ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍បាននិងកំពុងផ្តោតខ្លាំងលើសកម្មភាពអាទិភាពចំនួន ៣ ដើម្បីកសាងធនធានមនុស្សក្នុងវិស័យឌីជីថល សំដៅឈានទៅពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សា។
ការលើកឡើងនេះ ត្រូវបានបង្ហាញនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតមូលដ្ឋានរបស់និស្សិតនៃមូលនិធិសូហ្វវែរកូរ៉េសម្រាប់ជំនួយជាសកល (KSGA) កាលពីចុងសប្តាហ៍កន្លងទៅ។
នៅក្នុងឱកាសនោះ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកវិស័យឌីជីថល ក្រសួងមានការទទួលខុសត្រូវខ្ពស់ចំពោះការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការចាប់យកឌីជីថលក្នុងក្រសួងស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល។
លោកបានបន្តថា ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលដើម្បីពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សាឱ្យចាប់អារម្មណ៍ និងជ្រើសរើសជំនាញឌីជីថលជាយានឆ្ពោះទៅអាជីពការងារនាពេលអនាគត និងដើម្បីបំពេញតម្រូវការអ្នកជំនាញបច្ចេកវិទ្យាឥតឈប់ឈរ។
លោក សូ វិសុទ្ធី បានបញ្ជាក់ថា៖ «ក្រសួង បាននិងកំពុងផ្តោតខ្លាំងលើសកម្មភាពអាទិភាពចំនួន ៣ ដើម្បីកសាងធនធានមនុស្សក្នុងវិស័យឌីជីថល រួមមាន៖ ១. នៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ក្រសួងបានផ្តួចផ្តើមបង្កើតកម្មវិធីជាច្រើនដូចជា កម្មវិធីអនាគតបញ្ញវន្តឌីជីថល និងកម្មវិធី Technovation ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ជំរុញការចាប់យកឌីជីថល និងប្រកួតប្រជែងនានា»។
លោកបានបន្តថា៖ «ទី២ នៅកម្រិតវិទ្យាល័យ ក្រសួងក៏បានចាប់ផ្ដើមរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងតភ្ជាប់បណ្តាញខ្សែកាបអុបទិក និងអ៊ីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ ២០២៧ ដោយចាប់ផ្តើមដំបូងចេញពីខេត្តតាកែវ និងកម្មវិធីប្រកួតប្រជែងបញ្ញវន្តឌីជីថល»។
ចំណែកទី៣ លោកថា នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យដែលបម្រើដល់ការងារប្រចាំថ្ងៃ និងការសិក្សារបស់និស្សិតក្នុងករណីមានការស្នើសុំពីគ្រឹះស្ថានឧត្តមសិក្សានានា។
ទាក់ទងនឹងចំណុចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា នៅថ្ងៃទី ២៤ ខែកក្កដា បានគាំទ្រសកម្មភាពអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជាដោយលោកថា ការបង្កើនការយកចិត្តទុកដាក់លើវិស័យឌីជីថលចាប់ពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សាគឺរឿងសំខាន់ដើម្បីកសាងធនធានមនុស្សឆ្នើមលើវិស័យនេះនាពេលអនាគត។
លោកបានថ្លែងថា៖ «គុណតម្លៃនៃវិស័យឌីជីថល ពិតជាជំរុញឱ្យយុវជន ពិសេសសិស្សានុ-សិស្សកម្ពុជា ទទួលបានឱកាសការងារល្អថែមទៀត ហេតុនេះខ្ញុំយល់ថា ការកសាងធនធានមនុស្ស គឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាកាន់តែខ្លាំង»។
បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រៅពីសកម្មភាពអាទិភាពទាំង ៣ នេះ ក្រសួងក៏បានអះអាងទៀតថា បច្ចុប្បន្នក្រសួងក៏បានគិតគូរអំពីការកសាងធនធានមនុស្សឆ្នើមក្នុងយុគសម័យឌីជីថលតាមរយៈកម្មវិធី ២ ទៀតផងដែរ។
កម្មវិធីនោះ គឺកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ(Techo Digital Talent Scholarship) ដែលបច្ចុប្បន្នមាននិស្សិតសរុបចំនួន ៥០៨ នាក់ ដែលកំពុងសិក្សានៅគ្រឹះស្ថានជាដៃគូចំនួន ៥ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (Digital Skill Development Program) ដែលកំពុងរៀបចំនិងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ៕