ពោធិ៍សាត់ៈ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រាប់ឱ្យអ្នកកាន់កាប់ដី ដែលអាស្រ័យផលក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិមកដាក់ពាក្យស្វ័យប្រកាស ដើម្បីស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ខណៈកាលបរិច្ឆេទ នឹងផុតកំណត់ត្រឹមថ្ងៃទី ៣១ ខែសីហាខាងមុខ ។
ការប្រកាសជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ដើម្បីកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ និងពិនិត្យលទ្ធភាពចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលមានចែង។
សេចក្តីជូនដំណឹងដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមជម្រាបជូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីដែលអាស្រ័យផលក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិក្នុងខេត្តទាំងអស់ ទៅដាក់ពាក្យស្វ័យប្រកាសនៅទីស្នាក់ការមន្ទីរបរិស្ថានខេត្ត ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហាខាងមុខ។ ការដាក់ពាក្យស្វ័យប្រកាសនេះ គឺដើម្បីឱ្យការរស់នៅ និងកាន់កាប់ដីក្នុងតំបន់ហគមន៍នៃតំបន់ការពារធម្មជាតិទទួលបានបណ្ណកម្មសិទ្ធិដីស្របច្បាប់។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានបញ្ជាក់ថា៖ «សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីដែលអាស្រ័យផលក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ នៅមន្ទីរបរិស្ថានខេត្ត ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងភ្ជាប់ឯកសារបញ្ជាក់កាន់កាប់ដីធ្លី»។
ជាមួយនឹងការជូនដំណឹងនេះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានចេញលិខិត ១ ច្បាប់ទៀត ដើម្បីដាក់ជូនអភិបាល និងគណៈអភិបាលស្រុក ដើម្បីឱ្យជួយផ្សព្វផ្សាយចំពោះករណីនេះទៅកាន់ប្រជាពលរដ្ឋ និងចូលរួមសម្របសម្រួល ដើម្បីឱ្យដំណើរការនៃការផ្តល់បណ្ណកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិប្រព្រឹត្តទៅដោយរលូន។
លោកបានបញ្ជាក់ថា៖ «ទទួលបានសេចក្តីជូនដំណឹងនេះ សូមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីដែលអាស្រ័យផលក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ ត្រូវមកទទួលពាក្យស្វ័យប្រកាសលើការកាន់កាប់ដី ដើម្បីឱ្យមន្ត្រីជំនាញរៀបចំនីតិវិធី និងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់»។
កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ ក្រសួងបរិស្ថានបានដាក់លិខិត ១ ច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យផែនទីតំបន់ការពារធម្មជាតិជាទម្រង់ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងជំរុញកិច្ចសហការជាមួយស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធលើការចុះបញ្ជីដីជូនប្រជាពលរដ្ឋក្នុងតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ។
តាមតួលេខដែលចេញដោយក្រសួងបរិស្ថាន កាលពីឆ្នាំ ២០២០ បានឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ សរុបមានទំហំ ៧,២លានហិកតាគ្របដណ្តប់ខេត្តចំនួន២០ ក្នុងចំណោមខេត្ត រាជធានីទាំង ២៥ នៃប្រទេសកម្ពុជា៕