែត្រូវមន្ត្រីការិយាល័យមិនអនុញ្ញាតឱ្យជ្រលក់ដៃ ព្រោះគាត់មិនបានស៊កសន្លឹកឆ្នោតចូលក្នុងហិបឆ្នោត នៅពេលសួរនាំជននោះបានបោះសន្លឹកឆ្នោតចោល។
ចំណែក ១ករណីទៀតកើតឡើងនៅការិយាល័យបោះឆ្នោតក្នុងសង្កាត់ស្ទឹងមានជ័យ២ ប្រព្រឹត្តដោយឈ្មោះ សាត អូន។ ជននេះបានគូសខ្វែងលើសន្លឹកឆ្នោត រួចយកទូរស័ព្ទថតហើយយកទៅដាក់ក្នុងហិបឆ្នោតរួចជ្រលក់ដៃ។ ប្រធានការិយាល័យរៀបចំការបោះឆ្នោតមានការសង្ស័យ បានហៅមកសួរនាំ ជននោះបានលុបរូបថតចោលវិញ ប៉ុន្តែក្រោយនគរបាលជំនាញពិនិត្យទូរស័ព្ទឡើងវិញឃើញសន្លឹកឆ្នោតគូសខ្វែង។
លោកបញ្ជាក់ថា៖«ក្នុងមាត្រា ២៤២ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងការពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតយ៉ាងតិច៥ឆ្នាំ»។
ផ្អែកតាមបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត សរុបចំនួន៩ ៧១០ ៦៥៥ នាក់ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន ២៣ ៧៨៩ ការិយាល័យ។
តាមលិខិតជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ចំនួនអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង៤ និង ១៧នាទីរសៀលថ្ងៃទី២៣ ខែកក្កដានេះ មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕