ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតមកទល់ពេលនេះ អ្នកប្រើប្រាស់កម្មវិធីម៉ូបាលអ៊ែប «សុខភាពយុវជន» បានកើនឡើងរហូតដល់ជិត ៥០ ០០០ នាក់ ខណៈអត្រាអ្នកប្រើភាគច្រើនមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី ២៣ ខែកក្កដាថា គិតមកទល់ពេលនេះ អ្នកប្រើប្រាស់ដែលបានចុះឈ្មោះក្នុងកម្មវិធីម៉ូបាលអ៊ែប «សុខភាពយុវជន (Youth Health Mobile App)» មានសរុប ៤៦ ០០០ នាក់ មកពី ២៥ រាជធានី/ខេត្ត។
លោកបានប្រាប់ដែរថា ក្នុងនោះមានអ្នកប្រើប្រាស់ចំនួន ២៧ ២១៧ នាក់ មកពីវិទ្យាល័យគោលដៅនៃការផ្សព្វផ្សាយកម្មវិធីអ៊ែបនេះ ដែលមានចំនួន ១១៧ វិទ្យាល័យ ស្ថិតនៅរាជធានី/ខេត្តគោលដៅចំនួន ៩ រួមមាន ភ្នំពេញ ខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគិរី និងខេត្តរតនគិរី។
លោក រស់ សុវាចា បានបញ្ជាក់ថា៖ «ភាគច្រើនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះក្នុងកម្មវិធីម៉ូបាលអ៊ែប សុខភាពយុវជន គឺមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងកំពង់ចាម ខណៈដែលនៅក្នុងកម្មវិធីម៉ូបាលអ៊ែបនេះ មានមាតិកាចំនួន ១៦ ដែលបានដកស្រង់ពីឯកសារមេរៀនអប់រំសុខភាពពីថ្នាក់ទី៥ ដល់ទី១២ របស់នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា»។
បើតាមលោក រស់ សុវាចា មូលហេតុដែលក្រសួងអប់រំបង្កើតម៉ូបាលអ៊ែបនេះឡើង ដោយសារក្រសួង និងអង្គការដៃគូមើលឃើញថា យុវជនក្នុងវ័យទំនាក់ទំនងផ្លូវភេទដំបូងអាចប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងការរំលូតកូនដោយមិនមានសុវត្ថិភាពដោយសារការទទួលបានព័ត៌មាននៅមានកម្រិត។
លោក រស់ សុវាចា បានបន្ដថា មួយវិញទៀត ក្នុងសម័យឌីជីថលនេះ ក្មេងប្រុសជំទង់អាចមើលវីដេអូមិនសមរម្យលើទូរស័ព្ទដៃ។ ដូច្នេះចំណេះដឹងអំពីការរួមភេទប្រកបដោយសុវត្ថិភាព ឬពីការចម្លងជំងឺកាមរោគអេដស៍នៅមានកម្រិត ខណៈពួកគាត់ពុំទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្ត។
លោកបានថ្លែងថា៖ «ដូច្នេះម៉ូបាលអ៊ែប សុខភាពយុវជន បានផ្តោតទៅលើសេចក្តីត្រូវការសម្រាប់ការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ យេនឌ័រ និងការគាំទ្រសុខភាពផ្លូវចិត្ត ដើម្បីធ្វើឱ្យយុវជនអាចអនុវត្តសិទ្ធិ និងជម្រើសរបស់ពួកគេបានកាន់តែប្រសើរ»។
ក្រោមការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន ក្រសួងអប់រំប្ដេជ្ញានឹងខិតខំប្រឹងប្រែងសម្រាប់គម្រោងរួមគ្នានេះដើម្បីអភិវឌ្ឍ និងអនុវត្តការអប់រំផ្លូវភេទតាមបែបឌីជីថល និងគំនិតផ្ដួចផ្ដើមទំនាក់ទំនងដោយភាពច្នៃប្រឌិត។
យោងតាមក្រសួងអប់រំបញ្ជាក់ថា កន្លងមកមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជាបានឱ្យដឹងថា ម៉ូបាលអ៊ែបនេះ កំណត់គោលដៅសម្រាប់យុវជនក្នុង និងក្រៅសាលា ដែលអនុញ្ញាតឱ្យពួកគេទទួលបានព័ត៌មានចាំបាច់ជាច្រើនអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលត្រូវបានអនុម័តដោយក្រសួងអប់រំ យុវជន និងកីឡា។ អ៊ែបនេះក៏រួមបញ្ចូលស្តីពីយេនឌ័រ សុខភាពផ្លូវចិត្ត ក៏ដូចជាជំនួយផ្លូវចិត្តផងដែរសម្រាប់យុវជនកម្ពុជាទាំងអស់។
ប្រភពដដែលបញ្ជាក់ថា៖ «កម្មវិធីម៉ូបាលអ៊ែបសុខភាពយុវជនត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជនក្នុងការទទួលបានព័ត៌មានអំពីប្រធានបទសុខភាពបន្តពូជជាច្រើនស្របតាមកម្មវិធីសិក្សាអប់រំផ្លូវភេទដ៏ទូលំទូលាយដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ហេតុដូច្នេះវាមានការចាំបាច់សម្រាប់សិស្សានុសិស្សដែលរៀនចាប់ពីថ្នាក់ទី៥ រហូតដល់ថ្នាក់ទី១២»។
កម្មវិធីម៉ូបាលអ៊ែប «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍យុវជនកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលគម្រោងនេះអនុវត្តដោយបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយមូលនិធិ UNFPA និងរាជរដ្ឋាភិបាលជប៉ុន៕