ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងក្នុងសន្និសីទកាសែតនាយប់ថ្ងៃទី ២៣ កក្កដាថា ដំណើរការទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅដោយរលូន ដែលបើយោងតាមតួលេខបណ្តោះអាសន្ន មានប្រជាពលរដ្ឋចំនួន ៨៤,៥៨ ភាគរយ បានទៅបោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥ នាក់។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល ការិយាល័យបោះឆ្នោតដែលមានចំនួន ២៣ ៧៨៩ ការិយាល័យបានបើកដំណើរការបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែងណាមួយកើតឡើងឡើយ។
លោកបានថ្លែងថា៖ «ដំណើរការទូទៅនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនដែលប្រជាពលរដ្ឋបានចេញទៅ បោះឆ្នោតក្នុងអត្រាមួយខ្ពស់»។ គ.ជ.ប បានកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល ១ ថ្ងៃនៃការបោះឆ្នោតនេះដែរ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មិនទាន់ទទួលបានបណ្តឹងទាក់ទងនឹងបណ្តឹងពីភាពមិនប្រក្រតីដែលកើតមាននៅក្នុងការិយាល័យបោះឆ្នោត និងស្ថានភាពទូទៅនៅខាងក្រៅការិយាល័យបោះឆ្នោតនោះទេ។
នាព្រឹកថ្ងៃទី ២៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានចូលរួមបោះឆ្នោត នៅការិយាល័យលេខ ១៦៩៧ ក្នុងសាលាគរុកោសល្យវិក្រឹតការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយពី គជប បានចេញផ្សាយពីចំនួនតួលេខបោះឆ្នោតបណ្តោះអាសន្ននៃអ្នកបានទៅបោះឆ្នោតចំនួន ៨៤,២១ ភាគរយលោក ហ៊ុន សែន បានចេញសារតាមតេឡេក្រាមដោយលោកបានបញ្ជាក់ថា ចំណុចទាំងនេះ គឺអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋ គឺបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់។
ប្រជាពលរដ្ឋពិតជាចង់ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនជាមួយនឹង «ដំបូលសន្តិភាព» ដែលបាននិងកំពុងមាន ហើយចង់ចាកឆ្ងាយពី«ក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ»។
លោកថ្លែងថា៖ «ឥឡូវនេះ ប្រៀបធៀបចំនួនប្រជាជនចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលប់ ដែលច្រើនលើសការបោះឆ្នោតដែលមាន [គណបក្ស] ភ្លើងទៀនចូលរួមទៀតផង។
ឥឡូវយើងរង់ចាំមើលថា តើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតគាំទ្រពួកគេ។ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក? ឯអត្រាសន្លឹកឆ្នោតមោឃៈដូចជាការគូសខុសគឺវាជារឿងធម្មតា ដែលមានកម្រិតប្រមាណជា ២ ភាគរយ»។
ចំណែក នៅឯខេត្តបាត់ដំបង បន្ទាប់ពីបោះឆ្នោតរួចហើយ នាព្រឹកថ្ងៃទី ២៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមម៉ោងប្រមាណ ៨ ព្រឹក មិនទាន់មានព័ត៌មានណាមួយ ដែលជាឧបសគ្គឬបញ្ហាប្រឈម ដែលកើតឡើងនៅការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសនោះទេ។
លោកថា៖ «ដូច្នេះខ្ញុំគិតថា ជាទិដ្ឋភាពរួម គឺមានភាពល្អប្រសើរ និងសង្ឃឹមជឿជាក់ថា ការបោះឆ្នោតក៏មិនមានបញ្ហាអ្វីកើតឡើងដែរ។ អ៊ីចឹង! ចាត់ទុកថា លទ្ធផលបោះឆ្នោតនេះគឺស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា»។ ក្នុងឋានៈជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍ សម្រាប់ការបោះឆ្នោត និងជាសមាជិករដ្ឋាភិបាលលោក ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ចទាំងអស់ ដែលមានការពាក់ព័ន្ធ ត្រូវបន្តបំពេញបេសកកម្មរបស់ខ្លួនស្របតាមតួនាទី ភារកិច្ច និងច្បាប់ បទបញ្ជា ពាក់ព័ន្ធការបោះឆ្នោត ធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះ អាចប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក។
ជាមួយគ្នានេះលោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី ២៣ ខែកក្កដា បានសរសេរនៅលើបណ្តាញតេឡេក្រាមថា សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភ័ស្តុតាងចំពោះបុគ្គលណា ថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឱ្យខូចសន្លឹកឆ្នោត ដើម្បីចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង។
បន្ថែមពីនេះ លោក គី តិច ប្រធានក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា និងជាអ្នកដឹកនាំក្រុមមេធាវីការពារបណ្តឹងលើបុគ្គលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងបំពានច្បាប់បោះឆ្នោត បានស្នើដល់ក្រុមមេធាវីទាំងអស់គ្នាសហការពិនិត្យ តាមស្រាវជ្រាវក្នុងបណ្តាញសង្គមនានា។
លោកលើកឡើងថា៖ «ត្រូវប្រមូលយកភ័ស្តុតាងដែលបញ្ជាក់ចំពោះបុគ្គលទាំងឡាយណាដែលថតផ្សាយអំពីការគូសខ្វែងចោល លើសន្លឹកឆ្នោត ឬធ្វើឱ្យខូចសន្លឹកឆ្នោត ឬបំផុសឱ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់ ដើម្បីរៀបចំបណ្តឹង វិធានការច្បាប់ ដោយគ្មានការលើកលែង»។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី ២៣ ខែកក្កដា នៅពេលដែលសាកសួរពីដំណើរការបោះឆ្នោតលោកបានថ្លែងថា លោកមិនចង់ធ្វើអត្ថាធិប្បាយ ឬវាយតម្លៃណាមួយជុំវិញដំណើរការបោះឆ្នោតនាពេលនេះទេ ព្រោះគណបក្សរបស់លោក ត្រូវបានបដិសេធដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យចូលរួមការបោះឆ្នោតនេះ ហើយលោកក៏ដឹងរួចហើយ នូវលទ្ធផលថា ជ័យជម្នះនេះ នឹងបានទៅលើគណបក្សប្រជាជនកម្ពុជារួចហើយដែរ។
លោកបន្តថា៖ «ថ្វីដ្បិតមានគណបក្សេ ១៧ ផ្សេងទៀត ចូលរួមប្រកួតប្រជែងក្តី ប៉ុន្តែគណបក្សទាំងនេះមិនមានសក្តានុពលដើម្បីអាចប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែរ ខណៈគណបក្សភ្លើងទៀន ដែលមានសក្តានុពល ត្រូវបានគេបដិសេធ មិនឱ្យចូលរួមប្រកួតប្រជែង»។ ទោះជាបែបនេះក្តី លោកថា ភាគច្រើននៃអ្នកគាំទ្រគណបក្សភ្លើងទៀន រួមជាមួយនឹងរូបលោកផងដែរ ក៏បានចេញទៅបោះឆ្នោតរួចហើយដែរ ព្រោះវាជាកាតព្វកិច្ច សម្រាប់ឈរឈ្មោះ ឱ្យគេបោះឆ្នោតនៅពេលក្រោយ ស្របតាមច្បាប់បោះឆ្នោតថ្មី។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា តាមការសង្កេតរបស់លោក គឺឃើញប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោតច្រើន។ ប៉ុន្តែ ទន្ទឹមគ្នានោះដែរ ក៏មានអាជ្ញាធរនៅតែមានការឃ្លាំមើលអ្នកទៅបោះឆ្នោតផងដែរ។
ពាក់ព័ន្ធនឹងអំពើហិង្សា និងការគំរាមកំហែងដល់អ្នកបោះឆ្នោត លោក យង់ គិមអេង បញ្ជាក់ថា៖ «ករណីនេះមិនមានកើតឡើងនោះទេ ដោយសារតែកម្រិតនៃការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតអាណត្តិនេះ មិនមានភាពស្រួចស្រាល់នោះទេ»។
អ្នកស្រី ឡាយ ស្រីចាន់ ដែលបានចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកថ្មី ខណ្ឌច្បារអំពៅបានថ្លែងថា ការបោះឆ្នោតលើកនេះមានការរៀបចំបានល្អ ទាំងសន្តិសុខ និងមិនរង់ចាំយូរឡើយ។ អ្នកស្រីនិយាយ
ថា៖ «ពេលខ្ញុំទៅដល់គ្រាន់តែបង្ហាញបណ្ណព័ត៌មានអ្នកបោះឆ្នោត មានមន្ត្រីគេចាំណែនាំ និងប្រាប់ទៅបន្ទប់នេះ ហើយមិនរង់ចាំយូរនោះទេ។ ក្នុងនាមពលរដ្ឋខ្ញុំត្រូវតែចូលរួមបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ហើយចំពោះគណបក្សណាដែលខ្ញុំគូសនៅលើសន្លឹកឆ្នោតខ្ញុំមិនអាចប្រាប់ទេ»។
យោងតាម គ.ជ.ប. បានឱ្យដឹងថា ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩ ៧១០ ៦៥៥ នាក់ ខណៈការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួនសរុប ២៣ ៧៨៩ ការិយាល័យ។
យោងតាមប្រតិទិននៃការរៀបចំការបោះឆ្នោតរបស់ គជប លទ្ធផលផ្លូវការ និងការបែងចែកអាសនៈសម្រាប់ការបោះឆ្នោតនីតិកាលទី៧ នឹងត្រូវប្រកាសនៅចន្លោះថ្ងៃទី ៤ ខែសីហា និងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៣។
សូមរំឭកថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជាបានចាប់ផ្តើមឡើងជាថ្មីនៅឆ្នាំ ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។
ក្នុងនោះការបោះឆ្នោតលើកទី១ នៅឆ្នាំ ១៩៩៣ មានគណបក្សចំនួន ៤ បានចូលរួម, អាណត្តិទី២ ឆ្នាំ ១៩៩៨ មាន ៧ គណបក្ស, អាណត្តិទី៣ ឆ្នាំ ២០០៣ មាន ៧ គណបក្ស, អាណត្តិទី៤ ឆ្នាំ ២០០៨ មាន ១១ គណបក្ស, អាណត្តិទី៥ ឆ្នាំ ២០១៣ មាន ៨គណបក្ស, អាណត្តិទី៦ ឆ្នាំ ២០១៨ មាន ២០ គណបក្ស និងអាណត្តិទី៧ ក្នុងឆ្នាំ ២០២៣ នេះ មាន ១៨ គណបក្សចូលរួម៕
រាយការណ៍បន្ថែមៈ សុខ រក្សា