ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជោគជ័យធំៗ ៣ ក្នុងឆាកជីវិតលោក គឺបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ បន្ទាប់ពីខកខានអស់ជាង ៥០០ ឆ្នាំ ការធ្វើទំនើបកម្មសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ ១៩ កន្លងទៅ ដែលបង្ហាញពីសមត្ថភាពលោកក្នុងនាមជាមេដឹកនាំប្រទេសមួយ។
ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន Phoenix ដែលចាក់ផ្សាយជាសាធារណៈនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣។ លោកបញ្ជាក់ថា លោកបានសម្រេចលទ្ធផលជោគជ័យជាច្រើនក្នុងឆាកជីវិតលោកក្នុងនាមជាមេដឹកនាំប្រទេសកម្ពុជា ប៉ុន្តែលោកសង្ខេបជា ៣ ចំណុចធំៗ។
លោកបានឱ្យដឹងថា ជោគជ័យទី១ លោកបាននាំប្រទេសកម្ពុជា ដែលពោរពេញទៅដោយសង្គ្រាម និងការបែកបាក់ ប្រែក្លាយមកជាទឹកដីដែលគ្មានការបែកបាក់ មានការបង្រួបបង្រួមជាតិ បន្ទាប់ប្រទេសនេះលែងមានឯកភាពជាតិរយៈពេលជាង ៥០០ ឆ្នាំមកហើយ ដោយការប្រើប្រាស់វប្បធម៌សន្ទនា និងនយោបាយឈ្នះ-ឈ្នះ ដែលលោកបានដាក់ចេញ កែប្រែកម្ពុជាមានសុខសន្តិភាពពេញលេញ។
លោកបានសង្កត់ធ្ងន់ថា៖ «មិនដែលមានរដ្ឋាភិបាលណាដែលមានលទ្ធភាពគ្រប់គ្រងទឹកដីបានទាំងអស់ទេ គឺមានតែរដ្ឋាភិបាលខ្ញុំមួយគត់ដែលមានលទ្ធភាពត្រួតត្រាទឹកដីទាំងអស់ដែលនេះជាជោគជ័យធំ។ យើងពន្លត់សង្គ្រាមដោយមិនប្រើគ្រាប់កាំភ្លើងសូម្បី ១ គ្រាប់ ដែលមិនទាន់មាននៅលើពិភពលោកនេះនៅឡើយទេ។
ជោគជ័យទី២ លោកសំដៅដល់កំណែទម្រង់វិស័យសេដ្ឋកិច្ចដែលក្នុងរដ្ឋាភិបាលលោកផ្ទាល់បានផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារសេរី ដែលបើកដៃឱ្យប្រជាជនមានសិទ្ធិចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ដោយលោកបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានចេញពីបាតដៃទទេក្រោយរបបខ្មែរក្រហមឆ្នាំ ១៩៧៩ ក្នុងទម្រង់សេដ្ឋកិច្ចផែនការមកទីផ្សារសេរី។
សម្រាប់ជោគជ័យធំទី៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជាជោគជ័យលើការគ្រប់គ្រងជំងឺឆ្លងជាសកលកូវីដ ១៩ កន្លងទៅថ្មីៗនេះ ទោះបីកម្ពុជាមិនមែនជាប្រទេសគ្រប់គ្រងបានល្អជាងគេ ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសមហាអំណាច និងក្រុមប្រទេសអ្នកមានកម្ពុជាជាប្រទេសក្រីក្រ ប៉ុន្តែមានអ្នកបាត់បង់ជីវិតក្នុងសោកនាដកម្មកូវីដ ១៩ តិចជាង ព្រមទាំងគ្រប់គ្រងសភាពការណ៍បានល្អ អាចបើកប្រទេសវិញបានឆាប់រហ័ស។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ដោយលោកថ្លែងថា ក្នុងនាមជាអ្នកដឹកនាំ លោក ហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងសម្រាប់ជាតិ ធ្វើឱ្យមានឯកភាពជាតិ និងបូរណភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញជាតិតែមួយ ព្រះមហាក្សត្រតែមួយ។
លោកបានថ្លែងដូច្នេះថា៖ «គំរូវីរភាពរបស់សម្តេចដែលយុវជនជំនាន់ក្រោយ គួរយកគំរូឬយកតម្រាប់តាម គឺការលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីជាតិ ប្រជាជនដោយមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវដោយធ្វើយ៉ាងណាឈរនៅលើគោលការណ៍បង្រួបបង្រួមផ្សះផ្សាជាតិ និងការអភិវឌ្ឍ»។
ទីប្រឹក្សានាយករដ្ឋមន្ត្រីដដែលបានបន្ថែមថា ក្រៅពីភាពជោគជ័យធំៗ ៣ ដែលបានរៀបរាប់លោក ហ៊ុន សែន បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលសំចត ការព្យាបាល និងវិធានការវ៉ាក់សាំងជូនជនបរទេស និងពលរដ្ឋខ្លួនឥតគិតថ្លៃ ព្រមទាំងភាពជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជាដើម។
ចំណែក លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដាននយោបាយជាតិលើកឡើងថា លោក ហ៊ុន សែន បានស្តារមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិដែលកម្ពុជាបានបាត់បង់មកវិញពីប្រទេសហ៊ុមព័ទ្ធដោយសង្គ្រាមមកជាប្រទេសសកម្មលើនយោបាយអន្តរជាតិ។ ក្នុងកិច្ចការអន្តរជាតិ លោកមានការទូតទន់ភ្លន់ និងបត់បែនហើយបម្រើប្រយោជន៍ជាប្រវត្តិសាស្ត្រសម្រាប់ជាតិ។
លោកបញ្ជាក់ថា៖ «សម្តេច ហ៊ុន សែន ជាឥស្សរជនម្នាក់ដែលមានទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ ដែលលោកចេះធ្វើឱ្យខ្មែរគ្រប់និន្នាការនយោបាយចេះធ្វើការជាមួយគ្នាបាន ទោះបីជាអ្នកធ្លាប់ធ្វើការប្រឆាំងគ្នាក្នុងសមរភូមិប្រដាប់អាវុធ ក្នុងសមរភូមិយោបាយ មិនថាអង្គការសង្គមស៊ីវិល»។
សម្រាប់ភាពជាគំរូរបស់លោក ហ៊ុន សែន សម្រាប់អ្នកដឹកនាំជំនាន់ក្រោយ លោក គិន ភា សង្កត់ធ្ងន់លើផលប្រយោជន៍ជាតិ និងប្រជាជនជាសំខាន់ ការចេះប្រើធនធានមនុស្សមិនថា មាននិន្នាការស្រប ឬផ្ទុយ ពិសេសឥរិយាបថការទូតទន់ភ្លន់តែមិនទន់ជ្រាយឈរលើគោលការណ៍រក្សាអធិបតេយ្យ បូរណភាពទឹកដី និងឯករាជភាពជាតិ។
សម្រាប់លោក រ៉ូ វណ្ណៈ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា លោក ហ៊ុន សែន ជាមេដឹកនាំមួយរូបជាប់ឈ្មោះជា «បុរសខ្លាំង» ព្រោះលោកប៉ិនប្រសប់ក្នុងការប្រើប្រាស់អំណាចរឹងក្នុងឆាកនយោបាយ ហើយអាចរក្សាអំណាចបានយូរជាងគេ និងមានឥទ្ធិពលម្នាក់ បើប្រៀបធៀបនឹងមេដឹកនាំដទៃក្នុងសហសម័យនេះ។
លោកបានប្រាប់ថា៖ «ក្រៅពីឯកភាពទឹកដីនៅក្រោមដំបូលរដ្ឋាភិបាលតែមួយ ខ្ញុំមើលឃើញពីភាពជោគជ័យលើកំណើនសេដ្ឋកិច្ចជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលប្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនទាំងនេះក៏បានធ្វើឱ្យបាត់បង់តុល្យភាពនៃធនធានធម្មជាតិផងដែរ»។
គួរជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីយូរជាងគេក្នុងពិភពលោក ពោលគឺចាប់តាំងពីអំឡុងឆ្នាំ ១៩៨៥ រហូតមកទល់បច្ចុប្បន្ន៕