ភ្នំពេញៈ ក្រុមនិស្សិតជយលាភីអាហារូបករណ៍ដែលជាមន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័នរដ្ឋចំនួន ២៤ រូប នឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នៅក្នុងខែសីហាខាងមុខ ដើម្បីពង្រឹងសមត្ថភាពប្រកបដោយគំនិតច្នៃប្រឌិត សម្រាប់អង្គភាពរបស់ខ្លួន ដែលជាចំណែកមួយនៃការបំពេញ បេសកកម្ម សម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
មុនចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី២០ខែកក្កដា លោក លីម ហ៊ុយជីវ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយករងពន្ធដារ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយនិស្សិតជយលាភីទាំង ២៤រូបនេះ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ ដើម្បីធ្វើការផ្តាំផ្ញើ និងលើកទឹកចិត្ត។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លោក លីម ហ៊ុយជីវ បានលើកឡើងថា ការទទួលជយលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺពិតជាការទទួលបានឯកសិទ្ធិមួយដ៏ឧត្តុង្គឧត្តម។
លោកថា៖«ហេតុដូច្នេះគឺចាំបាច់ត្រូវចេះប្រើប្រាស់ឯកសិទ្ធិនេះ ឱ្យបានត្រឹមត្រូវ ដើម្បីសម្រេចបានគោលដៅចម្បង គឺពង្រីកនិងពង្រឹងសមត្ថភាព និងគុណវុឌ្ឍិ ស្របតាមសេចក្ដីប្រាថ្នារបស់ប្រទេសជាម្ចាស់ជំនួយក៏ដូចជាសេចក្តីរំពឹងទុករបស់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរបស់ខ្លួន»។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលប្រទេសជប៉ុន ដែលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ជាច្រើនឆ្នាំកន្លងទៅនេះ ក្នុងការជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រចំពោះកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកម្ពុជា តាមរយៈការផ្ដល់ជាអាហារូបករណ៍ជូនដល់មន្ត្រីរាជការវ័យក្មេងឱ្យបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សាលើមុខជំនាញជាច្រើននៅតាមបណ្តាសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន។
លោកបន្ថែមថា និស្សិតជយលាភីទាំងអស់ត្រូវផ្តល់តម្លៃខ្ពស់ចំពោះឱកាស និងឯកសិទ្ធិដ៏ប្រពៃនេះ និងត្រូវយកចិត្តទុកដាក់កម្រិតអាទិភាពខ្ពស់ក្នុងការឈ្វេងយល់ និងក្រេបជញ្ជក់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗទាំងផ្នែកការយល់ដឹងទូទៅទាំងផ្នែកជំនាញវិជ្ជាជីវៈសំដៅធានាបាននូវស្នាដៃប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការបំពេញការងារនៅតាមអង្គភាពនីមួយៗ ក្រោយពេលត្រឡប់មកបម្រើប្រទេសជាតិវិញ។
លោក លីម ហ៊ុយជីវ ក៏បានផ្តាំផ្តាំផងដែរថា ដើម្បីទទួលបានជោគជ័យលើបេសកកម្មសិក្សានេះ និស្សិតជយលាភីទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការទទួលយកបទពិសោធន៍នៃវិធីសាស្ត្របង្រៀនបែបថ្មី និងរៀនសម្របខ្លួនតាមបរិបទរស់នៅរបស់ប្រជាជនជប៉ុនផងដែរ ព្រមទាំងខិតខំធ្វើស្វ័យសិក្សា និងការសិក្សាស្រាវជ្រាវបន្ថែមបន្ទាប់ពីការរៀនសូត្រក្នុងថ្នាក់។
លោកបានធ្វើការរំឭកទៀតថា ការប្រើប្រាស់ឯកសិទ្ធិដ៏ឧត្តុង្គឧត្តមនេះ ឱ្យបានត្រឹមត្រូវប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺមិនមែនត្រឹមតែជាករណីកិច្ចសម្រាប់ខ្លួនឯងនោះទេ ក៏ប៉ុន្តែសម្រាប់ក្រុមគ្រួសារអង្គភាព និងប្រទេសជាតិផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖«គោលបំណងចម្បងនៃការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៃប្រទេសកម្ពុជា គឺដើម្បីជួយលើកស្ទួយ និងបង្កើនសមត្ថភាព និងគុណវុឌ្ឍិដែលនឹងមានតួនាទីដ៏សំខាន់ក្នុងបុព្វហេតុបន្តកសាង និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ថែមទៀត»៕