ភ្នំពេញៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី ២៣ ខែកក្កដា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នេះជាការឆ្លើយតបទៅនឹងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានលើកឡើងថា ការបោះឆ្នោតនេះសហរដ្ឋអាមេរិកមានការរំខានចិត្ត គ្មានភាពយុត្តិធម៌ និងសេរី។
កាលពីថ្ងៃទី ២៣ ខែកក្កដាលោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបោះឆ្នោតនៅកម្ពុជា ដោយលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្ត ដោយការបោះឆ្នោតជាតិនៅកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គ្មានភាពយុត្តិធម៌ និងសេរី ដោយហេតុនៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា៖ «សកម្មភាពទាំងនេះមិនអាចធ្វើឱ្យប្រជាជនកម្ពុជាមានសំឡេង និងជម្រើសក្នុងការកំណត់អនាគតនៃប្រទេសរបស់គេបាន»។
ឆ្លើយតបការលើកឡើងនេះ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៤ ខែកក្កដា ថា ភាពសេរី និងយុត្តិធម៌ គឺសំដៅទៅលើការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោត មានន័យថា ការអនុវត្តឱ្យបានត្រឹមត្រូវ ដោយយកមូលដ្ឋានច្បាប់គតិយុត្តទាំងអស់មកអនុវត្តដោយត្រឹមត្រូវនោះហើយគឺជាដំណើរការរៀបចំការបោះឆ្នោតមួយដែលមានភាពសេរី និងយុត្តិធម៌។
លោកថ្លែងថា៖ «ចំពោះការលើកឡើងអំពីការគំរាមកំហែង ឬក៏ការធ្វើទុក្ខបុកម្នេញ ការយាយី ទៅលើគណបក្សប្រឆាំងការបោះឆ្នោតនៅកម្ពុជាអត់មានគណបក្សប្រឆាំង ឬគណបក្សកាន់អំណាចនោះទេ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ មានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨»។
លោក សោម សូរីដា ពន្យល់ថា គណបក្សទាំង ១៨ នេះ គឺបានបំពេញលក្ខខណ្ឌសម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានត្រឹមត្រូវនោះទើបទទួលបានការចុះបញ្ជីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាផ្លូវការ។ ការធ្វើសកម្មភាពរបស់ គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្នុងសកម្មភាពឃោសនារយៈពេល ២១ ថ្ងៃត្រូវបានមតិជាតិ និងអន្តរជាតិធ្វើការវាយតម្លៃថាប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ បរិយាកាសនេះគឺកើតមានទាំងមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
លោកអគ្គលេខាធិការរង គ.ជ.ប បន្ថែមថា៖ «ក្នុងស្ថានភាពបែបនេះគេអាចធ្វើការវាយតម្លៃបានថា ដំណើរការបោះឆ្នោតនៅកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ គឺ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ក្នុងបរិយាកាសសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង»។
លោក សោម សូរីដា លើកឡើងទៀតថា ប្រជាពលរដ្ឋជិត ៨៥ ភាគរយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខញញឹមរីករាយ។ ពួកគេមានសុទិដ្ឋិនិយមថាសន្លឹកឆ្នោតរបស់ពួកគេបោះគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដែលពិតជារកបានត្រឹមត្រូវ។ នេះគឺជាអ្វីដែលជាការកត់សម្គាល់របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ គ.ជ.ប ក៏មានមោទនភាពចំពោះកិច្ចការ ដែលប្រជាជាតិកម្ពុជាទទួលបានដែលជាសមិទ្ធផលដ៏ធំនោះគឺលទ្ធផលនៃការបោះឆ្នោត ដែលទទួលស្គាល់ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា នេះគឺជាទស្សនៈផ្អែកទៅលើភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដោយសារសហរដ្ឋអាមេរិកមិនបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតនេះទេ រីឯស្ថាប័នអន្តរជាតិដែលមកសង្កេតការណ៍នៅកម្ពុជាដែលមានចំនួន រាប់រយនាក់គឺបានវាយតម្លៃខុសពីសេចក្តីថ្លែងការណ៍នេះ។
លោកថ្លែងថា៖ «អ៊ីចឹង សហរដ្ឋអាមេរិក វាយតម្លៃនេះ តាមខ្ញុំយល់គឺ ផ្អែកទៅលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ ដូចអ្វីដែលសហរដ្ឋអាមេរិក តែងតែវាយតម្លៃរឿងផែទឹកជ្រៅរាមអ៊ីចឹង។ អ៊ីចឹងនេះ វាដូចតែគ្នាហ្នឹង ហើយខ្ញុំមិនឯកភាពតាមហ្នឹងទេ ពីព្រោះមានការប្រកួតប្រជែង ដោយស្វិតស្វាញ ហើយមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត [ជាង] ៨៤ ភាគរយ ធៀបនឹងបញ្ជីក្នុង គ ជ. ប ហើយក្នុងហ្នឹង ដូចជាមានគណបក្សផ្សេងទទួលបានអាសនៈដែរ ក្រៅពីគណបក្សប្រជាជនកម្ពុជា។ ប្រជាជនទៅបោះឆ្នោតមាននរណាទៅបង្ខិតបង្ខំ ដើរភ្ជង់កាំភ្លើងឯណា! គេទៅបោះឆ្នោតដោយរីករាយ»៕