​ភ្នំពេញៈ ក្រុម​អ្នក​សង្កេត​ការណ៍​ចិន​ដែល​បានមក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧ ​នេះ បាន​លើក​ឡើង​ថា ការបោះឆ្នោត​នេះ​មាន​សន្តិភាព យុត្តិធម៌ បរិ​យា​ប័ន្ន​និង​តម្លាភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដា​អន្តរជាតិ ខណៈ​ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី អះអាងថា ការបោះឆ្នោត​ប្រកបដោយ​វិជ្ជាជីវៈ​ដំណើរការ​ទៅដោយ​សុវត្ថិភាព និង​មាន​តម្លាភាព​។​

​លោកស្រី ជូ ហ្គួ​យ​ជឺ (Zhu Guije)​ អគ្គនាយិកា​រង​មកពី​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ចិន​សម្រាប់​ការផ្លាស់ប្តូរ​អន្តរជាតិ (CNIE)​ លែង​ក្នុង​សន្និសីទកាសែត​របស់​អ្នក​​សង្កេតការណ៍​អន្តរជាតិ​នា​ថ្ងៃទី​ ២៤ ខែកក្កដាថា ក្នុងនាម​ជា​អ្នក​សង្កេត​​ការណ៍​អន្តរជាតិ គណៈប្រតិភូ​ CNIE ​មានការ​ចាប់អារម្មណ៍ ដោយ​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​មានការ​សាទរ​ក្នុងការ​ចូលរួម​បោះឆ្នោត ជា​ឧ​ទា​ហរ​ណ៍ នៅក្នុង​ការិយាល័យ​បោះ​ឆ្នោត ដែល​គណៈប្រតិភូ ​CNIE​ បាន​ទៅ​សង្កេត ហើយ​ឃើញថា មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកបោះឆ្នោត​ក្នុងនោះ​ក៏មាន​ស្ត្រី​ដែលមាន​កូនតូច និង​អ្នកបោះឆ្នោត​ដែលមាន​វ័យ​ចំណាស់​ផងដែរ​បាន​ទៅដល់​ការិយាល័យ​បោះ​ឆ្នោត​ទាំង​ព្រឹក​ព្រលឹម​។​

​លោកស្រី​ថ្លែងថា ការចូលរួម​បែបនេះ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​សា​ធារ​ណ​ជន ចំពោះ​ដំណើរការ​នៃ​ការបោះ​ឆ្នោត និង​ការគ្រប់គ្រង​របស់​គ​.​ជ​.​ប និង​ភ្នាក់ងារ​គាំទ្រ​ផ្សេងទៀត​នៅក្នុង​ការបង្កើតបាន​នូវ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​ជោគជ័យ​។ គណៈប្រតិភូ CNIE ​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​វិជ្ជាជីវៈ​ការងារ របស់ គ​.​ជ​.​ប​។​ប្រជា​ជនកម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​របស់ខ្លួន​។ ប្រជាជន​កម្ពុជា​រីករាយ​នឹង​សន្តិភាព និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​។​

​លោកស្រី ជូ ហ្គួ​យ​ជឺ ថ្លែង​តាមរយៈ​ការបកប្រែ​ថា​៖ «​តាម​ការសង្កេត និង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គណៈ​ប្រតិភូ CNIE បាន​ចាត់ទុកថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សន្តិភាព យុត្តិធម៌ និង​តម្លាភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្តង់​​ដា​អន្តរជាតិ យុត្តិធម៌ សន្តិភាព តម្លា​ភាព និង​បរិ​យា​ប័ន្ន​»​។​

​លោកស្រី​បន្ថែមថា​៖ «​គណៈប្រតិភូ CNIE សូម​អបអរសាទរ​ដល់​ប្រជា​ជនកម្ពុជា​ចំពោះ​ការបោះឆ្នោត ប្រកប​ដោយ​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ និង​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា និង​គណបក្សនយោបាយ​ទាំងអស់​ឱ្យធ្វើ​ការរួម​គ្នា ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​»​។​

អ្នកសង្កេត​ការណ៍អន្តរជាតិ​ កំពុង​សង្កេតពីដំណើរការ​បោះឆ្នោត​​ នៅថ្ងៃទី ២៣ ខែកក្កដា។ ហេង ជីវ័ន

​លោកស្រី ជូ ហ្គួ​យ​ជឺ បាន​ថ្លែងថា​ប្រទេស​កម្ពុជា ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ី​ផ្សេងទៀត ជាពិសេស​យុវជន បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ដំណើរការ​នយោបាយ និង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ យុវជន​កម្ពុជា​បាន​យក​បទពិសោធន៍​ពី​អ្នក​ជំនាន់​មុន​ប្រកបដោយ​ទំនុកចិត្ត ជាមួយនឹង​ការ​ប្តេជ្ញាចិត្ត និង​សេចក្ដីប្រាថ្នា​ដ៏​មុតមាំ​នៅក្នុង​ការកសាង​សង្គម​មួយ​ដ៏​ត្រឹម​ត្រូវ និង​ការពារ​កេរដំណែល​របស់ អ្នក​ជំនាន់​មុន​របស់ខ្លួន​។​

​លោក Andrey Maximov​ ប្រធាន​គណៈកម្មការ​នៃ​សភា​ពលរដ្ឋ​នៃ​សហ​​ព័ន្ធ​រុស្ស៊ី ​(Civic Chamber of Russian Federation) ទទួលបន្ទុក​អភិវឌ្ឍន៍​ដែនដី បរិស្ថាន​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ ថ្លែង​ក្នុង​សន្និសីទកាសែត​នេះ​ថា Civic chamber​ នៅមុន​ការបោះឆ្នោត​ ១ ថ្ងៃ មិនមាន​ការ​បំពាន​ទៅលើ​ច្បាប់ និង​វិធាន​នោះទេ​។ ដូច្នេះ យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​គឺមាន​ដំណើរ​ការល្អ​។

​លោក​ថ្លែង​តាមរយៈ​ការបកប្រែ​ថា​៖ «​នៅក្នុង​អំឡុង​ថ្ងៃ​បោះឆ្នោត ចំពោះ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត គឺ​បាន​ទៅ​បោះឆ្នោត​។​យើង​មិនឃើញ​មាន​បណ្ដឹង​។ យើង​មិនឃើញ​មាន​អំពើហិង្សា​ណាមួយ​។ អ្នកបោះឆ្នោត​គឺថា​រីករាយ សប្បាយ​ទៅ​ចូលរួម​បោះ​ឆ្នោត ហើយ​យើង​ឃើញ​បោះឆ្នោត​នៅ​ចំពោះមុខ​អ្នកសង្កេតការណ៍​នៅតាម​ស្ថានីយ​នីមួយៗ​។​យើង​មិនបាន ឃើញ​មាន​សញ្ញា​ណាមួយ​នៃ​ការ​គំរាមកំហែង ការ​សម្លុត​ទេ​»​។​

​លោក​លោក Andrey Maximov​ បាន​ថ្លែង​បន្តទៀតថា​៖ «​ការបោះ​ឆ្នោត​នេះ​គឺ​បាន​ដំណើរការ​ទៅដោយ​សុវត្ថិភាព ហើយ​យើង​សន្និដ្ឋានថា ការបោះឆ្នោត ដែល​បានរៀបចំ គឺ​ប្រកបដោយ​វិជ្ជាជីវៈ និង​មានការ​ផ្តួច​ផ្តើម​ដ៏​ល្អ ដែល​រៀបចំ​ដោ​យគ​.​ជ​.​ប​។ ចំនួន​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត គឺមាន​ច្រើន​។ យើង​ឃើញ​ដំណើរការ​ដោយមាន​តម្លាភាព​»៕