ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៤ កក្កដា បានប្រកាសឱ្យដឹងពីចំនួនសន្លឹកឆ្នោតមិនបានការដែលមានជាង ៤៤ ម៉ឺនសន្លឹក ប៉ុន្តែមិនបានឱ្យដឹងពីចំនួនសន្លឹកឆ្នោតដែលគូសខ្វែង និងក៏ពុំទាន់បានប្រកាសឱ្យដឹងពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននោះដែរ ខណៈដែលមានការផ្សព្វផ្សាយក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា (CPP) ឈ្នះបាន ១២០ អាសនៈ និងគណបក្សហ្វុិនស៊ិនប៉ិចឈ្នះបាន ៥ អាសនៈ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី ២៤ ខែកក្កដាថា សន្លឹកឆ្នោតក្នុងហិបសរុបមានចំនួន ៨ ២១២ ៤១១ សន្លឹក ក្នុងនោះសន្លឹកឆ្នោតបានការសរុបចំនួន ៧ ៧៧២ ៦១៥ សន្លឹក និងសន្លឹកឆ្នោតមិនបានការសរុបជាង ៤៤ ម៉ឺនសន្លឹក។
លោកបញ្ជាក់ថា៖ «សន្លឹកឆ្នោតមិនបានការនេះ មានចំនួនជាង ៤៤ ម៉ឺនសន្លឹក ស្មើនឹងប្រមាណជា ៤% ប៉ុណ្ណោះដែលចំនួននេះតិចជាង បើធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ ២០១៨»។ លោក សោម សូរីដា ថ្លែងទៀតថា ចំពោះសន្លឹកឆ្នោតដែលពលរដ្ឋគូសខ្វែងចោល គ.ជ.ប មិនដឹងចំនួនទេ គឺមានតែនៅកន្លែងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតប៉ុណ្ណោះដែលបានដឹង ពីព្រោះសន្លឹកឆ្នោតខ្វែងនេះ ត្រូវបានវេចខ្ចប់ ដាក់បញ្ចូលក្នុងកញ្ចប់ពិសេស (កញ្ចប់សុវត្ថិភាព «ក») ដែលមិនអាចធ្វើការបើកបាននោះទេ និងមិនមានបញ្ជាក់នៅក្នុងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតផងដែរ។
លោកនិយាយថា៖ «អ៊ីចឹង! សន្លឹកឆ្នោតមិនបានការ គឺជាសន្លឹកឆ្នោតមានគំនូសច្រើនលើសពី ១ សន្លឹកឆ្នោតមិនមានគំនូស សន្លឹកឆ្នោតគូសខ្វែង ឬប្រឡាក់ ធ្វើឱ្យបាត់ផ្នែកមួយនៃសន្លឹកឆ្នោតតាមកំណត់របស់ គ.ជ.ប។ យ៉ាងណាក៏ដោយ នៅក្នុងកំណត់ហេតុ យើងអត់បានធ្វើចំណាត់ថា្នក់សន្លឹកឆ្នោតមិនបានការនេះទេ»។
ទោះយ៉ាងណា គជប មិនទាន់ប្រកាសឱ្យដឹងពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដានេះ នៅឡើយទេ ប៉ុន្តែ បើយោងតាមការផ្សព្វផ្សាយតាមប្រព័ន្ធតេឡេក្រាមរបស់ឯកសារមន្ត្រីសាធារណៈ នៅយប់ថ្ងៃទី ២៣ ខែកក្កដា អះអាងថា នៅទូទាំងគណបក្សប្រជាជនកម្ពុជា ឈ្នះ ១២០ អាសនៈ និងគណបក្សហ្វុិនស៊ិនប៉ិច ឈ្នះ ៥ អាសនៈចំណែកគណបក្សចំនួន ១៦ ផ្សេងទៀតមិនទទួលបានអាសនៈទេ។
ប្រភពដដែលថា គណបក្សហ្វុិនស៊ិនប៉ិច ឈ្នះ ៥ កៅអី នោះមាននៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តកំពង់ធំ។ជុំវិញលទ្ធផលក្រៅផ្លូវការនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះប្រជាពលរដ្ឋខ្លះមានភាពស្ទាក់ស្ទើរក្នុងការចេញទៅបោះឆ្នោត ដោយសារតែមិនមានគណបក្សដែលខ្លួនស្រឡាញ់។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត ក៏មានការឆ្លាតវៃក្នុងការជ្រើសរើសគណបក្សលំដាប់ទី២ ផងដែរ គឺគណបក្សហ្វុិនស៊ិនប៉ិច។
លោកថ្លែងថា៖ «ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋ ជ្រើសរើសគណបក្សហ្វុិនស៊ិនប៉ិច ជាគណបក្សលំដាប់ទី ២ នេះ ក៏ពួកគាត់មិនចង់ឃើញរដ្ឋសភា មានតែ ១ គណបក្សនោះទេ។ ត្រង់ចំណុចនេះ ពួកគេ ចង់ឱ្យមានលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ប៉ុន្តែបើគិតពីសារនយោបាយរបស់គណបក្សនេះវិញក៏មិនមានទម្ងន់ដែរសម្រាប់ពលរដ្ឋ»។
លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាថ្ងៃទី ២៤ ខែកក្កដាថា យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ប្រកាសដោយ គ.ជ.ប គឺគណបក្សខ្មែររួបរួមជាតិ ពុំទាន់ទទួលបានសំឡេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡើយទេ។
លោកថា៖ «សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ យ៉ាងច្រើនកុះករ។ គណបក្សខ្មែររួបរួមជាតិ ខិតខំព្យាយាមតស៊ូក្នុងវិស័យនយោបាយបន្តទៀត ដើម្បីបុព្វហេតុកម្ពុជា និងប្រជាពលរដ្ឋ ជាចម្បងទី១»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នាថ្ងៃទី ២៤ កក្កដា ប៉ុន្តែតាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុនៅបរទេស ១ នាយប់ថ្ងៃទី ២៣ ខែកក្កដា លោកបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនលើសលប់បាននាំគ្នាទៅបោះឆ្នោតដោយមានរបៀបរៀបរយ និងមានឆន្ទៈមោះមុតក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាមួយគ្នានោះដែរ លោកក៏បានថ្លែងបញ្ជាក់ផងដែរថា ៖ «តាមគោលការណ៍ច្បាប់អ្នកដែលប្រើសិទ្ធិរបស់គាត់លើការគូសសន្លឹកឆ្នោតអត់ខុសទេ ទោះជាគូសត្រូវ ឬគូសមិនត្រូវក៏ដោយ ប៉ុន្តែអ្នកដែលញុះញង់ឱ្យគេគូសបំផ្លាញសន្លឹកឆ្នោតគឺជាអ្នកមានទោស។ អ៊ីចឹង! គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា នៅថ្ងៃទី ២៣ ខែកក្កដា ប្រជាពលរដ្ឋកម្ពុជាប្រុសស្រី ដែលមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៤%។ នេះជាភាគរយខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៣ មក។
លោកបានបញ្ជាក់ថា៖ «ភាគរយនៃអ្នកចេញទៅបោះឆ្នោតដ៏ខ្ពស់នេះបង្ហាញថា ពលរដ្ឋកម្ពុជាជ្រើសរើសយកការប្រើប្រាស់សិទ្ធិជាជាងការជាន់ឈ្លីសិទ្ធិរបស់ខ្លួន, យកប្រជាធិបតេយ្យជាជាងអនាធិបតេយ្យ, យកការស្រឡាញ់សន្លឹកឆ្នោត ជាជាងការបំផ្លាញសន្លឹកឆ្នោត, យកសន្តិភាព ជាជាងភាពចលាចលសង្គម និងជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ជាជាងគណបក្សផ្សេង»។
លោក គិន ភា បន្តថា ៖ «និយាយរួម គឺប្រជាពលរដ្ឋបន្តជ្រើសរើសយកសម្តេចតេជោ ហ៊ុន សែន បដិសេធ លោក សម រង្ស៊ី។ លោក សម រង្ស៊ី រងភាពអាម៉ាស់យ៉ាងដំណំក្នុងល្បែងភ្នាល់ដែលខ្លួនឯងបង្កើតឡើងតាមរយៈការប្រកាសឱ្យប្រជាពលរដ្ឋពហិការការបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោតដោយចាត់ទុកថា ជាអ្នកនៅខាងខ្លួន»។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ នៅល្ងាចថ្ងៃទី ២៣ ខែកក្កដា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយទាំងអស់ បន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយពេលបោះឆ្នោត និងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការ។ លោកបានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ នេះ ប្រព្រឹត្តទៅដោយជោគជ័យ សន្តិសុខ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។
លោក ប្រាជ្ញ ចន្ទ បន្តថា ៖«ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមបន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយពេលបោះឆ្នោត និងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការដែលចេញដោយ គ.ជ.ប»។ បើតាមលោក ប្រាជ្ញ ចន្ទ លទ្ធផលនៃការបោះឆ្នោតផ្លូវការនឹងប្រកាសនៅចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣៕