ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) នាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ (Guinea-Bissau) ដោយបានជជែកពីគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ ទាំងកិច្ចសហការវិនិយោគ និងវិស័យនានា។
ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងនៅល្ងាចនៅថ្ងៃទី ២៣ ខែកក្កដា បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ នេះបើយោងតាមលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក ស្រ៊ី ថាមរុង្គ ថ្លែងថា ក្នុងជំនួបនេះ លោកហ៊ុនសែន ថ្លែងអំណរគុណលោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាដោយផ្ទាល់។
លោកបន្តថា៖ «សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចចង់មានកិច្ចព្រមព្រៀងលើឯកសារនានាមួយចំនួន ជាពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម វិស័យវិនិយោគនិងកិច្ចព្រមព្រៀងដទៃទៀតដែលអាចធ្វើទៅបាន នៅអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្គីណេប៊ីស្សូនៅថ្ងៃខាងមុខ»។
ក្រៅពីនេះ អំឡុងពេលពិសាអាហារពេលល្ងាចក្រៅផ្លូវការរួមជាមួយគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចការងារ និងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា លោក ហ៊ុន សែន បានបង្ហើបពីការរៀបចំអ្នកបន្តវេនក្នុងជួររដ្ឋាភិបាលថ្មីរបស់កម្ពុជាក្រោយការបោះឆ្នោតនេះ ខណៈនាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូសន្យាថា នឹងខិតខំធ្វើការជាមួយរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន។ នេះបើតាមលោក ស្រ៊ី ថាមរុង្គ។
ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ២៤ ខែកក្កដា នាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ផងដែរ ខណៈលោកស ខេង ចាត់ទុកការអញ្ជើញមកសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់របស់លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម ថា ជាការផ្តល់តម្លៃដល់ការបោះឆ្នោតសកលឆ្នាំ ២០២៣ របស់កម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងបន្ថែមទៀត លើទំនាក់ទំនងទ្វេភាគីប្រទេសទាំង ២ ដែលមានថ្មីថ្មោង។
យោងតាមហ្វេសប៊ុកលោក ស ខេង បានឱ្យដឹងថា ភាគីទាំង ២ បានបង្ហាញពីការគាំទ្រគ្នាលើការតភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍រវាងកងកម្លាំងនៃប្រទេសទាំង ២ លើសន្តិសុខនិងសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
លោក ស ខេង លើកឡើងថា៖ «ស្ថានភាពជារួមមានភាពល្អប្រសើរចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២៣ ខែកក្កដា ហើយឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ»។
លោកបានបន្ថែមថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយដោយលោកចាត់ទុកភាពវិជ្ជមាននិងរីកចម្រើននេះ ថាដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូបានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចកម្ពុជា តបតាមការអញ្ជើញរបស់លោក ហ៊ុន សែន និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាឆ្នាំ ២០២៣។ បើយោងតាមរយៈហ្វេសប៊ុក លោក ស ខេង លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានប្រាប់លោក ស ខេង ថា ចាប់តាំងពីពេលមកដល់កម្ពុជា លោកបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីស្សូដែរ។
លោកបានបញ្ជាក់ថា លោកក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរ អំពីការបោះឆ្នោតនៅកម្ពុជាពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាសម្លឹងមើលឃើញពីសារៈសំខាន់ ដែលកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសនានាមិនថា ប្រទេសអ្នកមានឬប្រទេសក្រីក្រ ជាក់ស្តែងប្រទេសហ្គីណេប៊ីស្សូនេះស្រាប់។
លោកនិយាយថា៖ «យើងបានបង្ហាញពីកិច្ចសហប្រតិបត្តិការដែលមិនមានការរើសអើង បើកទូលាយ មិនចំពោះមានឬក្រទេ យើងក៏ធ្លាប់ជាប្រទេសក្រនោះដែរ។ កម្ពុជាយល់ពីចំណុចនេះ កម្ពុជាមិនអាចរើសអើងនោះទេ។ នេះជាការគាំពារគ្នាក្នុងកិច្ចការអន្តរជាតិដែលមិនចាំបាច់ប្រទេសមាន ឬក្រឡើយ»។
លោក យង់ ពៅ បញ្ជាក់ថា ការពង្រីកទំនាក់ទំនងការទូតពិតជាសំខាន់ ដែលអាចជួយកម្ពុជានៅលើឆាកអន្តរជាតិបានតួយ៉ាងការបោះឆ្នោតគាំទ្រក្នុងយន្តការអង្គការសហប្រជាជាតិ។ ទិដ្ឋភាពនេះនឹងធ្វើឱ្យកម្ពុជាកាន់តែបើកទូលាយក្នុងកិច្ចការអន្តរជាតិ ខណៈកម្ពុជាមិនត្រូវកំណត់ខ្លួនតែក្នុងតំបន់អាស៊ាន ឬអាស៊ីនោះទេ។
គួរជម្រាបថា លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជារយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងចូលរួមសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕